កីឡាអន្តរជាតិ
អន្តរជាតិ
ស្តេច​​ម៉ាឡេស៊ីថ្មី Abdullah ជា​អ្នកគាំទ្រ Arsenal​ ងប់​ង​ល់
01, Feb 2019 , 4:38 pm        
រូបភាព
ស៊ុលតង់ Abdullah អំឡុងពេលទ្រង់ឡើងសោយរាជ្យជាមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី
ស៊ុលតង់ Abdullah អំឡុងពេលទ្រង់ឡើងសោយរាជ្យជាមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី
​មហាក្សត្រ​ថ្មី​របស់​ម៉ាឡេស៊ី ស៊ុ​លត​ង់ Abdullah Sultan Ahmad Shah ជា​អ្នកគាំទ្រ​ក្រុម Arsenal ដ៏​ងប់​ង​ល់​ម្នាក់ ហើយ​ទ្រង់​ចូលចិត្ត​របៀប​លេង​របស់ Thierry Henry បំផុត​។ បច្ចុប្បន្ន​ទ្រង់​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​ទ្វីបអាស៊ី និង​ជា​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ផងដែរ​។​

 
​ស៊ុ​ល​តង់​រដ្ឋ​ប៉ាហាំង Abdullah បាន​ឡើង​គ្រងរាជ្យ​ជា​មហាក្សត្រ​ម៉ាឡេស៊ី​ផ្លូវការ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ បន្ទាប់ពី​មហាក្សត្រ Sultan Muhammad V ដាក់រាជ្យ​។ ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី មហាក្សត្រ​ថ្មី ត្រូវ​ជ្រើសរើស​ចេញពី​ស៊ុ​ល​តង់​នៃ​រដ្ឋ​នានា​របស់​ប្រទេស​តាម​គោលការណ៍​វិលជុំ​។ ដោយសារ​ស៊ុ​លត​ង់ Muhammad V មកពី​រដ្ឋ​កេ​ឡាន់​តាន់ មហាក្សត្រ​ថ្មី​របស់​ម៉ាឡេស៊ី ត្រូវ​ដល់​វេន​ស៊ុ​ល​តង់​រដ្ឋ​ប៉ាហាំង​វិញ​ម្ដង​។​
 
​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ស៊ុ​លត​ង់​ថ្មី Abdullah ជា​អ្នក​ចូលចិត្ត​វិស័យ​កីឡាករ​ម្នាក់ ហើយ​ជាពិសេស​គឺ​កីឡាបាល់ទាត់​តែម្តង​។ ព្រះ​អង្គជា​អ្នកគាំទ្រ​ដ៏​ងប់​ង​ល់​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​ក្របខណ្ឌ Premier League​។ កាល​នៅ​សិក្សា​ក្នុង​ទីក្រុង​ឡុង​ដ៍ ទ្រង់​តែង​ទៅ​ទស្សនាការ​ហ្វឹកហាត់ និង​ការប្រកួត​របស់​ក្រុម​នេះ​ជា​ញឹកញាប់​។ 
 
​ព័ត៌មាន​ទាំងនេះ​គឺ​បានផ្តល់​ពី​លោក Abd Rahman Endut អាយុ ៦៥​ឆ្នាំ ដែលជា​ពិធីការ​ផ្ទាល់ និង​ជាម​ន្ត្រី​ជំនិត​របស់​ស៊ុ​លត​ង់ Abdullah Sultan Ahmad Shah ដែល​តាម​បម្រើ​ទ្រង់​តាំងពី​ឆ្នាំ​១៩៧៤​មក​។ 
 
«​ក្រុម​ដែល​ទ្រង់​ស្រលាញ់​គឺ Arsenal ។ បើ​អ្នក​និយាយ​ពី​កីឡាករ​ដែល​ទ្រង់​ពេញចិត្ត​ពេញ​ថ្លើម និង​តែង​តាមដាន​ទស្សនា​នោះ​គឺ​អតីត​ខ្សែប្រយុទ្ធ​បារាំង Thierry Henry និង​អតីត​អ្នកចាំទី​លោក Pat Jennings ព្រោះ​ទ្រង់​ចូលចិត្ត​របៀប​លេង​របស់​អ្នក​ទាំងពីរ​ណាស់​»​។ លោក​ពិធី​ការនិយាយ​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Bernama​។​
 
​មហាក្សត្រ​ម៉ាឡេស៊ី​ថ្មី​ដែលមាន​ព្រះជន្ម ៥៩ វស្សា ក៏​ធ្លាប់ជា​អតីត​ប្រធាន​សមាគម​កីឡាបាល់ទាត់​ម៉ាឡេស៊ី​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧​។ ហើយ​បច្ចុប្បន្ន​ទ្រង់​ជា​ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​ទ្វីបអាស៊ី និង​ជា​សមាជិក​ប្រតិបត្តិ​របស់ FIFA ផងដែរ​។ លោក Abdul Razak Mohd Kirir អតីត​មិត្ត​រួម​ក្រុមកីឡា​បាល់ទាត់​រប​ស៊ុ​លត​ង់ Abdullah នេះ ធ្លាប់​សរសើរ​ថា ទ្រង់​ជា​កីឡាករ​ដែ​មានការ​ផ្ដោតអារម្មណ៍ និង​យុទ្ធសាស្ត្រ​ជា​ប្រព័ន្ធ​៕

Tag:
 បាល់ទាត់​
  ម៉ាឡេស៊ី​
  Arsenal
  Abdullah Sultan Ahmad Shah
© រក្សាសិទ្ធិដោយ thmeythmey.com