កីឡាអន្តរជាតិ
អន្តរជាតិ
មុនជំនួបផ្តាច់ព្រ័ត្រ Asian Cup ប្រធានក្រុមជប៉ុនចង់ឲ្យ AFC ព្យួរកីឡាករសំខាន់កាតាពីររូប
× ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន Maya Yoshida បានព្រមានថា បញ្ហានៅក្នុង និងក្រៅទីលាននៃព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ នឹងធ្វើឲ្យមានភាពអាម៉ាស់ធ្ងន់ធ្ងរ ខណៈក្រុមសាមូរ៉ៃត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយកាតា នៅយប់ថ្ងៃទី ១ ខែកុម្ភៈ វេលាម៉ោង ៩:០០នាទី [ម៉ោងនៅកម្ពុជា]។
ខ្សែការពារ Southampton នៃលីគកំពូលអង់គ្លេសរូបនេះ បានអំពាវនាវដល់អ្នករៀបចំការប្រកួតនេះឲ្យដោះស្រាយបញ្ហាឲ្យបានឆាប់រហ័សជុំវិញអំពើមិនគប្បីដែលកើតឡើងកន្លងមក ហើយទង្វើទាំងនោះនឹងជះឥទ្ធិពលអាក្រក់ដល់កេរ្តិ៍ឈ្មោះបាល់ទាត់អាស៊ី។
ការអំពាវនាវរបស់ Yoshida ធ្វើឡើងស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាស្ថាប័ននេះបានទទួលលិខិតតវ៉ាមួយពីភាគីម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួមដោយចោទកីឡាកររបស់កាតាពីររូបថាមិនមែនជាប្រជាតិរបស់ប្រទេស និងមិនគួរអនុញ្ញាតឲ្យចូលលេងឡើយ ។
ពាក្យបណ្តឹងនោះគឺសំដៅទៅលើខ្សែប្រយុទ្ធមុតស្រួចរបស់កាតា Almoez Ali វ័យ ២២ឆ្នាំ ដែលកើតនៅប្រទេសស៊ូដង់ និងខ្សែការពារ Bassam Al Rawi វ័យ២១ឆ្នាំ កើតនៅអ៊ីរ៉ាក់ ហើយករណីនេះ ខាង AFC ក៏កំពុងបើកការស៊ើបអង្កេតផងដែរ។
ខ្សែការពារសញ្ជាតិជប៉ុន វ័យ៣១ឆ្នាំលើកឡើងថា៖«ខ្ញុំគិតថា AFC គួរតែដាក់ពិន័យ ឬក៏ព្យួរកីឡាករទាំងពីរសិន។ ប្រសិនបើការប្រកួតនេះត្រូវបានចាក់ផ្សាយទូទាំងពិភពលោកអ្នកមិនចង់ឃើញអ្វីដែលអំពើមិនគម្បីនោះទេ»។
«យើងតំណាងឱ្យទ្វីបអាស៊ី ដូច្នេះវាសំខាន់ណាស់ក្នុងការតំណាងឲ្យអាស៊ីតាមរយៈការលេងបាល់ទាត់ល្អ និងលេងដោយយុត្តិធម៌»។ Yoshida បន្ថែមដូច្នេះ។
ជប៉ុន និងកាតានឹងត្រូវតទល់គ្នាក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពាន Asian Cup លើកទី១៧នេះ។
កាតាដែលត្រៀមធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ បានបង្ហាញទម្រង់លេងដ៏អស់ស្ចារ្យដោយមិនមានក្រុមណាអាចស៊ុតបញ្ចូលទីពួកគេបានមួយគ្រាប់នៅឡើយទេ (Clean Sheets) និងឈ្នះគ្រាប់ការប្រកួតទាំងអស់ ពោលគឺតាំងពីវគ្គចែកពូលរហូតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កាតាមានឱកាសបង្ហាញពិភពលោកនៅពេលនេះថា ខ្លួនកំពុងរីកចម្រើនក្នុងវិស័យកីឡាបាល់ទាត់ ដោយធ្វើយ៉ាងណាដណ្តើមពាននេះឲ្យបាន ដ្បិតពីមុនមកពួកគេមិនធ្លាប់ឡើងដល់វគ្គនេះឡើយ។
ដោយឡែកជប៉ុនវិញ បើទោះពួកគេកំពុងរក្សាតំណែងជើងឯក Asian Cup ច្រើនជាងគេរហូត៤ដងក្តី ប៉ុន្តែពួកគេនឹងព្យាយាមរកជ័យជម្នះទី៥របស់ខ្លួនដើម្បីទទួលកំណត់ត្រាថ្មីថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com