ជាតិ
សង្គមជាតិ
ពង្រឹងសន្តិសុខ, ត្រៀមពន្លត់អគ្គិភ័យ, សម្រួលចរាចរណ៍...ជាការងារចម្បងរបស់ប៉ូលិសក្នុងថ្ងៃចូលឆ្នាំចិន
× លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំមួយ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។ តាមរយៈសេចក្តីណែនាំ លោក នេត សាវឿន បានដាក់ការងារអាទិភាពមួយចំនួន ទៅឲ្យប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អនុវត្ត នៅក្នុងពិធីបុណ្យនេះ។
ការងារអាទិភាពទាំងនោះ រួមមាន យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធនឹងស្ថាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសត្រូវក្តាប់ឲ្យបាននូវឧបាយកល សកម្មភាព ឬការញុះញង់នានា ដែលបង្កឲ្យមានអសន្តិសុខ និងឲ្យធ្វើឲ្យសង្គមមានចលាចល។ ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមទីអារាម ព្រះវិហារចិន វៀតណាម និងកូរ៉េ រួមទាំងការសម្រួលចរាចរណ៍ ក៏ជាការងារសំខាន់ ដែលកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ដែរ។
លើសពីនេះ លោក នេត សាវឿន បានណែនាំឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរដែនដី និងរម្លឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសការអុចទៀន-ធូប ចរន្តអគ្គិសនី ព្រមទាំងហាមមិនឲ្យដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះផ្សេងៗ។ ជាមួយគ្នានេះ កម្លាំងនគរបាល ត្រូវប្រមូលផ្តុំកម្លាំង និងធម្យោបាយប្រចាំការ ដើម្បីត្រៀមអន្តរាគមន៍ចេញពន្លត់និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។
អគ្គស្នងការនគរបាលជាតិ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ទទួលបានសេចក្តីណែនាំនេះ ឯកឧត្តម ប្រធាននាយករដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕
Tag:
នេត សាវឿន
ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com