ជាតិ
សង្គមជាតិ
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បកស្រាយរឿងសែនចិនក្នុងក្រសួង
× អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអះអាងថា កម្មវិធីសែនព្រេនក្នុងក្រសួងព្រឹកនេះ ជាពិធីដែលធ្វើឡើងតាមប្រពៃណីខ្មែរ (សែនជំនាងក្រសួង) មិនមែនតែសែនចូលឆ្នាំចិននោះទេ ។
លោក អ៊ុំ សុថា បាននិយាយថា កម្មវិធីព្រឹកនេះជាពិធីសែនព្រះភូមិរបស់ក្រសួង ដើម្បីសុំសេខក្តីសុខដល់មន្ត្រីរាជការទាំងអស់។ ហើយពិធីនេះមិនមែនជាពិធីធំដុំទេ ពេលមន្ត្រីក្រសួងអុចធូបរួច ពួកគេទៅធ្វើការវិញជាធម្មតា។
អ្នកនាំពាក្យក្រសួងឧស្សាហកម្មរូបនេះ បាននិយាយថា៖«ដោយសារក្រសួងយើងមានរានទេវតា យើងអុចធូបបន់ស្រន់តាមប្រពៃណី យើងយកថ្ងៃនឹងមកសែនគេថាចិនដែរ តាមពិតពិធីនឹងយើងមិនធ្វើជាចិនទេ ខ្មែរយើងមានរានទេវតា។ យើងយកថ្ងៃខែដាច់ មកសែនមានខុសអី»។
លោកបានបញ្ជាក់ថា ក្រសួង ដែលចង់អញ្ជើញមន្ត្រីរាជការក្នុងក្រសួងទាំងអស់មកធ្វើបុណ្យជុំគ្នានេះ គឺដោយសារមិនចង់ឲ្យគេថាធ្វើបុណ្យតែម្នាក់ឯង ដូច្នេះដើម្បីបង្កើនភាពសាមគ្គីគ្នា ក៏ជូនដំណឹងទៅ។ ហើយការអញ្ជើញនេះមិនមានការបង្ខិតបង្ខំនោះទេ។
លោកបាននិយាយថា៖«បើមិនជូនដំណឹងយើងអុចធូបតែឯងក៏វាមិនសមដែរ យើងចង់ជុំគ្នា ប៉ុន្តែមិនមែនបង្ខំដាច់ខាតត្រូវតែមកឯណា នេះគ្រាន់ជាការឲ្យដឹង ។ អ្នកណាមិនមកក៏អត់ទៅ អ្នកណាសែននៅផ្ទះក៏សែនទៅ អ្នកណាទំនេរក៏មកអុចធូប ហើយចូលធ្វើការវិញទៅ»។
គួររម្លឹកថា តាមរយៈលិខិតមួយ ចុះថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ បានសរសេរថា សូមគោរពអញ្ជើញមន្ត្រីក្រសួងតាំងពីថ្នាក់ រដ្ឋលេខាធិការ ដល់ប្រធាន អនុប្រធានការិយាល័យ ចូលរួមពីធីសែនចូលឆ្នាំចិន ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com