អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ថា ប្រើ​យោធា​ជា​ជម្រើស ឯ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ត្រៀម​កម្ទេច​រាល់​សត្រូវ​ឈ្លានពាន​
04, Feb 2019 , 12:20 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ បានប្រកាស​ជា​សាធារណៈ​នូវ​ជំហរ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប៉ុន្តែ​លោក ត្រាំ មិនបាន​បញ្ជាក់​ទេ​ថា នៅ​កាលៈទេសៈ​ណា​ទើប​អាមេរិក​សម្រេចចិត្ត​ប្រើប្រាស់​ជម្រើស​មួយ​នេះឡើយ ខណៈ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកាស​ការពារ​ខ្លួន​ជាស្រេច​។ អាមេរិក​ដែល​គាំទ្រ​លោក ហ័ន ក្វៃ​ដូ ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​នោះ កំពុងតែ​ដឹកនាំ​យុទ្ធនាការ​ដើម្បី​ទម្លាក់​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ចេញពី​តំណែង​។

 
​ខណៈ​ស្ថានភាព​នយោបាយ​កាន់តែ​តានតឹង ជម្រើស​ប្រើ​យោធា​ដើម្បី​បណ្ដេញ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ បាន​ធ្លាក់​ចេញពី​បបូរមាត់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយផ្ទាល់​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ដែល​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ លោក ត្រាំ ត្រូវបាន​សួរថា កត្តា​អ្វីខ្លះ​ដែល​អាមេរិក​សម្រេចចិត្ត​ធ្វើ​អន្តរាគមន៍​យោធា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រធានាធិបតី​អាមេរិក​មិនបាន​ផ្ដល់​ចម្លើយ​ជាក់លាក់​ឡើយ តែ​ព្រមាន​ថា យោធា​គឺជា​ជម្រើស​មួយ​។​
 
​សព្វថ្ងៃនេះ អាមេរិក​កំពុង​ដឹកនាំ​ប្រទេស​ជាច្រើន​ក្នុងការ​អូសទាញ​លោក ម៉ា​ឌុយ​រ៉ូ ឲ្យ​ចេញពី​កៅអី​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ កាល​ថ្ងៃទី​២៣ ខែមករា​កន្លងទៅ ក្រុង​វ៉ាស៊ីនតោន​បានទទួល​ស្គាល់​ប្រធានសភា ហ័ន ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​អ្នកនយោបាយ​រូបនេះ​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ចំពោះមុខ​បាតុករ​រាប់ពាន់នាក់​។ លោក ក្វៃ​ដូ ចាត់ទុក​លោក ម៉ា​ឌុយ​រ៉ូ ជា​មេដឹកនាំ​ស្របច្បាប់ ព្រោះ​ការជាប់ឆ្នោត​របស់លោក​ជា​រឿង​ខុសច្បាប់​។ 
 
​លើសពី​ព្រមាន​ប្រើ​កម្លាំង​ទ័ព​នោះ លោក ត្រាំ ក៏​អះអាងថា លោក​បដិសេធ​សំណើ​ចរចា​របស់លោក ម៉ា​ឌុយ​រ៉ូ កាលពី​ខែ​មុន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា ជំហរ​អាមេរិក និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ឆ្ងាយ​គ្នា​ណាស់​។ 
 
​ភ្លាមៗ​ក្រោយ​ប្រធានាធិបតី​អាមេរិក​ប្រកាស​ដូចខាងលើ វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏​ចេញមុខ​ប្រតិកម្ម​តប​វិញ និង​ចាត់ទុក​ការលើកឡើង​របស់រប​ស់លោក ត្រាំ ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ អនុ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា  Delcy Rodriguez ប្រកាសថា ប្រទេស​លោកស្រី​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​វាយបក​សត្រូវ​ឈ្លានពាន​។ លោកស្រី​អះអាង​ទៀតថា បញ្ហា​អធិបតេយ្យ​មិនអាច​ចរចា​ឡើយ​ទេ តែ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​ការពារ​ខ្លួន​ដាច់ខាត​។​
 
​រដ្ឋបាល​ប្រធានាធិបតី ត្រាំ តែង​លើក​ឡើងជា​ញឹកញាប់​នូវ​ការប្រើប្រាស់​កម្លាំងយោធា ស្រប​ពេលដែល​អាមេរិក​ក៏​ព្យាយាម​ដាក់​សម្ពាធ​កាន់តែខ្លាំង​ឡើងៗ​តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ប្រេង​រដ្ឋ និង​ការអំពាវនាវ​ឲ្យ​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ងាក​ទៅ​គាំទ្រ​លោក ក្វៃ​ដូ វិញ​។ អាមេរិក​ក៏​ស្នើ​ឲ្យ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ដើរ​តាម​ខ្លួន​ក្នុងការ​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​វ័យក្មេង​រូបនេះ​ដែរ​។​
 
​យ៉ាងណាមិញ លោក ម៉ា​ឌុយ​រ៉ូ ដែល​ដឹកនាំ​ប្រទេស​ធ្លាក់​មកដល់​ស្ថានការណ៍​ដូច​បច្ចុប្បន្ន នៅតែមាន​មហាអំណាច​គាំទ្រ​ច្រើន​ដូចជា​រុស្ស៊ី ចិន អ៊ីរ៉ង់ និង​តួ​ក​គី​ជាដើម​។ កាន់តែ​សំខាន់​នោះ លោក​ក៏​នៅមាន​ការគាំទ្រ​របស់​យោធា​ដដែល ទោះជា​មានការ​រត់គេច​ពី​មន្ត្រី​យោធា​មួយចំនួន​ក្ដី​។ ចុងក្រោយ​នេះ ឧ​ត្ត​ម​សេនីយ៍​ជើង​អាកាស​ម្នាក់​បានទទួល​ស្គាល់​លោក ក្វៃ​ដូ ប៉ុន្តែ​វា​នៅតែ​មិនអាច​បង្ក​ក្ដីបារម្ភ​សម្រាប់​លោក ម៉ា​ឌុយ​រ៉ូ ដ្បិត​ឧ​ត្ត​ម​សេនីយ៍​ក្ដាប់​ទ័ព​ឈរ​ខាង​លោក​ទៅហើយ​៕
 
 

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ដូ​ណា​ល់ ត្រាំ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com