ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​ព្រួយបារម្ភ​ចំពោះ​ភាពមិនច្បាស់លាស់​នៃ​ការគាំទ្រ​សិល្បៈ​ខ្មែរ​
03, Feb 2019 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នក​ជិតស្និទ្ធ​នឹង​សិល្បៈ​បុរាណ នៅតែ​មើលឃើញថា​យុវជន​ខ្មែរ​មិនទាន់​ច្បាស់លាស់​ចំពោះ​ការគាំទ្រ​សិល្បៈ​របស់ខ្លួន​នៅឡើយ​។ ការមិន​បានដឹង​ពី​ឫសគល់ និង​តម្លៃ​ស្នូល​របស់​សិល្បៈ​វប្បធម៌​ជាតិ ជា​មូល​ហេតុដែល​ក្រុម​សិល្បករ​បុរាណ យល់ថា​ជាដើម​ហេតុ​ឱ្យ​ខ្មែរ​មិន​ចាប់អារម្មណ៍​សិល្បៈ​វប្បធម៌​ខ្លួន​។ យុវជន​ដែល​ឱ្យ​តម្លៃ​សិល្បៈ​បុរាណ ទទូច​ដល់​ជនរួមជាតិ​ខ្មែរ ជាពិសេស​យុវវ័យ ត្រូវ​ស្វែងយល់​ពី​សិល្បៈ​បុរាណ​ខ្មែរ​ឱ្យបាន​ច្បាស់​។​

​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖ 



​មាន​មនុស្ស​ច្រើនណាស់​ដែល​តែងតែ​យល់ច្រឡំ​ថា សិល្បៈ​គ្រាន់តែ​ជា​គ្រឿង​ធ្វើឱ្យ​សប្បាយចិត្ត តែ​មិន​ដូច្នោះ​ទេ​។ បុព្វបុរស​ខ្មែរ បានដឹង​ច្បាស់​ថា សិល្បៈ​គឺជា​ផ្នែក​មួយ​ជួយ​ដឹកនាំ​សង្គម​ឱ្យ​រស់នៅ​ប្រកបដោយ​សុខដុមរមនា​រវាង​គ្នា​នៅ​គ្នា រួមទាំង​ការអភិវឌ្ឍ​សង្គម​យ៉ាង​មាន​ប្រសិទ្ធភាព ទើបបានជា​លោក​បញ្ចូល​គតិ​ជាច្រើន​ក្នុងនោះ​។​
 
​សិល្បៈ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បានបញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិខ្មែរ មិនឱ្យ​ច្រឡំ​ជាតិ​សាស្ត្រ​ដទៃ​។ សិល្បៈ​ខ្មែរ​មាន​សម្បូរបែប រាប់​តាំងពី​អា​យ៉ៃ យីកេ ចាប៉ី ល្ខោនបាសាក់ ល្ខោនខោល ល្ខោន​ស្រមោល​ស្បែក​ធំ ស្បែក​តូច របាំ​បុរាណ​ច្រើន​ទម្រង់ និង​មាន​ច្រើនសន្ធឹក​សន្ធាប់​ទៀត ។ 
 
​នាដកា​របាំ សិល្បករ តន្ត្រីករ រួមទាំង​អ្នក​រាប់អាន​សិល្បៈ​បុរាណ សុទ្ធសឹង​មើលឃើញថា យុវជន​ភាគច្រើន​មិន​យកចិត្តទុកដាក់​លើ​សិល្បៈ​វប្បធម៌​ជាតិ​របស់ខ្លួន​នោះទេ​។ 
​កញ្ញា អៀង ស្រី​ពេញ ជានា​កា​ឯក​របាំ​អប្សរា ហាក់​អស់សង្ឃឹម​ពេល​ឃើញ​ការសម្ដែង​របស់ខ្លួន​មិនសូវមាន​ភ្ញៀវ​ខ្មែរ​ទស្សនា​។ អង្គុយ​លើ​ឆាក​សម្ដែង​នៅ​បរិវេណ​សារមន្ទីរ​ជាតិ ស្រី​ពេញ ដែល​បាន​ចូល​ហាត់​របាំ​តាំងពី​អាយុ​១០​ឆ្នាំ ធ្លាប់បាន​ទៅ​សម្ដែង​របាំ​នៅតាម​សាលា​នានា​ក្នុងប្រទេស​កម្ពុជា តែ​នាង​សង្កេតឃើញថា ចំណាប់អារម្មណ៍​ខ្មែរ​នៅ​មិនទាន់​ឆ្លើយតប​នឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សិល្បករ​បុរាណ​នៅឡើយ​។ កញ្ញា​ត្អូញត្អែរថា ៖«​មានការ​សម្ដែង​សិល្បៈ​នៅតាម​សាលា​ផ្សេងៗ​ច្រើនដង តែ​ខ្មែរ​យើង​មិនសូវ​អើពើ​។ ភាគច្រើន​ដឹងឮ​គេ​សម្ដែង​ហើយ ច្រើនតែ​ថា​មិន​អី​ទេ គាត់​មិន​បានឱ្យ​ចំណាប់អារម្មណ៍​ទៅលើ​ខ្លួន​គាត់ ទៅលើ​កូនៗ​គាត់​សោះ​។ ចំពោះ​ខ្ញុំ មាន​អារម្មណ៍​ថា​អស់សង្ឃឹម​នឹង​ពួកគាត់​»​។​
  
