ជាតិ
សង្គមជាតិ
NGO៖ សហគមន៍​ក្រីក្រ​ចំនួន​៩៩ នៅ​ភ្នំពេញ រង​ផលប៉ះពាល់​ដោយសារ​សំរាម ព្រោះ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មិន​ប្រមូល​
02, Feb 2019 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​បាន​រកឃើញថា សហគមន៍​ក្រីក្រ​ចំនួន​៩៩ ក្នុង​ទីក្រុង​ភ្នំពេញ​មិនទាន់​ទទួលបាន​ការគ្រប់គ្រង​កាកសំណល់​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​នៅឡើយ ខណៈ​ក្រុមហ៊ុន​មួយ​នេះ​ទទួលបាន​អ​ជ្ញា​ប័ណ្ណ​ពី​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​ប្រមូល​កាកសំណល់​។ ក្រុមហ៊ុន​ស៊ីន​ទ្រី​ក៏​មិនបាន​យកចិត្តទុកដាក់​ចំពោះ​កម្មករ​របស់ខ្លួន​ក្នុង​ម៉ោង​ធ្វើកា​ផងដែរ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៤ នាក់​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយនេះ​។ ខាង​ក្រុមហ៊ុន​ស៊ីន​ទ្រី បដិសេធ​លើ​ការចុះផ្សាយ​របាយការណ៍​របស់​អង្គការ​មួយ​នេះ​។​



​ក្នុងចំណោម​សហគមន៍​៩៩ (៣៥.៧%) នៃ​សហគមន៍​២៧៧​ក្នុង​រាជធានី​ភ្នំពេញ នៅតែ​មិនទាន់​បានទទួល​ការគ្រប់គ្រង​កាកសំណល់ ខុសពី​សហគមន៍​ផ្សេងៗ ដែល​ទទួលបាន​ការគ្រប់គ្រង​កាកសំណល់​បានល្អ​។ សហគមន៍​ខ្លះ​រស់នៅក្នុង​កន្លែង​ដែលមាន​សំរាម​ច្រើន ឬ​រង​ផលប៉ះពាល់​ដោយសារ​សំរាម​នៅ​ជុំវិញ​សហគមន៍​របស់​ពួកគេ រួមទាំង​ហានិភ័យ​ដោយសារ​អគ្គីភ័យ និង​ជំងឺ​ដែល​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ នេះ​បើ​យោងតាម​ការលើកឡើង​ក្នុង​របាយការណ៍​អភិបាលកិច្ច គ្រប់គ្រង​កាកសំណល់​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ចេញផ្សាយ​ដោយ​អង្គការ​សមាគម​ធាងត្នោត​។ 
 
​ក្នុង​របាយការណ៍​ក៏បាន​រកឃើញ​ពី​មូល​ហេតុដែល​សហគមន៍​ជាច្រើន មិន​ទទួលបាន​សេវា​ប្រមូល​សំរាម​ដោយសារ​ការខ្វះចន្លោះ​រប​ស់​អាជ្ញាធរ ស្ថានភាព​ផ្លូវ​តូចចង្អៀត និង​ការបែងចែក​រទេះ​ដាក់​សំរាម​មិន​ស្មើភាព​គ្នា​នៅ​ទូទាំង​ទីក្រុង​។ 
 
​នៅក្នុង​របាយការណ៍​បាន​ស្រង់​សំដី​របស់​សមាជិក​នៃ​សហគមន៍​ក្រីក្រ​ទាំងនោះ​ថា​៖«​ពួកគេ (​អាជ្ញាធរ​) មិន​យកចិត្ត​ដាក់​នឹង​ពួកយើង​ទេ​។ ពួកគេ​មិន​ខ្វល់​ពី​បញ្ហា​នៅក្នុង​សហគមន៍​នេះដែរ​»​។ ​របាយការណ៍​កម្រាស់​៤៣​ទំព័រ ដដែល​ក៏បាន​បង្ហាញ​ពី​ការស្លាប់​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ចំនួន ១៤ នាក់ ដែល​បណ្ដាលមកពី​ខ្វះ​ការយកចិត្តទុកដាក់​លើ​សុវត្ថិភាព​បុគ្គលិក​ក្នុង​ម៉ោង​ធ្វើការ ដែល​ផ្ទុយ​ពី​ច្បាប់​ការងារ​កម្ពុជា​ឆ្នាំ ១៩៩៧​។ 
 
«​ស៊ីន​ទ្រី​មិនបាន​បំពេញ​កាតព្វកិច្ច​ផ្លូវច្បាប់​របស់ខ្លួន ដើម្បី​ធានា​សុវត្ថិភាព​ដល់ក​ម្មករ​របស់ខ្លួន​ដោយសារ​មិន​ផ្តល់​សុវត្ថិភាព​ស​មា្ភ​រៈ ដូចជា​សម្លៀកបំពាក់​ការងារ​ការពារ ឬ​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​»​។​នេះ​បើតាម​របាយការណ៍​។​
 
