ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ភ្នំ​បាខែង​នៅតែ​ជា​កន្លែង​ពេញនិយម​របស់​ទេសចរ​ក្នុង​ការមើល​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​
02, Feb 2019 , 1:03 pm        
រូបភាព
សៀមរាប​៖ ដ្បិតថា នាពេល​បច្ចុប្បន្ននេះ​មាន​កន្លែង​ជាច្រើន​ដែល​អាច​មើល​ថ្ងៃ​លិច​បាន​ក៏ពិតមែន តែ​ភ្នំ​បាខែង ដែល​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ នៅតែ​ជា​កន្លែង​ដ៏​ពេញនិយម​របស់​ភ្ញៀវទេសចរ ដែល​ប្រាថ្នា​ចង់​មើល​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត ពិសេស​នា​រដូវប្រាំង​នេះ​។ ថ្ងៃ​លិច បាន​ចាំង​ឆ្លុះស្រមោល​ខ្មៅ លាយ​ពណ៌​មាស​លើ​កំពូលភ្នំ​បាខែង ដែលមាន​ភ្ញៀវទេសចរ​រាប់សិប​នាក់ អង្គុយ និង​កាន់​កាំ​មេ​រ៉ា​ស្ទើរ​គ្រប់​ដៃ ចាំ​ផ្តិត​រូបភាព​ទាំងនោះ​ដោយ​មិន​ជិនណាយ​។

 
​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ដោយ​ថ្មើរជើង​ក៏បាន និង​ដោយ​មធ្យោបាយ​ជិះ​ដំរី​ក៏បាន ដើម្បី​ទៅដល់​កំពូលភ្នំ​បាខែង​។ នៅ​កំពូលភ្នំ​នេះ​មាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​ជាច្រើន​កន្លែង ក្រៅពី​ចំណុច​មើល​ថ្ងៃ​លិច​នៅ​កំពូល​ប្រាសាទ​។ ជាទូទៅ ភ្ញៀវទេសចរ​សរុប​ពី ៣​ទៅ​៤​ពាន់​នាក់ ដែល​បាន​តម្រង់​ជួរ​ចាំ​លើ​ភ្នំ​បាខែង ដើម្បី​បាន​មើល​ថ្ងៃ​រះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​នាពេល​កន្លងមក​។ គោលការណ៍​នេះ​បានចាប់ផ្តើម​អនុវត្តន៍ នៅពេល​មាន​ការដ្ឋាន​ជួសជុល​ប្រាសាទភ្នំបាខែង​ក្នុងអំឡុង​ឆ្នាំ​២០១៦ ដោយ​អ្នកជំនាញ​បារម្ភ​ពី​ហានិភ័យ​ផ្សេងៗ​ដល់​ភ្ញៀវទេសចរ ជាមួយនឹង​ការដ្ឋាន​ដែល​កំពុង​ជួសជុល​។​
 
 
​នៅ​ភ្នំ​បាខែង ក្រៅពី​គយគន់​ថ្ងៃ​លិច​ហើយ​នោះ ភ្ញៀវទេសចរ​ក៏​អាច​មើលឃើញ​ទិដ្ឋភាព​ផ្សេងៗ​នៅ​ជុំវិញ​នោះ​ផងដែរ រួមមាន​ក្រុង​សៀមរាប បារាយណ៍​ទឹក​ថ្លៃ ប្រាសាទអង្គរវត្ត ប្រាសាទបក្សីចាំក្រុង និង​ព្រលានយន្តហោះ​ខេត្តសៀមរាប​ជាដើម​។​ល​។ សព្វថ្ងៃ ក្រៅពី​ភ្នំ​បាខែង ភ្ញៀវទេសចរ​មួយចំនួន​ក៏​ចាប់អារម្មណ៍​ទៅនឹង​ការមើល​ថ្ងៃ​លិច​នេះ​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ ស្រះស្រង់ ប្រាសាទប្រែរូប និង​តំបន់ភ្នំ​ក្រោម​។​ល​៕
 








© រក្សាសិទ្ធិដោយ thmeythmey.com