 
​នា​ការ​បាំ​ដែលមាន​ស្រុកកំណើត​នៅ​ទីក្រុង​ភ្នំពេញ​រូបនេះ​បានឱ្យ​តម្លៃ​សិល្បៈ​វប្បធម៌​ខ្មែរ​យ៉ាង​ដូច្នេះ ៖«​សិល្បៈ​បុរាណ​ដូចជា​ដួងព្រលឹង​ជាតិខ្មែរ​។ និយម​ជាងគេ​គឺ​អប្សរា​។ របាំ​នេះ​យើង​ច្រើនតែ​ឃើញ​នៅតាម​ប្រាសាទអង្គរវត្ត​។ អ្នក​ដែល​បាន​មើល​របាំ​នេះ​ហៅថា​សំណាង​ហើយ ព្រោះ​តាំងពីដើម តែងតែ​លេង​ថ្វាយ​សម្ដេច​ទត និង​អ្នកធំៗ​។ មក​ឥឡូវ​ត្រឹម​សំបុត្រ ៥​ដុល្លារ​អី អាច​មើល​បាន​»​។ 
 
​នារី​សម្បុរ​ស មុខ​ប្រជាប្រិយ​រូបនេះ យល់ឃើញថា​ការដែល​ខ្មែរ​មិន​ស្គាល់​ច្បាស់ អ្វី​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ខ្លួន គឺជា​រឿង​ដែល​គួរឱ្យ​អា​មាស​។ «​បើសិនជា​បុគ្គល​ម្នាក់​ហ្នឹង​គាត់​ជា​កូន​ខ្មែរ កើត​មកលើ​ទឹកដី​ខ្មែរ មាន​ឈាមជ័រ​ជា​ខ្មែរ ហើយ​គាត់​មិន​យល់​អ្វី​ជា​របស់​ខ្មែរ​ខ្លួនឯង វា​ដូច​ថា​កើត​មកលើ​ផែនដី​ហ្នឹង កើតមក​ដើម្បី​អ្វី បើ​មិនដឹងថា​ខ្លួនឯង​ជា​អ្នកណា ខ្លួនឯង​មាន​របស់​អ្វី​ផង​ហ្នឹង​? មិន​ទាមទារ​ឱ្យ​គាត់​មក​ហាត់រៀន​ទេ តែ​ទាមទារ​ឱ្យ​គាត់​ដឹងផង ថា​នេះ​ជា​របស់​ខ្លួនឯង​»​។ នេះ​ជាការ​ទទូច​របស់ ស្រី​ពេញ​។   
 
​ទោះជា​យ៉ាងណា ស្រី​ពេញ បាន​មើលឃើញថា​មាន​ស្ថាប័ន​មួយចំនួន ចាប់ផ្ដើម​ចាប់អារម្មណ៍​សិល្បៈ​បុរាណ ដោយ​យកទៅ​សម្ដែង​ក្នុង​កម្មវិធី​របស់ខ្លួន​។ នារី​រូបនេះ​បង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ ៖« ខ្ញុំ​ឃើញ​មួយរយៈ​នេះ​ខ្ញុំ​សរសើរ​ដែរ នៅតាម​ស្ថាប័ន​ផ្សេងៗ​ដូចជា​អង្ក​ការ និង​ក្រុមហ៊ុន​ធនាគារ ក្រុម​គាត់​ឥឡូវ​ចាប់អារម្មណ៍​។ ឱ្យ​តែមាន​បុណ្យទាន ខួប​គម្រប់​ឆ្នាំ​កន្លែង​គាត់ ឬ​បុណ្យចូលឆ្នាំ​អី គាត់​ព្យាយាម​មក​ទំនាក់ទំនង​ខាង​ខ្ញុំ​ច្រើន​។ គេ​ឱ្យ​ខ្ញុំ ឱ្យ​អ្នកគ្រូ ឬ មិត្ត​ខ្ញុំ​ដទៃៗ​ទៀ​តទៅ​បង្ហាត់​របាំ​គោះត្រឡោក របាំ​ជូនពរ​។ គាត់​មាន​ប្រាក់​មក​ជួល​ពួកយើង​មែន តែ​ពួកគាត់​ចង់​រៀន​។ ដ្បិតតែ​ពួកគាត់​ហាត់រៀន​រយៈពេល​ខ្លី ហើយ​របាំ​ហ្នឹង​កាត់​ក៏ដោយ តែ​ខ្ញុំ​សប្បាយ​ចិត្តនឹង​ឃើញ​គាត់​សម្ដែង​»​។​
 
