អន្តរជាតិ
មូលហេតុ​អ្វី​បានជា​ចិន និង​ឥណ្ឌា​មាន​ប្រជាជន​ច្រើន​ម្ល៉េះ​?
04, Feb 2019 , 9:19 pm        
រូបភាព
​អាស៊ី​ខាងត្បូង ក៏ដូចជា​អាស៊ី​ខាងកើត​ត្រូវ​មានឈ្មោះ​ល្បីល្បាញ​ដោយសារ​មាន​ប្រជាជន​រស់នៅ​ច្រើន បើ​គិត​ជា​ដង់ស៊ីតេ​ប្រជាជន​សរុប​។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​មូល​ហេតុអ្វី​បានជា​មហាអំណាច​ធំ​ពីរ​ឥណ្ឌា​និង​ចិន​មាន​ចំនួន​ប្រជាជន​រស់នៅ​ច្រើន​ម្ល៉េះ​?

 
​រដ្ឋ​អាស៊ី​ខាងត្បូង​ឥណ្ឌា និង​រដ្ឋ​អាស៊ី​ខាងកើត​ចិន​គឺជា​ប្រទេស​ដែលមាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​រាប់ពាន់​ឆ្នាំ​មកហើយ​។ ចិន​មាន​ប្រជាជន​ជិត​១,៣៨ ពាន់​លាន​នាក់​។ ឯ​ឥណ្ឌា​វិញ​មាន​ចំនួន​ប្រជាជន​តិចជាង​ចិន​បន្តិចបន្តួច​ប៉ុណ្ណោះ​ពោលគឺ ១,៣៣ ពាន់​លាន​នាក់​។  ចំណែក​សកម្មភាព​ប្រជាជន​ដែល​រស់នៅក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ក៏មាន​ភាព​មមា​រញឹក​ខ្លាំង​ដូចគ្នា​ដែរ​។ 
​បើតាម​អត្ថបទ​នៃ​គេហទំព័រ mentalfloss.com ក្រោម​ចំណងជើង​ថា​«Why are there so many people in India and China?» កត្តា​ចម្បង​ដែល​បណ្តាល​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ប្រជាជន​ច្រើន​គឺ​ស្បៀងអាហារ​។ ប្រទេស​ទាំងពីរ​នេះ ស្ថិតនៅ​តំបន់​ត្រូពិច និង​មាន​អាកាសធាតុ​ត្រជាក់​បង្គួរ​។ អាកាសធាតុ​បែបនេះ អនុគ្រោះ​ដល់​ការធ្វើ​ដំណាំ​ដែលមាន​បង្កបង្កើនផល​បាន​ច្រើន​។ ម្យ៉ាងវិញទៀត ធនធានទឹក​ដែលមាន​ដូចជា​ទន្លេ ស្ទឹង ឬ​បឹងបួរ​ជាដើម ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការដាំដុះ​និង​បង្កបង្កើនផល​សិ​កម្ម​ផងដែរ​។ 
 
​ចំណែក​វិញ​ដី​មាន​ជីវជាតិ​ខ្ពស់ ហើយ​មាន​ទំហំ​ធំ​សម្រាប់​ការធ្វើ​កសិកម្ម​។ ត្រង់ចំណុច​នេះ គេ​គួរ​យល់ថា ប្រទេស​ដែលមាន​លទ្ធភាព​ធ្វើ​កសិកម្ម​បានល្អ បង្កើត​ស្បៀង​ហូបចុក​គ្រប់គ្រាន់  ភាគច្រើន​តែង​បង្ក​ភាពងាយស្រួល​ក្នុងការ​រស់នៅ និង​អាចបង្កើត​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​បាន​ឆាប់រហ័ស​។​
 
​យ៉ាងណាក៏ដោយ​អ្នក​គួរ​កត់ចំណាំ​ថា ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ក្នុង​តំបន់​នេះ​មិនមែន​កើតឡើង​ក្នុង​រយៈពេល​ត្រឹម​១០ ឆ្នាំ ឬ​១០០​ឆ្នាំ​នោះទេ​។ ពេលខ្លះ វា​ត្រូវបាន​រយៈពេល​ជាច្រើន​រយ​ឆ្នាំ រួមទាំង​កាលៈទេសៈ​ពិសេសៗ​ជាច្រើន​ទម្រាំ​អាច​តាមដាន និង​កំណត់​កត្តា​រួមចំណែក​ឲ្យ​មាន​កំណើនប្រជាជន​ច្រើន​បែបនេះ​៕

Tag:
 ឥណ្ឌា​
 ​ចិន​
 ​ប្រជាជន​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com