កីឡាអន្តរជាតិ
អន្តរជាតិ
​ក្រោយ​ឈ្នះ Arsenal លោក Guardiola ថា Man City ស្ថិតក្នុង​សម្ពាធ មិនមែន Liverpool ឡើយ​
04, Feb 2019 , 10:31 am        
រូបភាព
Aguero រក​បាន​៣គ្រាប់ក្នុងជ័យជម្នះ ៣-១ លើ Arsenal។ រូបថត Man City
Aguero រក​បាន​៣គ្រាប់ក្នុងជ័យជម្នះ ៣-១ លើ Arsenal។ រូបថត Man City
ដោយ: ថ្មីៗ
​ខណៈដែល Liverpool មិនទាន់​ប្រកួត​បង្គ្រប់​សប្តាហ៍​ទី​២៥​របស់ខ្លួន Manchester City បាន​ឡើងទៅ​កាន់តែ​ប្រកៀក​កំពូល​តារាង Premier League បន្ទាប់ពី Sergio Aguero បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ លើ​ភ្ញៀវ Arsenal កាលពី​រាត្រី​ថ្ងៃអាទិត្យ​។ គ្រូបង្វឹក​ក្រុម Man City លោក Pep Guardiola បាន​លើកឡើងថា ជ័យជម្នះ​នេះ កាន់តែ​ធ្វើ​ឲ្យ​ក្រុម​លោក​កាន់​តែមាន​សម្ពាធ ក្នុង​ដំណើរ​ប្រជែង​យក​ជើងឯក​។​

 
​ការប្រកួត​មិនទាន់​ដំណើរការបាន​១​នាទី​ស្រួលបួល​ផង Sergio Aguero រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​សម្រាប់ Man City ហើយ​ខ្សែការពារ Laurent Koscielny បានតែ​ត​វាយបក​តាម​ស្មើ​វិញ​សម្រាប់ Arsenal​។ នៅ​ចុង​ម៉ោង​ក្នុង​តង់​ទីមួយ Aguero បន្ថែម​មួយគ្រា​ប់​ទៀត មុននឹង​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ សម្រេចបាន​គ្រាប់​ទី​បី​នៅ​នាទី​៦១ ខណៈដែល​ក្រុម​កីឡាករ​កាំភ្លើង​ធំ​តវ៉ា​ថា ជា​បាល់​ប៉ះ​ដៃ​។​
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ Man City មាន​ពិន្ទុសរុប​៥៩ ដោយ​ចាញ់ Liverpool តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ មុនពេល​ដែល​ហង្ស​ក្រហម​ត្រូវ​ប្រកួត​សប្តាហ៍​ទី​២៥​របស់ខ្លួន​នៅ​ទឹកដី West Ham United នា​រាត្រី​ថ្ងៃ​ចន្ទ​នេះ​។ Arsenal ត្រូវ​ធ្លាក់​ទៅ​លេខ​៦ ខណៈ Manchester United ឡើង​លេខ​៥ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ Leicester City ១-០ ។​
 
​លោក Guardiola អបអរ​ដែល Aguero សម្រេចបាន​គ្រាប់ Hat-Trick លើក​ទី​១០​របស់ខ្លួន​សម្រាប់​ក្លិប ប៉ុន្តែ​លោក​លើកឡើងថា ទីតាំង​របស់ Man City នាពេលនេះ ជាទី​តាំង​ដែល​ស្ថិតក្នុង​សម្ពាធ​។ លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​ចង់​នៅ​ទីតាំង​របស់ Liverpool ជាង​ទីតាំង​របស់​យើង​នៅពេលនេះ​»៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com