​គឺជា​តន្ត្រីករ​ភ្លេងបុរាណ លោក ច​ន ប៊ុន​វឌ្ឍន៍ វ័យ​២២​ឆ្នាំ ក៏បាន​មើលឃើញថា យុវជន​ខ្មែរ​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​ពី​សិល្បៈ​របស់ខ្លួន​ដែរ​។ ក្នុងនាម​ជា​សិល្បករ​មួយរូប ប៊ុន​វឌ្ឍន៍ ពិតជា​ត្រូវការ​ការគាំទ្រ​គ្រប់​រូបភាព​ពី​ប្រជាជន​ខ្មែរ​។ ប៊ុន​វឌ្ឍន៍ ទទូចថា ៖«​ខ្ញុំ​សំណូមពរ​ឱ្យ​យុវជន​ទាំងអស់​ចូលរួម​គាំទ្រ​សិល្បៈ​បុរាណ​ផ្សេងៗ​។ ខ្ញុំ​ចង់ឱ្យ​ពួកគាត់​ចូលរួម​លើកស្ទួយ មិនបាច់​ចូល​ជា​ថវិកា​ទិញ​សំបុត្រ​អ្វី​ទេ គ្រាន់តែ​គាត់​ជួយ​ផ្សព្វផ្សាយ​ម្នាក់​បន្តិចៗ ឱ្យ​បងប្អូន​យើង​បានដឹង​បានឮ​គឺ​បាន​ហើយ​»​។ 
  
 
​បុរស​ដែល​ប្រាថ្នា​ក្លាយខ្លួនជា​នាដក​របាំ​បុរាណ​រូបនេះ ថា​ទាល់តែ​ខ្មែរ​ស្គាល់​ពីអ្វី​ដែលជា​របស់ខ្លួន​ច្បាស់ ទើប​អាច​និយាយ​ទាំង​មាន​ទំនុកចិត្ត​។ តន្ត្រីករ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ ៖« បើ​យើង​ស្គាល់​ពី​ទម្រង់​សិល្បៈ​របាំ​របស់​យើង ថ្ងៃ​ណាមួយ​យើង​បាន​ទៅ​បរទេស ហើយ​បាន​ផ្លាស់ប្ដូរ​បទពិសោធន៍ ហើយ​អាច​បង្ហាញ​ពី​សិល្បៈ​បុរាណ​ទៅដល់​ឆាក​អន្តរជាតិ ឱ្យគេ​បាន​ស្គាល់​ថា​នេះ​ជា​របស់​ខ្មែរ​»​។​
 
​កំពុងតែ​ឈរ​រង់ចាំ​ទស្សនា​សិល្បៈ​បុរាណ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​កញ្ញា លីម សុ​ណា​លី​ស  វ័យ​១៩​ឆ្នាំ ប្រៀប​សិល្បៈ​ខ្មែរ​ទៅនឹង​វត្ថុ​ដែល​នាំ​សិរី និង​កិត្តិយស​សម្រាប់​ប្រទេសជាតិ​។ សុ​ណា​លី​ស ផ្ដល់​តម្លៃ​យ៉ាង​ដូច្នេះ ៖«​ក្នុង​របាំ​នីមួយៗ​សុទ្ធ​តែមាន​អត្ថន័យ​ល្អ ជា​សិរី​រុងរឿង​សម្រាប់​ប្រទេសជាតិ ហើយក៏​ជា​មុខមាត់​សម្រាប់​ប្រទេសជាតិ​ផងដែរ​។ ខ្ញុំ​ស្រឡាញ់ ខ្ញុំ​គាំទ្រ ខ្ញុំ​តែងតែ​ឆ្លៀត​រៀន​របាំ​ហ្នឹង​ឱ្យបាន​ច្រើន​»​។​
  
