ជាតិ
សង្គមជាតិ
ត្រឹម​២០១៨ អគ្គិសនី​កម្ពុជា ចែកចាយ​ទៅដល់​១២​ម៉ឺន​ភូមិ ដែល​ស្មើនឹង​៨៦​ភាគរយ​
02, Feb 2019 , 10:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរអគ្គិសនីកម្ពជា
រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរអគ្គិសនីកម្ពជា
​គិត​ត្រឹម​ចុងឆ្នាំ​២០១៨ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានផ្តល់​ដែន​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ជាង​១៤​ម៉ឺន​ភូមិ ដែល​ស្មើ​ជាង​៩៩​ភាគរយ នៃ​ចំនួន​ភូមិ​សរុប​នៅ​កម្ពុជា ខណៈ​ការសាងសង់​បណ្តាញ​ចែកចាយ​អគ្គិសនី បាន​ទៅដល់​ភូមិ​ជាង​១២​ម៉ឺន​ភូមិ ដែល​ស្មើ​ជាង​៨៦​ភាគរយ​។  ទន្ទឹមនឹងនេះ នៅ​ចុងឆ្នាំ​២០១៨ វឌ្ឍនភាព​នៃ​ការភ្ជាប់​ចរន្តអគ្គិសនី​ឲ្យ​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​មាន​ជាង​២,៦​លាន​កន្លែង​។


​របាយការណ៍ ដែល​ត្រូវបាន​ផ្ស​ព​ផ្សាយ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២0១៩ ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២0១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២0១៩ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បង្ហាញថា នៅ​ចុងឆ្នាំ​២០១៨ ប្រភព​ផលិត​អគ្គិសនី​ក្នុងស្រុក​មាន​អានុភាព ជាង​២​ពាន់​មេ​ហ្គា​វ៉ា​ត់​។ របាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា ការអភិវឌ្ឍ​ប្រភព​អគ្គិសនី បាន​បន្ថែម​អានុភាព​ជាង​១​ពាន់ មេ​ហ្គា​វ៉ា​ត់ ទន្ទឹមនឹងនេះ​ក៏បាន​បញ្ឈប់​ដំណើរការ​ប្រភព​អគ្គិសនី​ប្រើ​ប្រេង​ខ្មៅ​៥២​មេ​ហ្គា​វ៉ា​ត់ និង​លុបបំបាត់​ការផលិត​អគ្គិសនី​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​តរបស់​អ្នក​កាន់​អាជ្ញា​បណ្ណ​អស់​៣៦​មេ​ហ្គា​វ៉ា​ត់​។ 
 
​ចំណែក ប្រភព​នាំចូល​ពី​ប្រទេសជិតខាង បាន​កាត់បន្ថយ​មក​នៅ​ត្រឹម​១៤​ភាគរយ នៅ​ឆ្នាំ​២០១៨ ដែល​បាន​ថយចុះ​ជា​បន្ត​បន្ទាប់ពី​៤០​ភាគរយ នៅ​ឆ្នាំ​២០១៤​។ នេះ​បើតាម​របាយការណ៍​ដដែល ដោយ​បង្ហាញ​ទៀតថា នៅ​ចុងឆ្នាំ​២០១៨ បរិមាណ​ថាមពល​អគ្គិសនី ដែល​បានផ្តល់​សរុប មាន​ជាង​៩​ពាន់​លាន​គីឡូវ៉ាត់ម៉ោង គឺ​កើនឡើង​ជិត​២​ដង ក្នុងអំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨៕

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com