អន្តរជាតិ
​បច្ចេកវិទ្យា
តើ​ទូរទស្សន៍​មាន​ដើមកំណើត​យ៉ាងដូចម្តេច​?
02, Feb 2019 , 8:19 pm        
រូបភាព
ព័ត៌មាន កម្មវិធី​កម្សាន្ត ពាណិជ្ជកម្ម និង​ពិធី​ប្រារព្ធ​គ្រប់បែបយ៉ាង​ត្រូវបាន​ប្រជាជន​យ៉ាង​ងាយស្រួល​តាមរយៈ​ទូរទស្សន៍​ក្នុងផ្ទះ ក្នុង​ភោជនីយដ្ឋាន និង​កន្លែងធ្វើការ​។​ល​។ ប៉ុន្តែ​ឧបករណ៍​ដ៏​សាមញ្ញ​មួយ​នេះ មាន​ប្រវត្តិ​យ៉ាង​អស្ចារ្យ​នៃ​ការស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​។

 
​យោងតាម​គេហទំព័រ bebusinessed.com នៅ​អំឡុង​ឆ្នាំ​១៨០០ ទូរទស្សន៍​មេកានិច​ដំបូង​ត្រូវបាន​គេ​បង្កើតឡើង​។ វា​គ្រាន់តែ​អាច​បង្ហាញ​រូបភាព​នឹងថ្កល់​ប៉ុណ្ណោះ និង​មាន​លក្ខណៈ​បុរាណ​មែនទែន​។ ដល់​ឆ្នាំ​១៩២០ អ្នកជំនាញ​ពីរ​នាក់ គឺ​លោក John Logie Baird ជនជាតិ​ស្កុ​តឡែ​ន និង​លោក Charles Francis Jekins ជនជាតិ​អាមេរិក​បាន​បង្កើត​ទូរទស្សន៍​មេកានិច ដោយ​ប្រើប្រាស់​ដុំ​ដែករ​ង្វិ​ល មាន​ប្រហោង​ចោះ​ជា​រាង​រង្វង់​។ 
 
​ទោះបីជា​បច្ចេកវិទ្យា​នេះ​មិនទាន់មាន​ភាពល្អប្រសើរ​ក៏ដោយ​មែន ប៉ុន្តែ​វា​ជា​ជំហាន​សំខាន់​សម្រាប់​ការច្នៃប្រឌិត​ទូរទស្សន៍​ថ្ងៃ​អនាគត​។ នៅ​ឆ្នាំ​១៩២៧ លោក Philo Taylor មាន​វ័យ ២១​ឆ្នាំ កាល​នោះបាន​បង្កើត​ទូរទស្សន៍​អេ​ឡិច​ត្រូ​និ​ច​ដំបូង​គេ​។ លំនាំ​នោះ​ក៏​ត្រូវបាន​ទូរទស្សន៍​ខ្លះ​បន្ត​ប្រើប្រាស់​ដល់​បច្ចុប្បន្ន​ផងដែរ​។ 
 
​លោក Philo បាន​ប្រើប្រាស់​ឧបករណ៍​ពិសេស​មួយ​ដែល​បាញ់​ផង់​អគ្គីសនី​ហៅថា​«​អេ​ឡិច​ត្រុ​ង​»​ដើម្បី​ផលិត​ជា​រូបភាព​លើ​ផ្ទៃ​កញ្ចក់​ទូរទស្សន៍​។ នៅ​ឆ្នាំ​១៩៣៤ ទូរទស្សន៍​ទាំងអស់​ដែល​បាន​ផលិតឡើង​តែង​ប្រើប្រាស់​លំនាំ​អេ​ឡិច​ត្រូ​និ​ចនេះ​ទាំងអស់​។ ក្នុង​ឆ្នាំ​១៩៥៥ ឧបករណ៍​បញ្ជា​ទូរទស្សន៍ (​តេ​លេ​) ត្រូវបាន​គេ​ផលិតឡើង​។ 
 
​នៅ​ដើម​សតវត្ស​ន៍ទី​២១ គេ​ឃើញ​ការរីកលូតលាស់​នៃ​ទូរទស្សន៍ LCD, LED ឬ OLED Display ជាដើម​។ ទាំងនេះ​សុទ្ធសឹងតែ​ជា​ភាពខុសគ្នា​ក្នុងការ​បញ្ចេញ​ពន្លឺ​តែប៉ុណ្ណោះ​។ ទូរទស្សន៍​ដែល​មនុស្ស​រាល់គ្នា​ប្រើពាក្យ​ធម្មតា​ថា​«​គូទ​ប៉ោង​»​ត្រូវបាន​គេ​បំពាក់​ប្រព័ន្ធ CRT ។ ប្រព័ន្ធ​នេះ​ជា​លំនាំ​បុរាណ ហើយ​មិនសូវមាន​ការផលិត​ប​ន្ត​ទៀត​គេ​ក្នុងពេល​សព្វថ្ងៃ​។ សរុបមក បច្ចេកវិទ្យា​មួយ​នេះ​ទើបតែ​ឃើញ​មាន​វត្តមាន​ក្នុង​រយៈពេល​ប្រហែលជា​១០០​ឆ្នាំមុន​នោះទេ​។ ប៉ុន្តែ​បើ​ពិចារណា​ឲ្យ​បាន​ច្បាស់ វា​បាន​ផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ​របស់​មនុស្ស​ច្រើនណាស់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com