ជាតិ
សង្គមជាតិ
ជម្នះ​នឹង​ភាពក្រីក្រ អ្នកស្រី ណុប ធឿន ប្រឹង​ធ្វើ​បង្គី​រកប្រាក់​ចិញ្ចឹម​កូន​ឲ្យ​បាន​រៀន​ខ្ពង់ខ្ពស់​
03, Feb 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រៃវែង​៖ អ្នកស្រី ណុប ធឿន និង​ស្វាមី ចង់ឃើញ​កូនប្រុស​ពីរ​នាក់​របស់ខ្លួន​ដែល​កំពុង​រៀន​នៅ​ថ្នាក់បឋមសិក្សា អាច​បន្ត​រៀន​រហូតដល់​ថ្នាក់ខ្ពស់​ដូច​កូន​អ្នកដទៃ​ដែរ​។ រស់នៅក្នុង​ស្ថានភាព​គ្រួសារ​ក្រីក្រ​ក៏ពិតមែន ប៉ុន្តែ ទឹកចិត្ត​ឪពុកម្តាយ មិនមាន​បំណង់​ចង់​ឲ្យ​កូន​ឈប់រៀន​ឡើយ ដោយ​អ្នកស្រី ធៀន ខំប្រឹង​កាប់​ដើម​រំ​ពាក់​យកមក​ធ្វើ​បង្គី​លក់ រីឯ ស្វាមី​របស់​អ្នកស្រី ទៅ​ស៊ី​ឈ្នូ​ល​ដឹក​ដំឡូង​មី​ឲ្យ​គេ ដើម្បី​បាន​ប្រាក់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ផ្គត់ផ្គង់​ការ​របស់​កូន​។ គ្រួសារ​ដែល​រស់នៅ​ខេត្ត​ពៃ​វែង​មួយ​នេះ ចង់ឃើញ​កូន​មានចំណេះដឹង និង​អនាគត​ល្អ​ប្រើ​សើរ​ជាង​ខ្លួន​។​


​ក្រៅពី​ធ្វើស្រែ​បន្តិចបន្តួច អ្នកស្រី ណុប ធឿន ប្រកប​របរ​ធ្វើ​បង្គី​លក់ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការសិក្សា​របស់​កួន​ប្រុស​ពីរ​នាក់ ដែល​ពួកគេ​កំពុង​រៀន​ថ្នាក់​ទី​៤ និង​ទី​៦​។ ស្ត្រី​វ័យ​៥៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ទួល​ថ្មី ឃ្មុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង រូបនេះ ត្រូវ​ចំណាយពេល​ពី​៣​ទៅ​៤​ថ្ងៃ ទើប​អាចធ្វើ​បង្គី​បាន​ចន្លោះ​ពី​៥​ទៅ​៧​គូ ដើម្បី​យកទៅ​បោះ​ឲ្យ​ម៉ូយ​ម្តង​។ បង្គី​ដែល​អ្នកស្រី​លក់​ឲ្យ​ម៉ូយ​នោះ មានតម្លៃ​៦​ពាន់​រៀល​ក្នុង​មួយគូ ខណៈពេលដែល​ស្វាមី​របស់​អ្នក​ស្ត្រី អាច​រកប្រាក់​បាន​ចន្លោះ​ពី​២​ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ពី​ការ​ស៊ីឈ្នួល​ដឹក​ដំឡូង​មី​ឲ្យ​គេ​។ រក​ព្រឹក​ខ្វះ​ល្ងាច មិនមែនជា​រឿង​ប្លែក​សម្រាប់​គ្រួសារ​អ្នកស្រី ណុប ធឿន ឡើយ​។​
 

​ទោះបីជា​ស្ថានភាព​គ្រួសារ​ក្រលំបាក​យ៉ាងណា ក៏​អ្នកស្រី និង​ស្វាមី ព្យាយាម​ជម្នះ និង​ខ្មីឃ្មាត​ប្រកប​របរ​រកប្រាក់​ចិញ្ចឹម​កូន​ឲ្យ​បាន​សិក្សា​ដល់​ថ្នាក់ខ្ពស់​តាម​លទ្ធភាព​ដែល​អ្នកស្រី ធឿន អាចធ្វើ​បាន​។ «​ខ្ញុំ​ខំប្រឹង​ដើម្បី​បញ្ជូន​កូន​ទាំងពីរ​ឲ្យ​បាន​ទៅ​រៀនសូត្រ​ដូច​កូន​គេ​ដែរ ខ្ញុំ​មិន​ចង់​ឲ្យ​វា [​កូនប្រុស​ទាំងពីរ​នាក់​] ឈប់រៀន​ទេ​»​។ អ្នកស្រី ធឿន ថ្លែង​ទាំង​ទឹកមុខ​ក្រៀម​កំ​យ៉ាង​ដូច្នេះ​។​
 
 
​បើទោះបីជា អ្នកស្រី ណុប ធឿន និង​ស្វាមី ចិញ្ចឹមចិត្ត​ចង់ឃើញ​គ្រួសារ​រស់នៅក្នុង​ជីវភាព​ធូរធារ​ជាង​នេះ និង​ចង់ឃើញ​កូនៗ​របស់ខ្លួន​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​នាពេល​អនាគត ខណៈពេល ដើម​រំពា​ក់​ដែល​យកមក​ធ្វើ​បង្គី​នោះ គាន់​តែ​ពិបាក​រក ហើយ​របរ​ស៊ីឈ្នួល​ដឹក​ដំឡូង​មី​របស់​ស្វាមី​អ្នកស្រី ក៏​មិន​ស្ថិតស្ថេរ​នោះដែរ​៕
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com