ជាតិ
សេដ្ឋកិច្ច
កសិករ និង​អ្នកលក់​បន្លែ​ថា «​ខាត់ណា​ឈើ ឬ​ខាត់ណា​ដើម​» ជា​ប្រភេទ​បន្លែ​លក់ដាច់​ជាងគេ​ក្នុង​រដូវចូលឆ្នាំ​ចិន​
04, Feb 2019 , 4:22 pm        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​បន្លែ​នាំចូល​ពី​បរទេស​មួយចំនួន «​ខាត់ណា​ឈើ ឬ​ខាត់ណា​ដើម​» ជា​បន្លែ​ក្នុងស្រុក​មួយ​ប្រភេទ ដែលមាន​តម្រូវការ​ខ្ពស់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។ បន្លែ​ប្រភេទ​នេះ អាច​យកទៅ​ចម្អិន​ធ្វើជា​ម្ហូបអាហារ​ផ្សេងៗ​បាន​ច្រើន ដូចជា ឆា និង​ជាស​ម្លរ​មួយចំនួន​ជាដើម​។ ប្រជាកសិករ​ដាំ​បន្លែ និយម​ដាំ​ដុះ​បន្លែ​នេះ នៅពេល​ជិត​បុណ្យទាន​ប្រចាំឆ្នាំ​ធំៗ​មកដល់ ពិសេស​បុណ្យចូលឆ្នាំ​ចិន​តែម្តង​។ អ្នក​ដាំ​បន្លែ​ទាំងនោះ បាន​លើកឡើងថា ខាត់ណា​ឈើ ជា​បន្លែ​ស្រួល​លក់​ជាង​បន្លែ​ផ្សេងៗ​បំផុត ក្នុង​រដូវចូលឆ្នាំ​ចិន ព្រមទាំង​ទទួលបាន​ចំណូល​ខ្ពស់​ទៀតផង​។


 
​បុរស​វ័យ​ជិត​៣០​មួយរូប កំពុង​ឈរ​ស្រោច​ទឹក​នៅ​ចម្ការ​បន្លែ​ខាត់ណា​ឈើ​របស់ខ្លួន លើ​ផ្ទៃដី​ទទឹង​ប្រមាណ​៣០​ម៉ែត្រ និង​បណ្តោយ​១០០​ម៉ែត្រ នៅ​ភូមិ​ប្រាយ​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។  លោក ខន ខេ​ម ជា​ជន​ចំណូល​ថ្មី​ក្នុងភូមិ​-​ស្រុក​នេះ លោក​ទើបតែ​ចាប់​អាជីព​ជា​អ្នក​ដាំ​បន្លែ​បាន​ជាង​បី​ឆ្នាំ​ប៉ុណ្ណោះ​។ បន្លែ​ខាត់ណា​ឈើ​នេះ សម្រាប់​ត្រៀម​លក់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​។ 


 
​លោក ខេ​ម បាន​និយាយ​ទាំង​ក្តី​រីករាយ​ជាមួយ​ដំណាំ​ដែល​កំពុង​ធ្វើ​ថា ខាត់ណា​ឈើ​នេះ ទើបតែ​មាន​អាយុ​បាន​ជាង​មួយខែ​ប៉ុណ្ណោះ​។ ដូច្នេះ ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន គឺ​ត្រូវប៉ាន់​តែម្តង សម្រាប់​យក​លក់​នៅឯណា​ផ្សារ​នានា ក្នុង​ក្រុងភ្នំពេញ​។ ជាទូទៅ​បន្លែ​ប្រភេទ​នេះ អាយុ​កាលពី​៥៥ ទៅ​៦០​ថ្ងៃ គឺ​ពេញ​អាច​កាត់​យកទៅ​លក់បាន​ហើយ​។ នេះ​បើតាម​បុរស​រូបនេះ​។ 
​លោក ខន ខេ​ម បាន​និយាយ​ដូច្នេះ​« ខាត់ណា​ឈើ​នេះ ខ្ញុំ​ដាំ​តែម្តង​ទេ ក្នុង​មួយឆ្នាំ ហើយ​ការដាំ​នោះ​គឺ​តម្រូវ​ឲ្យ​កៀក ឬ​ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​តែម្តង ដោយ​រំពឹងថា នឹង​ទទួលបាន​ប្រាក់ចំណូល​ច្រើនជាង​ថ្ងៃ​ធម្មតា ឬ​ពិធីបុណ្យ​ប្រចាំ​ផ្សេងៗ​។ ក្នុង​មួយឆ្នាំៗ វា​មានតម្លៃ​ចន្លោះ​ពី​៣ ទៅ​៤​ពាន់​រៀល ក្នុង​មួយ​គីឡូ​ក្រោម ដែលជា​តម្លៃ​បោះ​ដុំ ឬ​ម៉ៅ​ចម្ការ តែម្តង​។ ចម្ការ​បន្លែ​ខាត់ណា​ឈើ​នេះ អាច​ឲ្យ​ទ​ន្និ​ផល​បាន​យ៉ាងហោចណាស់​៥​តោន ក្នុង​មួយឆ្នាំ​។ នេះ​បើតាម លោក ខន ខេ​ម ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ 
 
