ជាតិ
សង្គមជាតិ
អភិបាលក្រុង​សៀមរាប​ហាម​ពលរដ្ឋ​ដុត​គ្រឿងផ្ទុះ ដុត​រំសេវ ក្នុង​រដូវចូលឆ្នាំ​ចិន​
04, Feb 2019 , 7:39 am        
រូបភាព
អភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា
អភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា
ដោយ: ថ្មីៗ
 
​សៀមរាប​៖ រដ្ឋបាល​ក្រុង​សៀមរាប នៅ​ថ្ងៃទី​២៩ មករា បានចេញ​បទបញ្ជា​មួយ ដោយ​ហាម​ការប្រើប្រាស់ ការ​នាំចូល​គ្រប់​ប្រភេទ​នូវ​គ្រឿងផ្ទុះ រំសេវ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​។ បទបញ្ជា​នេះ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​រក្សា​សុវត្ថិភាព សន្ដិសុខ សណ្ដាប់​ធ្លាប់ ជៀសវាង​អគ្គិភ័យ និង​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​នៅក្នុង​ក្រុង​សៀមរាប​ទាំងមូល​។​

 
​ក្នុង​ក្រដាស​បទបញ្ជា​ដែលមាន​ចុះហត្ថលេខា​ដោយ​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​រៀបរាប់​ខ្លឹមសារ​មួយៗ ដែល​រួមមាន ហាម​ការ​នៃ​ចូល លក់ ទិញ រំសេវ ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ មក​ធ្វើ​អាជីវកម្ម​នៅតាម​ទីផ្សារ តាម​ផ្ទះ តូប​លក់ដូរ​ផ្សេងៗ និង​នៅតាម​ទីសាធារណ​ជាដើម​។ ហាម​ប្រើប្រាស់​រំសេវ ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ដើម្បី​ដុត​កម្សាន្ត​លេង ឬ​អបអរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​។ 
 
​បទបញ្ជា​ខាងលើ​បាន​សង្កត់ធ្ងន់ និង​ប្រាប់​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព ដោយ​ត្រូវ​ត្រួតពិនិត្យ និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជន​ដែល​ប្រព្រឹត្តិ ក៏ដូចជា​ធ្វើការ​អប់រំ និង​ណែនាំ​ធ្វើ​កិច្ចសន្យា ការផាកពិន័យ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាដើម​។ គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​បទបញ្ជា​នេះ​ឱ្យបាន​ទូលំទូលាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com