ជាតិ
សង្គមជាតិ
ស្ពាន​ជ្រោយចង្វារ​នឹងដាក់​ឲ្យ​ប្រើ​ជា​បណ្តោះអាសន្ន​មុន​បុណ្យចូលឆ្នាំ​ខែ្មរ​
03, Feb 2019 , 4:59 pm        
រូបភាព
​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន នឹងដាក់​អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ក្រោយ​ជួសជុល​សម្រេចបាន ៩៣​ភាគរយ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


​គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ទី​១​នេះ ចំណាយ​ទឹកប្រាក់​ប្រហែល​៣៣​លាន​ដុល្លារ​អាមេរិក ដែល​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់ រដ្ឋាភិបាល​ជប៉ុន​។ ក្រុមហ៊ុន​ជប៉ុន​ចំនួន​ពីរ ទទួលបាន​សិទ្ធិ​ក្នុងការ​ជួសជុល គឺ​ក្រុមហ៊ុន Obayashi ជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ ក្នុងការ​ជួសជុល​សាងសង់ និង​ក្រុមហ៊ុន Central Consultant Inc ជា​ក្រុមហ៊ុន​ទីប្រឹក្សា បច្ចេកទេស ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​។​
 
​គួររម្លឹកថា ស្ពាន​ជ្រោយចង្វារ​កសាង​ក្នុង​ឆ្នាំ​១៩៦៣ បើ​គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ​មាន​អាយុកាល ៥០​ឆ្នាំ​។ ស្ពាន​នេះ​បាន​ជួសជុល​រួច​ម្ដង​ហើយ​កាលពី​ឆ្នាំ ១៩៩២ ក្រោយពី​រង​ការខូចខាត​កាលពី​សង្គ្រាមស៊ីវិល​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com