ជាតិ
ពីនេះ ពីនោះ
ហេតុអ្វីគេនិយម «ដុតផាវ,លោតម៉ុងសាយ, ព្យួរគោមក្រហម, ជូនអាំងប៉ាវ និងបិទក្រដាសក្រហម» នៅថ្ងៃបុណ្យចូលឆ្នាំចិន? 
×![]()
«បុណ្យចូលឆ្នាំចិន» ឬហៅម្យ៉ាងទៀតថា«បុណ្យនានិទាឃរដូវ» ដែលជាពិធីបុណ្យដ៏ធំមួយរបស់ជនជាតិចិន និងវៀតណាម។ សម្រាប់ជនជាតិខ្មែរកាត់ចិន ក៏និយមប្រកាន់ភ្ជាប់ពិធីបុណ្យប្រពៃណីចិននេះផងដែរ។ សម្រាប់អ្នកដែលមិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិននេះ ពួកគេប្រាកដជាស្រពេចស្រពិលអំពីប្រវត្តិពិត ថាតើហេតុអ្វីបានជាគេនិយម «លោតម៉ុងសាយ, ព្យួរគោមក្រហម, ជូនអាំងប៉ាវ និងបិទក្រដាសក្រហមនៅតាមជញ្ជាំងផ្ទះ ។ តើប្រពៃណីទាំងអស់នេះ មានប្រវត្តិពិតប្រាកដដូចម្តេច?
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមស្តាប់ការបកស្រាយរបស់លោក លឹម កញ្ចរ៉ុង ទាក់ទងនឹងប្រវត្តិ ដុតផាវ លោតម៉ុងសាយ ព្យូរគោមក្រហម ជូនអាំងប៉ាវ និងបិទក្រហមដូចតទៅ៖
លោក លឹម កញ្ចរ៉ុង គ្រូបង្រៀនភាសាចិន នៅវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន បានប្រាប់ថា «ការដុតផាវ,លោតម៉ុងសាយ, ព្យួរគោមក្រហម, ជូនអាំងប៉ាវ និងបិទក្រដាសក្រហម» នៅពិធីបុណ្យចូលឆ្នាំចិន គឺទាក់ទងនឹងរឿងព្រេងរបស់ជនជាតិចិន ដែលដើមឡើយមានសត្វចម្លែកមួយ ឈ្មោះថា «មាន» ដែលមានរូបរាងដូចនឹងសត្វម៉ុងសាយសព្វថ្ងៃ។
សត្វចម្លែកនេះតែងតែចេញមកស៊ីក្មេងៗនៅថ្ងៃបុណ្យចូលឆ្នាំចិន។ អ្នកភូមិទាំងអស់ក៏បាននាំគ្នារត់ទៅកន្លែងដែលឆ្ងាយ ដើម្បីរត់គេចពីសត្វចម្លែកនោះ។ ដោយឡែកមានតាចាស់ម្នាក់ មិនព្រមចាកចេញពីភូមិនោះទេ ដោយសារលោកតា ចង់ឃើញថារូបរាងសត្វចម្លែកនោះ។ តាចាស់នោះមិនខ្លាចនឹងសត្វចម្លែកនោះស៊ីទេ គាត់បានដុតភ្លើងយ៉ាងធំ និងបានយកដើមឬស្សីជាច្រើនដើម មកធ្វើជាសំឡេងចម្លែកផងដែរ។
លុះដល់សត្វចម្លែកបានឃើញលោកតានោះ ក៏វាមិនហ៊ានចូលស៊ីលោកតាម្នាក់នោះទេ ដោយសារតែសត្វនោះខ្លាចភ្លើងពណ៌ក្រហម និងសម្លេងដើមឬស្សី ដូច្នេះគេសន្មតថាសត្វនោះខ្លាចអ្វីៗ ដែលមានពណ៌ក្រហម និងសម្លេងខ្លាំងៗពីដើមឬស្សី ទើបគេបង្កើតបានជាគោមក្រហម ក្រដាសក្រហមសម្រាប់បិទនៅមុខផ្ទះ មុខទ្វារ ឬនៅលើដើមឈើ និងជូនអាំងប៉ាវក្រហម ព្រមទាំងការដុតផាវ នៅពិធីបុណ្យចូលឆ្នាំប្រពៃណីចិននោះ គឺដើម្បីបណ្តេញសត្វចង្រៃនោះចេញ។ ពលរដ្ឋចិន វៀតណាម និងកូនខ្មែរកាត់ចិន មានជំនឿថា ប្រពៃណីទាំងអស់នោះ នឹងនាំសេចក្តីសុខដល់ក្រុមគ្រួសារខ្លួន ទើបពួកគេតែងតែប្រារព្ធពិធីនេះឡើងមិនដែលខកខានឡើយ។ នេះបើតាមការបកស្រាយរបស់លោក លឺម កញ្ចរ៉ុង ដែលបានប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com