«​ព្រែកជីក​ស៊ុយ​អេ​» មាន​ប្រវត្តិ​ដូចម្តេច​?
សង្គមអន្តរជាតិ​
អន្តរជាតិ
«​ព្រែកជីក​ស៊ុយ​អេ​» មាន​ប្រវត្តិ​ដូចម្តេច​?
02, Feb 2019 , 9:59 pm        
រូបភាព
 មុន​ការបង្កើត​ព្រែកជីក​ប៉ា​ណា​ម៉ា​ក្នុងអំឡុង​ដើម​សតវត្ស​ន៍ទី​២០ ព្រែកជីក​ស៊ុយ​អេ (Suez Canal) គឺ​ព្រែកជីក​ដ៏​សំខាន់​មួយ​ក្នុង​ការតភ្ជាប់​សមុទ្រ​ធំៗ​ចំនួន​ពីរ​។ ទាំងនេះ​គឺជា​សំណង់​ដ៏​
​មហិមា​ដែល​មនុស្ស​បាន​កសាងឡើង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​។​

 
​នៅមុន​ឆ្នាំ​១៨៦៩ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ (Mediterranean sea) និង​សមុទ្រ​ក្រហម (Red sea) ត្រូវបាន​កាត់ផ្តាច់​ដោយ​សណ្ឋាន​ដី​ខ្លី​មួយ​ក្នុង​ទឹកដី​របស់​ប្រទេស​អេ​ហ្ស៊ី​ប​។ នោះ​គឺជា​របាំង​មួយ​ដែល​បង្ក​ភាពលំបាក​សម្រាប់​អ្នកធ្វើដំណើរ​តាម​នាវា​នៅ​ទ្វីបអឺរ៉ុប​។​
 
​នៅពេលដែល​អ្នកជំនួញ​អឺរ៉ុប​ចង់​ធ្វើដំណើរ​តាម​កប៉ាល់​មកកាន់​ទ្វីបអាស៊ី គេ​ត្រូវ​ជិះ​វាង​ទ្វីបអាហ្វ្រិក​សឹងតែ​មួយ​ជុំ​។ ធ្វើ​ដូចនេះ គេ​ត្រូវ​ចំណាយ​ថវិកា ស្បៀង​ច្រើន និង​ពេលវេលា​យូរ​។ បើតាម​គេហទំព័រ history.com នៅក្នុង​ឆ្នាំ​១៨៥៤ កុងស៊ុល​បារាំង​ប្រចាំ​ទីក្រុង​គែរ (Cairo)  ប្រទេស​អេ​ហ្ស៊ី​ប លោក Ferdinand de Lesseps បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយនឹង​រដ្ឋាភិបាល​អាណាចក្រ​អូ​តូ​ម៉​ង់ (​ក្នុងពេលនោះ អូ​តូ​ម៉​ង់​គ្រប់គ្រង​អេ​ហ្ស៊ី​ប​) ដើម្បី​ជីក​ព្រែក​នេះ​ឡើង​។ វា​មាន​ប្រវែង​ជាង​១៦០​គីឡូម៉ែត្រ​។​
 
 នៅ​ឆ្នាំ​១៨៥៩ ការសាងសង់​ក៏បាន​ចាប់ផ្តើម​ជា​បណ្តើរៗ​។ កម្មករ​ត្រូវ​ធ្វើការ​ជា​ទម្ងន់ ដោយ​ប្រើតែ​ចបកាប់ និង​ដៃ​ប៉ុណ្ណោះ​។ ក្រោយមក រដ្ឋ​អឺរ៉ុប​បាន​ប្រើ​គ្រឿងចក្រ​ដើម្បី​ជួយ​ជំរុញ​ដំណើរការ​សាងសង់​។ 
 
​ក្នុង​ឆ្នាំ​ទីមួយ ក្រោយ​ពេលដែល​ព្រែកជីក​ត្រូវបាន​គេ​បើក​ឲ្យ​ដំណើរការ មាន​កប៉ាល់​ត្រឹមតែ​ជាង​៥០០​គ្រឿង​ទេ​បានធ្វើ​ការឆ្លងកាត់​។ ក្នុង​ឆ្នាំ ១៨៧៥ ប្រទេស​អង់គ្លេស​បាន​ទិញ​ភាគហ៊ុន​ក្នុងការ​គ្រប់គ្រង​ព្រែកជីក​មួយ​នេះ ដោយសារ​វា​ជា​ដង្ហើម​នៃ​នាវាចរណ៍​អង់គ្លេស​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទ្វីបអាស៊ី​។ អង់គ្លេស​ក៏បាន​ជួយ​ទាមទារ​ឯករាជ្យ​ឲ្យ​ប្រទេស​អេ​ហ្ស៊ី​ប​ពី​ការ​គ្រប់​គ្រង់​របស់​អាណាចក្រ​អូ​តូ​ម៉​ង់​ផងដែរ​។ តែ​ជា​ថ្នូរ​ត្រឡប់មកវិញ អេ​ហ្ស៊ី​ប​ត្រូវប្រគល់​ការគ្រប់គ្រង​ព្រែកជីក​ស៊ុយ​អេ​មួយ​នេះ​មក​ឲ្យ​
​អង់គ្លេស​។ 
 
​ក្រោយ​សង្គ្រាមលោកលើកទី​ពី បញ្ចប់ទៅ អេ​ហ្ស៊ី​ប​ក្រោម​ការដឹកនាំ​របស់លោក Gamal Abdel Nasser បង្ហាញ​ការមិន​ពេញចិត្ត និង​ចង់​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ព្រែក​នេះ​មកវិញ​។ ជម្លោះ​នេះ​មិនបាន​បញ្ចប់​ដោយ​ងាយស្រួល​នោះទេ​។ 
 
​សង្គ្រាម​តូចៗ​ជាច្រើន​ដែល​កើតឡើង​រវាង​អង់គ្លេស បារាំង អ៊ីស្រាអែល និង​អេ​ហ្ស៊ី​ប​បាន​បន្ត​អស់​​រយៈពេល​ជាច្រើន​ឆ្នាំ​។ ដ្បិត​បញ្ហា​នេះហើយ ព្រែកជីក​ស៊ុយ​អេ​បាន​បិទ​ដំណើរការ មិនមាន​សកម្មភាព​នាវាចរណ៍​ឆ្លងកាត់​នោះទេ​។ 
​ដល់​ឆ្នាំ​១៩៧៥ អេ​ហ្ស៊ី​ប​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រធានាធិបតី Anwar el-Sadat បានចាប់ផ្តើម​បើក​ដំណើរការ​ព្រែកជីក​មួយ​នេះ​សារ​វិញ ដោយ​ចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ អង្គការសហប្រជាជាតិ​ក៏បាន​សំណូមពរ​ឲ្យ​អង់គ្លេស និង​បារាំង​ដកទ័ព​របស់ខ្លួន​ពី​តំបន់​នោះ​ផងដែរ​។ សព្វថ្ងៃ ក្នុង​ព្រែក​ស៊ុយ​អេ​មាន​នាវា​ធំៗ​ឆ្លងកាត់​ប្រហែល ៥០​គ្រឿង​ជា​រៀងរាល់ថ្ងៃ ដោយ​ដឹកជញ្ជូន​ទំនិញ​ប្រមាណ​ជាង​៣០០​លាន​តោន​ក្នុង​មួយឆ្នាំៗ​៕

Tag:
 ព្រែកជីក​ស៊ុយ​អេ​
  អេ​ហ្ស៊ី​ប
© រក្សាសិទ្ធិដោយ thmeythmey.com