នៅដើមឆ្នាំ២០១៩ នេះ មហាសេដ្ឋីពីររូបនៅអាស៊ី បានទទួលមរណភាពជាបន្តបន្ទាប់។ មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Eka Tjipta Widjaja ដែលផ្តើមអាជីវកម្មលើប្រេងដូង និងប្រេងត្នោត បានស្លាប់ក្នុងអាយុ៩៨ឆ្នាំ រីឯមហាសេដ្ឋីហ្វីលីពីន លោក Henry Sy អតីតអ្នកលក់ស្បែកជើង បានបាត់បង់ជីវិតក្នុងអាយុ៩៤ឆ្នាំ។ អ្នកទាំងពីរបន្សល់នូវទ្រព្យសម្បត្តិសរុប១៦,៦ពាន់លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ អាស៊ី នៅមានមហាសេដ្ឋីដល់ទៅ៨រូបទៀត ដែលសុទ្ធតែមានអាយុលើស៩០ឆ្នាំ។
សារព័ត៌មាន Bloomberg បានចេញផ្សាយបញ្ជីឈ្មោះមហាសេដ្ឋីដែលមានទឹកប្រាក់វាល់លាន ចំនួន៥០០នាក់នៅលើពិភពលោក។ ក្នុងបញ្ជី Bloomberg Billionaires Index មហាសេដ្ឋីម្នាក់ក្នុងចំណោម៥នាក់ មានអាយុយ៉ាងតិច៨០ឆ្នាំ និង២១នាក់ មានអាយុជាង៩០ឆ្នាំ។
ក្នុងចំណោមមហាសេដ្ឋីដែលមានអាយុជាង៩០ឆ្នាំនាពេលបច្ចុប្បន្ន អាស៊ីមានរហូតដល់ទៅ៨នាក់នៅក្នុងបញ្ជី ដោយទ្រព្យសម្បត្តិរួមរបស់អ្នកទាំងនោះ មានសរុបរហូតដល់ទៅ១២៥ពាន់លានដុល្លារអាមេរិក។
លោក Robert Kuok មហាសេដ្ឋីម៉ាឡេស៊ី អាយុ៩៦ឆ្នាំ មានទ្រព្យសម្បត្តិរហូតដល់ទៅ១៧,២ពាន់លានដុល្លារអាមេរិក។ លោកជាអតីតមិត្តរួមថ្នាក់របស់មេដឹកនាំសិង្ហបុរី លោក លី ក្វាន់យូ។ លោកគ្រប់គ្រងក្រុមហ៊ុន Wilmar International លើអាជីវកម្មប្រេងត្នោតនៅម៉ាឡេស៊ី សិង្ហបុរី និងហុងកុង ថែមទាំងមូលភាគហ៊ុននៅក្រុមហ៊ុនអចលទ្រព្យ និងសណ្ឋាគារផ្សេងទៀងផងដែរ។
លោក Masatoshi Ito មហាសេដ្ឋីជប៉ុនអាយុ៩៥ឆ្នាំ មានទ្រព្យ៤,៤១ពាន់លានដុល្លារអាមេរិក។ លោកជាប្រធានកិត្តិយស និងជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Seven & i Holdings ដែលមានហាងទំនិញជាង២ម៉ឺននៅជប៉ុន រួមទាំងហាង 7-Eleven និងផ្សាទំនើបជាច្រើនទៀត។
លោក Goh Cheng Liang មហាសេដ្ឋីសិង្ហបុរី អាយុ៩២ឆ្នាំ មានទ្រព្យសម្បត្តិ ៧,២ពាន់លានដុល្លារអាមេរិក។ លោកជាស្ថាបនិកក្រុមហ៊ុនថ្នាំលាប Wuthelam Holdings។ ក្រុមហ៊ុនលោកចាប់ដៃគូជាមួយក្រុមហ៊ុន Nippon Paint របស់ប៉ុន ដោយមានបុគ្គលិកជាង២១០០០នាក់ និងប្រតិបត្តិការនៅ១៦ប្រទេស។
លោក Li Ka-Shing មហាសេដ្ឋីហុងកុង អាយុ៩១ឆ្នាំ មានទ្រព្យ៣០,៧ពាន់លានដុល្លារអាមេរិក។ លោកជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ CK Hutchison Holdings និង CK Asset Holdings។ កាលពីខែឧសភា ឆ្នាំ២០១៨ លោកបានផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យលោក Victor ដែលជាកូនប្រុសបង្កើត។
លោក Lee Shau Kee មហាសេដ្ឋីហុងកុង អាយុ៩១ឆ្នាំ មានទ្រព្យ២៣,៦ពាន់លានដុល្លារអាមេរិក។ លោកជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនដ៏ធំនៅក្រុមហ៊ុនអចលនទ្រព្យ Henderson Land Development។ ក្រុមហ៊ុននេះប្រតិបត្តិលើសេវាកម្មហិរញ្ញវត្ថុ អាគារទំនិញ សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
លោក Pallonji Mistry មហាសេដ្ឋីឥណ្ឌា អាយុ៩០ឆ្នាំ លោកទទួលបានសញ្ជាតិអៀរឡង់កាលពីឆ្នាំ២០០៣។ លោកមានទ្រព្យសម្បត្តិ២០,៤ពាន់លានដុល្លារអាមេរិក។ លោក និងគ្រួសារជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនសំណង់ Tata Sons និងបណ្តាញសង្គមផ្សេងទៀតដែលប្រតិបត្តិការនៅអាស៊ីខាងត្បូង មជ្ឈឹមបូព៌ា និងអាហ្វ្រិក។
លោក Lui Che Woo មហាសេដ្ឋីហុងកុង អាយុ៩០ឆ្នាំ មានទ្រព្យសម្បត្តិ១៤,៣ពាន់លានដុល្លារអាមេរិក។ លោកគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ Galaxy Entertainment និងក្រុមហ៊ុនអចលនទ្រព្យ K.Wah International។
លោក Wee Cho Yaw មហាសេដ្ឋីសិង្ហបុរី អាយុ៩០ឆ្នាំ មានទ្រព្ស៨,១៦ពាន់លានដុល្លារអាមេរិក។ លោកជាម្ចាស់ភាគហ៊ុនធំនៅធនាគារ United Overseas Bank ដែលធំលំដាប់ទីបីនៅសិង្ហបុរី និងមានសាខាងជាង៥០០ នៅបណ្តាប្រទេសចំនួន១៩៕