 
​និយាយ​បង្កប់​ភាព​អស់សង្ឃឹម សុ​ណា​លី​ស សង្កេតឃើញ​ក្មេងជំនាន់ក្រោយ​កាន់តែ​បង្ហាញ​ការមិន​ចាប់អារម្មណ៍​លើ​សិល្បៈ​បុរាណ​។ នារី​សម្បុរ​ស ដែល​អនាគត​នឹង​ក្លាយជា​នាដកា​របាំ​មួយរូប​នោះ ថា​ខ្មែរ​ត្រូវតែ​ស្គា​ល់ពី​សិល្បៈ​វប្បធម៌​ខ្លួន​ឱ្យ​ច្បាស់ មុន​ស្គាល់​វប្បធម៌​បរទេស​។ «​ក្មេង​ឥឡូវ​មិនសូវ​បាន​ចាប់អារម្មណ៍​មកលើ​វប្បធម៌​ទេ​។ អ្នកខ្លះ​ស្រឡាញ់​ដែរ តែ​មិនមាន​ឧបនិស្ស័យ​ក៏​មិនបាន​រៀន​។ ការជះឥទ្ធិពល​សិល្បៈ​បរទេស ក៏​ធ្វើឱ្យ​សិល្បៈ​ខ្មែរ​ធ្លាក់​ចុះទៅៗ​ដែរ​។ ពេល​មានការ​សម្ដែង ខ្ញុំ​គិតថា​ពួកគាត់​គួរតែ​មក​មើល និង​ស្វែងយល់​ឱ្យបាន​ច្រើន ព្រោះ​វា​ជា​លំនឹង​នៅក្នុង​ចិត្ត​។ យើង​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់ មុន​ស្គាល់​ពិភពលោក​ខាងក្រៅ​។ ពេល​យើង​ស្គាល់​ខ្លួនឯង​ច្បាស់ គ្មាន​អ្នកណា​អាច​ងាក​រ៉េ​យើង​បានទេ​»​។ នេះ​ជាការ​យល់ឃើញ​របស់​ក​ញ្ញា សុ​ណា​លី​ស​។​
 
​ចំណែក​លោក ញ៉េប ពន្លឺ វ័យ​២៥​ឆ្នាំ ទើបតែ​រួច​ដៃ​ពី​ការហាត់​សម​ភ្លេង​មុន​ការសម្ដែង បាន​បញ្ចេញយោបល់​យ៉ាង​ដូច្នេះ​៖ យុវជន​គាត់​មិនសូវ​ចាប់អារម្មណ៍​សិល្បៈ​បុរាណ​ប៉ុន្មាន​ទេ​។ មាន​អ្វីដែល​ថ្មី​ចូលមក​ក្នុងប្រទេស​យើង គាត់​ចាប់ផ្ដើម​ផ្អើល រត់​មកនេះ​បន្តិច រត់​ទៅនោះ​បន្តិច​។ ការផ្សព្វផ្សាយ ខ្ញុំ​គិតថា​នៅ​ទន្ទឹមគ្នា​នឹង​វប្បធម៌​ផ្សេង​ចូលមក​។ អ្នកខ្លះ​គាត់​ងាក​មក​បុរាណ​បន្តិច តែ​ការណ៍​នេះ​គាត់​ធ្វើ​មិន​ច្បាស់​។ គាត់​ឃើញ​សិល្បៈ​គេ​ល្អ​គាត់​រត់​ទៅវិញ មកពី​គាត់​ស្គាល់​សិល្បៈ​ខ្មែរ​មិន​ច្បាស់ មិន​ស្គាល់​ថា​អ្វី​ជា​របស់​ខ្លួនឯង​»​។​
  