​អង្គការ​សមាគម​ធាងត្នោត​បាន​សង្កត់ធ្ងន់​ថា កង្វះ​តម្លាភាព សមធម៌​គណនេយ្យភាព ការឆ្លើយតប និង​ការគោរព​ចំពោះ​ជីវិត​របស់​កម្មករ​ស៊ីន​ទ្រី នាំឱ្យមាន​ការសន្និដ្ឋាន​ចុងក្រោយ​ថា ការគ្រប់គ្រង​កាកសំណល់​នៅមានកម្រិត នៅក្នុង​រាជធានី​ភ្នំពេញ​។​
 
​លោក ទួន ស៊ី​ផេង ប្រធាន​ក្រុម​ស៊ីន​ទ្រី​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មិនទាន់​បានឃើញ​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​នោះ​នៅឡើយ​ទេ ដូច្នេះ​លោក​មិនទាន់​ដឹងថា​សហគមន៍​មួយណា​ដែល​អង្គ​ការចង់​លើកឡើង​នោះឡើយ​។ លោក​បាន​និយាយថា​៖ «​ខ្ញុំ​មិនទាន់បាន​មើល​ផង មិនដឹងថា​គាត់​ចង់​និយាយ​ពិ​សហគមន៍​ណាមួយ​នោះទេ សហ​គន៍​ខ្លះ​ដូច​នៅ​ភ្នំ​បាត គឺ​យើង​មិនមាន​សេវា​ទៅដល់​ទេ​»​។​
 
​ទាក់ទង​ករណី​កម្មករ​បាត់បង់​ជីវិត ប្រធាន​ក្រុមហ៊ុន​ស៊ីន​ទ្រី​រូបនេះ បាន​និយាយថា ក្នុង​ឆ្នាំ​២០១៨​នេះ មានកម្ម​ករ​ស៊ី​ទ្រី​ចំនួន​២​នាក់ បាន​ជួប​គ្រោះ​ថា្នក់ ហើយ​ឆ្នាំ​ខ្លះ​មិនមាន​អ្នកស្លាប់​នោះទេ​។ បើតាម​លោក ស៊ី​ផេង ក្រុមហ៊ុន​លោក​តែងតែ​ចុះ​អប់រំ​កម្មករ​ជា​ញឹ​ញាប់​ពី​ការពារ​ខ្លួន និង​អនាម័យ​។ ហើយ​ក្រុមហ៊ុន​ក៏បាន​ទិញ សម្ភារ​ការពារ​សុ​វត្តិភាព  រួមទាំង​ទិញ​ធានារ៉ាប់រង (​ប​បស​) សម្រាប់​កម្មករ​គ្រប់គ្នា ដោយ​ក្នុង​មួយឆ្នាំ​មិន​ក្រោម​១​ម៉ឺន​ដុល្លា​នោះទេ​។  ក្រុមហ៊ុន​ក៏មាន​កញ្ចប់​ថវិកា​រស​ម្រា​ប់​កម្មករ​ពេល​ជួប​គ្រោះថ្នាក់​ផងដែរ​។ 
 
«​ឆ្នាំទៅ​មិញ​មានតែ​អ្នកស្លាប់​តែ​ពីរ​នាក់​ទេ ខ្ញុំ​មិនដឹង​គាត់​បូក​ពី​ណា​ទៅណា​ទេ ហើយ​មិនដឹងថា​គាត់​បាន​ទិន្នន័យ​នឹង​មកពីណា​ឲ្យ​ពិតប្រាកដ ខ្ញុំ​ក៏​មិនដឹង​ដែរ ព្រោះ​គាត់​មិនដែល​ទាក់ទង​មក​ខាង​ខ្ញុំ​ផង​។​យើង​មាន​ខោអាវ​ចំណាំងផ្លាត​ដូច​អាវ​ប៉ូលិស ហើយ​យើង​មាន​ស្រោមដៃ មាន​ម៉ាស តែ​និយាយ​តាម​ត្រង់​ពួកគាត់​(​កម្មករ​ស៊ីន​ទ្រី​)​មិន​ចូលចិត្ត​ប្រើ​ទៅវិញ ពេលខ្លះ​កាត់លុយ​ពួកគាត់ ដើម្បី​ឲ្យ​គាត់​ប្រើប្រាស់​ទៀត​។ តែ​វា​ជួប​ផល​លំបាក ពេលខ្លះ​គាត់​ពិបាក ព្រោះ​សំរាម​នៅ​ស្រុក​យើង​អត់​ដូច​សំរាម​ស្រុក​គេ ដែល​ងាយស្រួល​ដែល​ពាក់​ស្រោមដៃ យួរ​កញ្ចប់​បោះ​ចូល​ឡាន​តែម្ដង​ឡើយ​។ សំរាម​ស្រុក​យើង​វិញ​កម្មករ​ត្រូវ​កាន់​ប៉ែល​ដើម្បី​ចូក​សំរាម ប៉ុន្តែ​បើ​ពាក់​ស្រោមដៃ​វា​រអិល ពិបាក​កាន់ កម្មករ​គាត់​លើ​ហេតុផល​ដូច្នឹង​»​។ នេះ​ជាការ​បកស្រាយ​របស់លោក ទួន ស៊ី​ផេង​៕
 

Tag:
 ស៊ីន​ទ្រី​
 ​ អង្គការ​សមាគម​ធាងត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com