English-Français
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​កសិកម្ម​ជនជាតិ​បារាំង Jean-Michel Gallet៖«​បើ​គ្មាន​កសិករ (​កសិកម្ម​) ទេ ទម្រង់​នៃ​វប្បធម៌​អាច​បាត់បង់​!»
02, Nov 2020 , 10:38 am        
រូបភាព
​ភ្នំពេញ​៖ វប្បធម៌​រលំ ជាតិ​រលាយ​។ នេះ គឺជា​អ្វីដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បានដឹង និង​បានលឺ​គ្រប់គ្នា​។ ចុះ​តើ​អ្វី​ទៅជា​ទំនាក់ទំនង​រវាង​វិស័យ​វប្បធម៌ និង​វិស័យ​កសិកម្ម​? អ្នកជំនាញ​ផ្នែក​កសិកម្ម​ជនជាតិ​បារាំង​លោក Jean-Michel Gallet បាន​ពិពណ៌នា​ថា វិស័យ​កសិកម្ម និង​វប្បធម៌​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថែមទាំង​ហ៊ាន​និយាយថា ប្រសិនបើ​គ្មាន​កសិករ​ទេនោះ ទម្រង់​នៃ​វប្បធម៌​អាច​បាត់បង់​។

 


ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់​លើ​ការអត្ថាធិប្បាយ​នេះ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ខ្លី​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) និង​លោក Jean-Michel Gallet អ្នកជំនាញ​ផ្នែក​កសិកម្ម​ជនជាតិ​បារាំង​ដូចតទៅ​៖ 
 



 
​លោក Jean-Michel Gallet ជា​អ្នកជំនាញ​កសិកម្ម​ជនជាតិ​បារាំង​។ ប៉ុន្តែ​លោក​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ស្វែងយល់ និង​តាមដាន​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ ផ្អែកលើ​ទស្សន​របស់លោក​, វិស័យ​កសិកម្ម​របស់​កម្ពុជា បាន និង​កំពុងធ្វើដំណើរ​ចេញពី​ផលិតកម្ម​សម្រាប់​ផ្គត់ផ្គង់​ក្នុងប្រទេស​ទៅជា​ផលិតកម្ម​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​ជំនួញ​។ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ខ្មែរ​, លោក Jean-Michel Gallet លោក​ទឹកចិត្ត​ឲ្យ​មានការ​បណ្តុះបណ្តាល​កសិក​រ​បន្ថែមទៀត​។ ម្យ៉ាងទៀត ភាគី​ពាក់ព័ន្ធ ត្រូវធ្វើ​យ៉ាងដូចម្តេច​ជំរុញ​ឲ្យ​កសិករ​ក្លាយជា​«​មេដឹកនាំ​កសិកម្ម​ពិតប្រាកដ​»​។ 
 
​ទាក់ទង​ទៅនឹង​ប្រវត្តិ​ប្រទាក់ក្រឡា​គ្នា​រវាង​វប្បធម៌ និង​កសិកម្ម​, លោក Jean-Michel Gallet បាន​ពន្យល់ថា​៖«​វប្បធម៌​នៃ​ប្រទេសមួយ​ពឹង​ផ្អែកលើ​កសិកម្ម ឬ​កសិករ​នៃ​ប្រទេស​នោះ​។ បើ​គ្មាន​កសិករ​ទេ ទម្រង់​នៃ​វប្បធម៌​អាច​បាត់បង់ ឬ​អាច​នឹងមាន​បញ្ហា​»​។ ជនជាតិ​បារាំង​រូបនេះ បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់ថា ពិធី​ច្រត់ព្រះនង្គ័ល គឺជា​ពិធី​ប្រពៃណី​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​កសិកម្ម​។ នេះ គឺជា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​វប្បធម៌ និង​កសិកម្ម​។ លោក Jean-Michel Gallet បាន​បន្ថែមទៀតថា ចំរៀង ឬ​ចង្វាក់រាំ​មួយចំនួន​របស់​ខ្មែរ​សុទ្ធតែ​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម​។ 
 
​នៅ​ទីបញ្ចប់ លោក Jean-Michel Gallet បាន​អះអាង​ដោយ​ជឿជាក់ថា គេ​មិនអាច​កាត់ផ្តាច់​រវាង​វប្បធម៌ និង​កសិកម្ម​បានឡើយ ដូច្នេះ ការអភិរក្ស និង​អភិវឌ្ឍ​កសិកម្ម គឺជា​រឿង​ចាំបាច់​៕ 
 

Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com