ជាតិ
សង្គមជាតិ
ចូលឆាំ្នចិន៖ អាជ្ញាធរភ្នំពេញ មិនឲ្យដុតផាវ លេងល្បែងស៊ីសង និងហែក្បួនផ្សេងៗ រូបពីរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមពលរដ្ឋ មិនឲ្យដុតផាវ លេងល្បែងស៊ីសង និងហែក្បួនបែបសាសនាផ្សេងៗ ក្នុងអំឡុងចូលឆ្នាំចិន និងវៀតណាមនោះទេ។ ការហាមឃាត់នេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសង្គម។
ក្នុងសេចក្តីជូនដំណឹង ដែលចុះនៅថ្ងៃទី ២៩ ខែមករា រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរអង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែនភ្លើងចង្រា្កន និងចរន្តអគ្គិសនី ដែលអាចបង្កឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ។
តាមរយៈសេចក្តីជូនដំណឹងនោះ លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ចុះទៅត្រួតពិនិត្យនៅតាមច្រកចូលរាជធានីភ្នំពេញ កុំឲ្យមានការនាំចូលផាវ កាំជ្រួច និងគ្រឿងផ្ទុះ។
ជាមួយគ្នាផងដែរ លោក ឃួន ស្រេង ក៏បានណែនាំឲ្យមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅបណ្តាសមាគមចិន និងវៀតណាម ចំពោះការហាមប្រាមទាំងនេះ។ លោក ព្រមានថា ជនណា ដែលបំពាន និងប្រព្រឹត្តខុសនឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបង្កឲ្យចលាចលក្នុងសង្គម ជននោះនឹងទទួលទោសតាមច្បាប់ជាធរមាន៕
© រក្សាសិទ្ធិដោយ thmeythmey.com