​រីឯ លោក សឿន ង៉ោ​ល  ក៏មាន​គំនិត និង​ដាំ​ដុះ​មិន​ខុសគ្នា​ពី​បុរស​ខាងលើ​ប៉ុន្មាន​ដែរ ដោយ​លោក យល់ឃើញថា ខាត់ណា​ឈើ មានតម្លៃ​ល្អប្រសើរ នា​រដូវចូលឆ្នាំ​ចិន​។  បុរស​ដែល​បទពិសោធន៍​ដាំ​បន្លែ​ជាង​៣០​ឆ្នាំ​រូបនេះ បាន​ដាំ​បន្លែ​ខាត់ណា​ឈើ​លើ​ផ្ទៃដី​ជិត​៤០​ម៉ែត្រ គុណ​១០០​ម៉ែត្រ ដែល​អាច​ទទួល​ប្រាក់ចំណេញ​បាន​ចន្លោះ​ពី​៦​លាន​រៀល ទៅ​៨​លាន​រៀល ដែល​អាស្រ័យ​តាម​ទីផ្សារ​ជាក់ស្តែង​។ ក្រោយ​ផុត​រដូវចូលឆ្នាំ​ចិន លោក សឿង ង៉ោ​ល ងាក​ទៅ​ដាំ​បន្លែ​ផ្សេងៗ ដែល​ងាយស្រួល​ថែទាំ និង​ឆាប់​ក្នុងការ​ទទួលផល ដូចជា​៖ ពោត​បារាំង ស្ពៃ​តឿ និង​ត្រប់​ជាដើម​។ 


 
​ដោយឡែក អា​ជីករ​ដែល​លក់​បន្លែ​នៅ​ផ្សារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​ដូច្នេះ​ដែរ​ថា ខាត់ណា​ឈើ ជា​បន្លែ​លក់ដាច់​ខ្លាំង​ក្នុងចំណោម​បន្លែ​ដែល​នាំចូល​ពី​បរទេស​មួយចំនួន នា​រដូវចូលឆ្នាំ​ចិន​។ អ្នកស្រី សុខ រ៉ាវី ជា​អ្នកលក់​បន្លែ​មួយកន្លែង នៅ​ផ្សារ​បឹងត្របែក បាន​និយាយថា ខាត់ណា​ឈើ លក់បាន​តម្លៃ​ខ្ពស់​ទៅតាម​តម្រូវការ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ដែល​តម្លៃ​មិន​ក្រោម​៦,០០០​រៀល ក្នុង​មួយ​គីឡូ​ឡើយ​។ ហើយ​ឆាំ្ន​ខ្លះ​លក់បាន ៦,០០០ ទៅ ៨,០០០​រៀល​។ ឯ​ឆ្នាំ​ខ្លះទៀត​ឈានទៅដល់​១២,០០០​រៀល​ក៏មានដែរ ព្រោះ​បន្លែ​ក្នុង​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ត្រូវ​នាំចូល​ពី​វៀតណាម ដែលមាន​តម្លៃ​ខ្ពស់​។ 
 
​អ្នកស្រី វី បាន​អះអាងថា បើ​ថ្ងៃ​ធម្មតា​វិញ បន្លែ​ខាត់ណា​ឈើ ក៏​មិនមាន​តម្លៃ​មិន​ទាប​ដែរ ដែល​អាច​លក់បាន​៤,០០០ ទៅ ៥,០០០​រៀល ក្នុង​មួយ​គីឡូ​ក្រោម​។ 


 
​ចំណែក អ្នកស្រី លី សុខ​ហៀ​ង ជា​អ្នកលក់​បន្លែ​បោះ​ដុំ និង​រាយ​គ្រប់មុខ  មួយកន្លែង​នៅ​ផ្សារ​ដើម​គរ ក៏បាន​លើក​ដូច​ស្ត្រី ដែល​លក់​បន្លែ​នៅ​ផ្សារ​បឹងត្របែក​ផងដែរ​។  ជាមួយគ្នានេះ អ្នកស្រី សុខ​ហៀ​ង ក៏បាន​រំពឹងទុក​ថា​«​ខាត់ណា​ឈើ ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ នឹងមាន​តម្លៃ​មិន ទាប​ជាង​៧,០០០​រៀល ក្នុង​មួយ​គីឡូ​ក្រោម​ឡើយ​។ «​ព្រោះ​មាន​ពីរ​ចំណុច ដែល​បានជា​ខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ​។ ទី​១ បន្លែ​នេះ ជា​រៀងរាល់ឆ្នាំ​មិនដែល​មានតម្លៃ​ទាប ពោល មិន​ក្រោម​៦,០០០​រៀល ក្នុង​មួយ​គីឡូ​ក្រោម នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន និង​ទី​២  គឺ​សូវ​ជាមាន​អ្នក​ដាំ​ដុះ​ច្រើន​។ ទោះជា​ច្រើន ក៏​ថោក​ដែរ​»​។ នេះ​បើតាម​អ្នកស្រី សុខ​ហៀ​ង​។​
 
​សូមបញ្ជាក់ថា បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន នៅ​ឆ្នាំ​២០១៩​នេះ នឹង​ប្រារព្ធ​ឡើង​ក្នុង​រយៈពេល​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៤​ដល់​៦ កុម្ភៈ ៕ 




 

Tag:
 កសិកម្ម​
  បន្លែ​
  ចូលឆ្នាំ​ចិន​
  ២៥​ខេត្ត​-​រាជធានី​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com