ក្ដីសុបិនចិន ត្រូវបានលើកឡើងជាលើកដំបូងក្នុងឆ្នាំ២០១២ ដោយលោក ស៊ី ជិនភីង ដែលពេលនោះទើបអង្គុយកៅអីអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។ ចាប់ពីពេលនោះ ប្រព័ន្ធឃោសនាចិនក៏ចាប់ផ្ដើមយុទ្ធនាការលើកកម្ពស់ក្ដីសុបិនចិន។ ក្នុងពេលថ្លែងសុន្ទរកថាលើកដំបូងក្នុងនាមប្រធានាធិបតីចិនក្នុងឆ្នាំ២០១៣ លោក ស៊ី បានលើកឡើងពីពាក្យមួយម៉ាត់នេះជាញឹកញយ។ អ្វីទៅជាក្ដីសុបិន ដែលមេដឹកនាំចិននិយាយមិនដាច់ពីមាត់?
ក្ដីសុបិនចិន សំដៅដល់មហិច្ឆតាការធ្វើឲ្យចិនរឹងមាំ រីកចម្រើនឡើងវិញ និងមានមុខមាត់លើឆាកអន្តរជាតិក្នុងយុគសម័យថ្មី។ ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលដាក់ចេញមហិច្ឆតានេះ ចាត់ទុកក្ដីសុបិនចិន ជាគោលដៅរបស់រួមរបស់ប្រជាជនទាំងអស់ មិនថាក្នុង ឬក្រៅស្រុកឡើយ រាប់ទាំងតៃវ៉ាន់ផង។ លោក ស៊ី ផ្ទាល់ បានភ្ជាប់ទស្សនវិស័យធំនេះទៅនឹងព្រឹត្តិការណ៍ធំចំនួនពីរទៀត ដែលត្រូវកើតឡើងឆ្នាំ២០២១ និងឆ្នាំ២០៤៩ ។
ឆ្នាំ២០២១ គឺជាខួបទី១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលសព្វថ្ងៃមានលោក ស៊ី ជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម ឯឆ្នាំ២០៤៩ ជាខួបទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលលោក ស៊ី ជាប្រធានាធិបតីដែរ។ ចិនដាក់គោលដៅថា នៅឆ្នាំ២០២១ ចិនត្រូវក្លាយជាសង្គមដែលមានកម្រិតរស់នៅសមរម្យ។ សម្រាប់ឆ្នាំ២០៤៩ វិញ ចិនត្រូវតែក្លាយប្រទេសមហាអំណាចលើគ្រប់វិស័យ។
ក្នុងសុន្ទរកថាមួយក្នុងឆ្នាំ២០១៤ លោក ស៊ី បញ្ជាក់ថា៖ «នៅពេលបច្ចុប្បន្ន ប្រជាជនចិនដែលចង់ឃើញការសម្រេចឲ្យបានគោលដៅ១០០ឆ្នាំទាំងពីរ និងការក្ដីសុបិនចិនក្នុងការធ្វើឲ្យប្រទេសខ្លាំងក្លាឡើងវិញ»។ ការភ្ជាប់គោលដៅធំទាំងនេះជាមួយគ្នា មានន័យស្មើនឹងការកំណត់កាលបរិច្ឆេទនៃការសម្រេចឲ្យក្ដីសុបិនក្នុងយុគសម័យថ្មីនេះដែរ។
គិតត្រឹមឆ្នាំ២០១៩ នៅសល់ពីរឆ្នាំទៀតនឹងគោលដៅទីមួយ គឺសង្គមមួយដែលមានវិបុលភាពល្អប្រសើរ។ តាំងពីពេលដាក់ចេញទស្សនៈវិស័យរួចមក លោក ស៊ី បានកាច់ចង្កូតចិនទៅមុខក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់។ ទោះជាកំណើនធ្លាក់ចុះជាបន្តបន្ទាប់ពី៧,៥ភាគរយក្នុងឆ្នាំ២០១៣ មក៦,៦ភាគរយនៅឆ្នាំ២០១៨ សេដ្ឋកិច្ចចិននៅតែជាក្បាលម៉ាស៊ីនអូសសេដ្ឋកិច្ចសាកលដដែល។
ភាពក្រីក្រដែលសូចនាករសំខាន់ដើម្បីវាស់ស្ទង់ភាពរីកចម្រើននោះ ក៏ត្រូវបានកាត់បន្ថយច្រើនដែរ។ ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់បានកើនពីជិត៦ពាន់ដុល្លារទៅដល់ជាង៨២០០ដុល្លារ។ ចំនួនប្រជាជនក្រីក្រក៏ធ្លាក់ចុះជាបន្តបន្ទាប់ ដោយចន្លោះឆ្នាំ២០១៣-២០១៦ ប្រជាជន៥៥លាននាក់រួចផុតពីភាពក្រីក្រ ដែលវាច្រើនជាងចំនួនប្រជាជនកូរ៉េខាងត្បូងទៅទៀត។ ក្រុងប៉េកាំងដាក់គោលដៅលុបបំបាត់ភាពក្រីក្រឲ្យអស់នៅត្រឹមឆ្នាំ២០២០ ។
មុនដល់ឆ្នាំ២០៤៩ ដែលជាខួបទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំចិនបានដាក់គោលដៅមួយ គឺប្រែក្លាយចិនទៅជាប្រទេសសង្គមនិយមទំនើបនៅឆ្នាំ២០៣៥ ។ លោក ស៊ី អះអាងថា ក្នុងរយៈពេល១៥ ឆ្នាំ (២០២០-២០៣៥) ចិននឹងទៅជាប្រទេសមានដែលមានការច្នៃប្រឌិតថ្មី ជាមហាអំណាចសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ជំរុញកម្រិតរស់នៅរបស់ប្រជាជន ហើយកាត់បន្ថយគម្លាតអ្នកមាន និងអ្នកក្រផង។
ចាប់ពីឆ្នាំ២០៣៥ ទៅ ចិននៅមានពេល១៥ឆ្នាំទៀតដើម្បីក្លាយជាមហាអំណាចគ្រប់វិស័យរបស់ពិភពលោកនៅឆ្នាំ២០៤៩ ។ នៅត្រឹមពាក់កណ្ដាលសតវត្សរ៍ទី២១ ចិនមានសេដ្ឋកិច្ច នយោបាយ និងសង្គមកម្រិតដ៏ខ្ពស់មួយ ហើយចិនគឺជាប្រទេសដ៏មានឥទ្ធិពលមួយលើពិភពលោក។ សម្រាប់លោក ស៊ី ពេលនោះហើយ ដែលប្រជាជនចិនអាចងើបមុខដោយមោទកភាព៕