 
​តន្ត្រីករ​រូបនេះ​ថ្លែង​ទាំង​ហួសចិត្ត​ថា ខ្មែរ​មួយចំនួន​ដែល​មិនបាន​ស្រាវជ្រាវ​ពី​សិល្បៈ​វប្បធម៌​ខ្លួន​ច្បាស់ តែង​យល់ច្រឡំ​ថា​ខ្មែរ​ចម្លង​សិល្បៈ​បុរាណ​ពី​បរទេស ទាំង​ដែល​បរទេស​ជា​អ្នកចម្លង​ពី​ខ្មែរ​។ លោក​បញ្ជាក់ ៖«​ភ្លេង​ហ្នឹង​បាត់បង់​មក​យូរហើយ ថា​មួយរយ​ឆ្នាំមុន​ចុះ តែ​យើង​មាន​ឯកសារ​មួយ ដែល​គ្នា​ខ្ញុំ​មួយក្រុម​ហ្នឹង បាន​ស្រាវជ្រាវ​ពី​ឯកសារ និង​គ្រូ​ចាស់ៗ បញ្ជាក់ថា​លេង​តាំងពី​មួយរយ​ឆ្នាំមុន​។ ពេល​យើង​យកមក​លេង អ្នកភ្លេង​ដែល​គាត់​មិនដឹង គាត់​មិនសូវ​តាមដាន​រឿងបុរាណ គាត់​ថា​យើង​យក​បទ​ថៃ​មកលេង តាមពិត​បទ​នេះ​ខ្មែរ​មាន​»​។​
 
​លោក ពន្លឺ ព្យួ​យ​បារម្ភ​ថា បើ​ខ្មែរ​ចេះតែ​មិនឱ្យ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​របស់ខ្លួន ទៅ​ថ្ងៃ​អនាគត​ខ្មែរ​អាច​នឹង​ក្លាយជា​ប្រទេស​ដែល​គ្មាន​អត្ត​សញ្ញា​ផ្ទាល់ខ្លួន​។ ពន្លឺ សម្ដែង​ក្ដី​ព្រួយបារម្ភ​ដូច្នេះ ៖« យុវវ័យ​ដែល​គាត់​ដាក់ចិត្ត​ថា​ស្រឡាញ់​សិល្បៈ​បុរាណ មិន​ថា​រៀន​ខាង​ក្រសួង​វប្បធម៌ ឬ​នៅទីណា សុំឱ្យ​គាត់​ប្រាកដ​ចិត្ត​ខ្លួនឯង នឹង​សិល្បៈ​បុរាណ​។ ប្រទេស​ខ្មែរ​យើង​គេ​ស្គាល់​ច្រើន ដោយសារ​វប្បធម៌​បុរាណ​។ បើ​យើង​មិន​ខំ​ថែរក្សា​ទេ ឱ្យ​បាត់ទៅ ថ្ងៃ​ណាមួយ​ប្រទេស​របស់​យើង នឹង​ក្លាយជា​ប្រទេស​ដែល​មិនមាន​វប្បធម៌ គ្មាន​ប្រពៃណី​»​។ 
 
​សិល្បៈ​ប្រៀបបាន​នឹង​រាងកាយ​របស់​មនុស្សម្នា​ក់​។ អ្នក​អាច​ស្រ​ម៉ៃ​ឃើញថា បើ​មនុស្ស​ម្នាក់​គ្មាន​ដៃ គ្មាន​ជើង ឬ​គ្មាន​អ​វៈ​ជីវៈ​ណាមួយ តើ​គេ​អាច​គ្រប់លក្ខណៈ​ជា​មនុស្ស​ដោយ​សមសួន​ឬទេ​? ដូចគ្នា​ដែរ​សិល្បៈ​គឺជា​គ្រឿង​លម្អ​របស់​ប្រទេសជាតិ​មួយ ក្នុងការ​បំពេញបន្ថែម​វិស័យ​ផ្សេងៗ ដើម្បី​លើកមុខ​មាត់​ប្រទេស ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។​
 
​ទោះជា​យ៉ាងណា​មនុស្ស​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ជ្រើសរើស ឬ​ឱ្យ​តម្លៃ​អ្វីដែល​ខ្លួន​ពេញចិត្ត​។ ប៉ុន្ដែ​ប្រជាជន​ក្នុង​ប្រទេសមួយ មាន​កាតព្វកិច្ច​ថែរក្សា​សិល្បៈ​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្លួន​។ ដូនតា​ខ្មែរ​បាន​បូជាជីវិត និង​បញ្ញា​ស្មារតី ដើម្បី​រក្សា​ឱ្យបាន​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិ ដូច្នេះ​ខ្មែរ​ជំនាន់​ក្រោយ​ក៏​ត្រូវតែ​ការពារ​បន្ត​ដែរ​៕ 
 


Tag:
 សិល្បៈ​បុរាណ​ខ្មែរ​
  សិល្បៈ​
  វប្បធម៌​
  ប្រពៃណី​
© រក្សាសិទ្ធិដោយ thmeythmey.com