ជាតិ
សង្គមជាតិ
កម្មវិធី​ទូរស័ព្ទ «​ទី​ចងចាំ​» នឹង​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ យល់ដឹង​អំពី​រឿងរ៉ាវ​ខ្មែរក្រហម​
02, Feb 2019 , 1:54 pm        
រូបភាព
រូបពីហ្វេសប៊ុក DMC
រូបពីហ្វេសប៊ុក DMC
​ភ្នំពេញ​៖  កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​ថ្មី​មួយ​នៃ​គម្រោង ទី​ចងចាំ ឬ Mapping Memories Cambodia (MMC) ដែល​និយាយ​ពី​រឿងរ៉ាវ​នៅ​សម័យ​ខ្មែរក្រហម និង​ការផ្សារភ្ជាប់​ទីតាំង​សំខាន់ៗ​នៅលើ​ផែនទី​កម្ពុជា នឹងត្រូវ​ដាក់​សម្ពោធ នា​ថ្ងៃទី​០២ ខែកុម្ភៈ  ឆ្នាំ​២០១៩ នេះ​។ កម្មវិធី​នេះ នឹង​ជំរុញ​ឲ្យ​យុវជន​យល់ដឹង​ពី​រឿងរ៉ាវ​ខ្មែរក្រហម​កាន់តែច្បាស់​។ 

​កញ្ញា ចាន់ មុយ​ហុង ប្រធាន​គម្រោង បាន​លើកឡើងថា គម្រោង​ទី​ចងចាំ ឬ Mapping Memories Cambodia (MMC) ធ្វើឡើង ដើម្បី​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ប្រើប្រាស់ បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ  អាច​សិក្សា​ស្រាវជ្រាវ​អំពី​រឿងរ៉ាវ​ខ្មែរក្រហម ព្រមទាំង​បង្កើត​ការសន្ទនា​អំពី ប្រវត្តិសាស្ត្រ ខ្មែរក្រហម​ក្នុងចំណោម​យុវជន និង​ក្រុមគ្រួសារ​។ 
 
​កម្មវិធី​សម្ភោ​ធ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) នៃ​សាកល​វិទ្យា​យ​ល័យ​ភូមិន្ទ​ភ្នំពេញ ចាប់ពី​ម៉ោង​៤:៣០​ល្ងាច​ដល់​៨:០០​យប់​។ កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក លោក សោម រតនា សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, លោកស្រី Julia Ilse អ្នកសម្របសម្រួល​សេវា​សន្តិភាព​ស៊ីវិល (​ស៊ី​.​ភី​.​អេស​.) នៃ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់ (GIZ), លោក ឆាំង យុ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-CAM) ភ្ញៀវកិត្តិយស ព្រមទាំង​សាស្ត្រាចារ្យ​, និ​ស្ស និង​សារ​ធា​រណៈ​ជន​ផងដែរ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា​។ 
 
​គួររម្លឹកថា ក្នុង​ឆ្នាំ​សិក្សា ២០១៨ និស្សិត​ជំនា​ន់ទី​១៥ និង​ទី​១៦ នៃ​ដេ​ប៉ា​តឺ​ម៉​ង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ បាន​ផលិត​បទ​យកការណ៍​វិទ្យុ ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី កម្រង​រូបភាព និង​អត្ថបទ​ព័ត៌មាន ស្តីពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​សម័យ​ខ្មែរក្រហម ហើយ​ពួកគេ​បាន​ចុះ​ស្រាវជ្រាវ ផ្ទាល់​នៅនឹងកន្លែង ព្រមទាំង​បាន​សម្ភាស អ្នក​នៅ​រស់រានមានជីវិត​ពី​របប​នោះ​។  
 
​ប្រធាន​គម្រោង​រូបនេះ​បាន​បន្តថា សារ​ធារ​ណៈ​ជន​ក៏​អាច​ចូល​ទស្សនា ស្តាប់ និង​អាន សាច់រឿង​ទាំងអស់​ជា​ភាសា​ខ្មែរ ឬ អង់គ្លេស តាមរយៈ​គេហទំព័រ mappingmemoriescambodia.com ឬ​កម្មវិធី​ទូរស័ព្ទ ទី​ចងចាំ ឬ Mapping Memories Cambodia (MMC)  ។ ហើយក៏​អាច​ទាញយក​បាន​ទ​នៅលើ App Store និង​នៅលើ Google Play Store បាន​ផងដែរ ។ 
 

Tag:
 ភួង វ៉ាន់​ថា
© រក្សាសិទ្ធិដោយ thmeythmey.com