អន្តរជាតិ
បច្ចេកវិទ្យា
យន្តហោះដ្រូនដឹកជញ្ជូនឈាមជួយសង្គ្រោះមនុស្សត្រូវបានប្រើប្រាស់នៅរវ៉ាន់ដា រូបភាព៖ គណនី twitter លោក Israel Bimpe
× ក្រុមហ៊ុនផលិតដ្រូនរបស់សហរដ្ឋអាមេរិក Zipline បានបង្កើតដ្រូន ពិសេសម្យ៉ាងមានសមត្ថភាពក្នុងការដឹកជញ្ជូនឈាមសម្រាប់អ្នកជំងឺដែលត្រូវការបន្ទាន់។ Zipline បានអនុវត្តបេសសកម្មរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេស រវ៉ាន់ដាដែលមានទីតាំងក្នុងទ្វីបអាហ្វ្រិក។
រវ៉ាន់ដាជាប្រទេសកំពុងអភិវឌ្ឍមួយដែលមានភាពយឺតយ៉ាវអភិវឌ្ឍវិស័យគមនាគមន៍។ ហេដ្ឋារចនាសម្ព័ន្ធដែលមានដូចជាផ្លូវថ្នល់ និងស្ពានជាដើម មិនបង្កឲ្យមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនោះទេ ជាពិសេសការធ្វើដំណើរទៅកាន់ទីជនបទ។
យោងតាមទូរទស្សន៍អង់គ្លេស BBC ក្រុមហ៊ុន Zipline សម្រេចប្រើប្រាស់បច្ចេកវិទ្យាដ្រូនដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនឈាមទៅកាន់ទីជនបទដោយមិនចាំបាច់ប្រើប្រាស់កម្លាំង ថវិកា និងពេលវេលាច្រើននៅរវ៉ាន់ដា។ ក្រុមហ៊ុននេះបង្កើតទីកន្លែងសម្រាប់យន្តហោះដ្រូន ដែលមានអ្នកជំនាញនៅប្រចាំការជានិច្ច ដើម្បីទទួលទូរសព្ទពេលមន្ទីរពេទ្យនៅក្នុងតំបន់ត្រូវការឈាមសម្រាប់ជួយអ្នកជំងឺ។
ដ្រូនដែលមានទម្ងន់ប្រមាណ២០គីឡូក្រាមនោះដើរដោយថាមពលអគ្គីសនី និងអាចដឹកឧបករណ៍បរិក្ខារពេទ្យមានប្រមាណជិតពីរគីឡូក្រាម។ វាអាចធ្វើដំណើរបានរហូតទៅដល់ចម្ងាយ១៦០គីឡូម៉ែត្រ ក្នុងល្បឿនអតិបរិមា ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដ្រូននេះត្រូវបានគេផលិតឡើងពីសារធាតុដែលស្រាលតែធន់នឹងអាកាសធាតុ។
វាអាចហោះហើរទៅកាន់ទៅដៅបានដោយប្រើប្រាស់ប្រព័ន្ធ ដែលមានទំនាក់ទំនងជាមួយនឹងផ្កាយរណប។ នេះពេលដែលវាហោះហើរទៅដល់មន្ទីរពេទ្យដែលគេកំណត់ វាមិនចុះចតដូចយន្តហោះធម្មតានោះទេ។ វានឹងបន្ទាបខ្លួន បន្ថយល្បឿន ហើយទម្លាប់ឧបករណ៍ទាំងនោះ ដែលមានទាំងឈាមផងដែរ មកក្រោមដោយភ្ជាប់ជាមួយនឹងឆ័ត្រយោងតូចមួយ។ ក្រោយមក គ្រូពេទ្យគ្រាន់តែចេញមកក្រៅ ហើយរើសឧបករណ៍ទាំងនោះ ដើម្បីយកទៅប្រើប្រាស់បន្តទៀត។
គម្រោងរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានសារព័ត៌មាននានាជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Keller Rinaudo ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Zipline បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុននឹងអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនបន្តទៀតដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន ជាពិសេសនៅតាមតំបន់ដទៃជាច្រើនទៀតលើពិភពលោក»៕
© រក្សាសិទ្ធិដោយ thmeythmey.com