សង្គមអន្តរជាតិ
អន្តរជាតិ
ជប៉ុនមានសេវាជួលបុរសវ័យកណ្តាលស្តាប់ការត្អូញត្អែរ និងផ្តល់ដំបូន្មាន ១ម៉ោង៩ដុល្លារ front ស្ថាបនិកក្រុមហ៊ុន Ossan Rental លោក Takanobu Nishimoto
× មានពូម្នាក់ស្តាប់ការត្អូញត្អែរ និងជួយផ្តល់ដំបូន្មាន មិនមែនជារឿងអាក្រក់នោះឡើយ។ ចាប់តាំងពីឆ្នាំ២០១២មក បុរសជប៉ុនឈ្មោះ Rakanobu Nishimoto បានបើកសេវាកម្ម «Ossan Rental» សម្រាប់អតិថិជនដែលត្រូវការបុរសវ័យកណ្តាលស្តាប់ការត្អូញត្អែរ និងផ្តល់ដំបូន្មាន រួមទាំងការជួយសម្រួលកិច្ចការផ្ទះ។
១០០០យ៉េន (ប្រហែល៩ដុល្លារអាមេរិក) ក្នុងមួយម៉ោង ជាតម្លៃដែលអតិថិជនត្រូវបង់ឲ្យក្រុមហ៊ុន Ossan Rental សម្រាប់សេវាកម្មជួលបុរសវ័យកណ្តាល សម្រាប់ការត្អូញត្អែរ និងផ្តល់ប្រឹក្សាយោបល់។ តាមការដកស្រង់របស់សារព័ត៌មាន Japan Times លោក Nishimoto សម្រេចបង្កើតសេវាកម្មនេះ ដើម្បីលើកតម្លៃរបស់ក្រុមបុរសវ័យកណ្តាលនៅក្នុងសង្គម។
«ខ្ញុំចង់ធ្វើអ្វីមួយដែលលើកតម្លៃរបស់យើងទាំងអស់គ្នា និងបង្ហាញឲ្យឃើញថា បុរសវ័យកណ្តាលជាធនធានដ៏សំខាន់»។ នេះជាការអះអាងរបស់លោក Nishimoto ដែលធ្លាប់បម្រើការនៅហាងទំនិញធំៗ ជាអ្នកសម្របសម្រួលផ្នែកបង្ហាញម៉ូត និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យ។
នៅឆ្នាំ២០១២ លោកបានសម្រេចបង្កើតវ៉ិបសាយ ដោយបង្ហោះរូបខ្លួនឯង ជាមួយនឹងការភ្ជាប់សេវាកម្មជួយដល់អ្នកដទៃ ហើយចាប់តាំងពីពេលនោះមក លោកទទួលបានអតិថិជនប្រមាណ៣០០០នាក់។ អតិថិជនភាគច្រើនរបស់លោក Nishimoto គឺជាស្ត្រី ដែលត្រូវការជំនួយផ្លូវចិត្តពិតប្រាកដ។
បុរសវ័យ៥០ឆ្នាំរូបនេះ មើលឃើញពីតម្រូវការកាន់តែច្រើនរបស់អតិថិជន ហើយក្រោយដំណើរការក្រុមហ៊ុនបាន៣ឆ្នាំ លោកបានសម្រេចបង្កើនសមាជិកបន្ថែមទៀត។ ក្នុងអ្នកដែលបានផ្ញើប្រវតិ្តរូបទៅចូលរួមការងារនោះ លោក Nishimoto បានសម្រេចបដិសេធបេក្ខភាពបុរសវ័យ៨៥ឆ្នាំម្នាក់ ដោយសារតែគាត់មានសុខភាពទ្រុឌទ្រោមទៅហើយ។
បច្ចប្បន្ន «Ossan Rental» មានក្រុមការងារ៧៨នាក់ ដែលមានអាយុចន្លោះពីជាង៣០ឆ្នាំទៅ៧០ឆ្នាំ។ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះជាតន្ត្រីករ ជាអ្នកចូលចិត្តឡើងភ្នំ ជាអតីតថ្នាក់ដឹកនាំក្រុមហ៊ុន និងជាក្រុមមនុស្សដែលមានប្រវត្តិដឹកនាំគ្រួសារល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com