អន្តរជាតិ
តើ​«​គោលនយោបាយ​ចិន​តែមួយ​»​ជា​អ្វី​?
17, Apr 2019 , 9:30 am        
រូបភាព
ដោយ:
«​គោលនយោបាយ​ចិន​តែមួយ​»  ត្រូវ​បានលើកឡើង​ដំបូងបង្អស់ នៅ​ឆ្នាំ ១៩៧២ ក្នុង​សេចក្តីប្រកាស​ក្រុង​សៀង​ហៃ រវាង​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ដូច​បានចែង​ក្នុង​សេចក្តីប្រកាស​នេះ គោលនយោបាយ​ចិន​តែមួយ ជា​គោលជំហរ​របស់​ចិន ដែល​អះអាងថា​គឺ រដ្ឋាភិបាល​ចិន​តែមួយ​ប៉ុណ្ណោះ​។  ក្រោម​គោលនយោបាយ​នេះ សហរដ្ឋអាមេរិក​ទទួល​ស្គាល់ និង​មាន​ចំណង​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ពុំមែន​សាធារណរដ្ឋ​ចិន (​កោះ​តៃវ៉ាន់​) ឡើយ​។

 
«​គោលនយោបាយ​ចិន​តែមួយ​» គឺជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​សហរដ្ឋអាមេរិក​-​ចិន​។ ហើយ​វា​ក៏​ជា​សសរ​គោល​ដ៏​ចម្បង​នៃ​កិច្ចការ​ការទូត និង​ការបង្កើត​គោលនយោបាយ​ការបរទេស​របស់​ចិន​ផងដែរ​។ ទោះបីជា​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​ដៃគូ​ផ្នែក​ការទូត​ជា​ផ្លូវ​របស់ខ្លួន​ក្តី ក្រុង​វ៉ាស៊ីនតោន​នៅតែ​រក្សា​ចំណង​ទំនាក់ទំនង​ក្រៅផ្លូវការ​ជាមួយ​តៃវ៉ាន់ ជាពិសេស វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការពារជាតិ​ជាដើម​។ តួយ៉ាង សហរដ្ឋអាមេរិក មាន​ទំហំ​ពាណិជ្ជកម្ម​យ៉ាងច្រើន​ជាមួយ​តៃវ៉ាន់ ហើយក៏​នៅតែ​បន្ត​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​កោះ​មួយ​នេះ​អាច​ការពារ​ខ្លួនឯងបាន​ថែមទៀត​ផង​។​
 
​ថ្វីបើ​រដ្ឋាភិបាល​ត៉ៃ​វ៉ាន់​បាន​អះអាងថា ខ្លួន​ជា​ប្រទេស​ឯករាជ្យ​មួយ​ដែល​ត្រូវបាន​ស្គាល់​ជា​ផ្លូវការ​ថា «​សាធារណៈរដ្ឋ​ចិន​»  ប៉ុន្តែ​ប្រសិនបើ​ប្រទេស​ណា​ចង់​ភ្ចា​ប់​ទំនាក់ទំនង​ការទូត​ជាមួយ​ចិនដីគោក ពួកគេ​ត្រូវតែ​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុង​តៃប៉ិ​ជាមុនសិន​។ ជា​លទ្ធផល ទំនាក់ទំនង​ផ្នែក​ការទូត​របស់​តៃវ៉ាន់​ត្រូវបាន​ទុកចោល​នៅ​ឆ្ងាយ​ពី​សមាគមន៍​អន្តរជាតិ​។ បច្ចុប្បន្ននេះ កោះ​តៃវ៉ាន់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ត្រឹមតែ ១៧​ប្រទេស​ប៉ុណ្ណោះ ដែល​ភាគច្រើន​គឺ​សុទ្ធតែជា​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក តំបន់​អាហ្វ្រិក តំបន់​អាមេរិក​ឡាទីន និង​កា​រ៉ា​អ៊ី​ប​។ 
 
 
«​គោលនយោបាយ​ចិន​តែមួយ​» នេះ គឺជា​លទ្ធផល​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ក្នុង​ឆ្នាំ​១៩៤៩​។ កាលនោះ ក្រុម​ជាតិនិយម​បក្ស គូ​ម៉ី​ង​តាំង​(Kuomintang) ដែល​ដឹកនាំ​ដោយ​លោក ចាង ខាយ​ចៀក (Chiang Kai-shek)​បាន​ចាញ់​សង្គ្រាម រួច​បាន​ដកទ័ព​ទៅ​តាំងទី​នៅ​កោះ​តៃវ៉ាន់ និង​បាន​បង្កើត​រដ្ឋាភិបាល​នៅ​ទីនោះ​។ ចំណែកឯ​ក្រុម​កុម្មុយនីស្ត​ដែល​ដឹកនាំ​ដោយ ម៉ៅ សេទុង បានចាប់ផ្តើម​កាន់កាប់​ដីគោក និង​ក្រោយមក​បានប្រកាស​ឈ្មោះ​ប្រទេស​ថា «​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។ ភាគី​ទាំង​ពីរបាន​អះអាងថា ខ្លួន​តំណាង​ស្របច្បាប់​របស់​ចិន​។ 
 
​ចាប់តាំងពី​ឆ្នាំ​១៩៤៩​មក សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​សាធារណរដ្ឋ​ចិន (​តៃវ៉ាន់​) ជា​សម្ព័ន្ធមិត្ត​ខ្លួន និង​ថែមទាំង​បាន​រក្សា​កៅអី​នៅក្នុង​អង្គការសហប្រជាជាតិ​ទៀតផង​។ ស្ថានការណ៍​ចាប់ផ្តើម​ប្រែប្រួល​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ក្រោយពី​ទំនាក់ទំនង​រវាង​ចិន​កុ​ម្មុយ​នី​ស និង​សហភាពសូវៀត​ហាក់​មាន​ភាព​ល្អក់កករ​។ ស្ថិតក្នុង​សង្គ្រាមត្រជាក់​នៅឡើយ អាមេរិក​មានបំណង​ចង់​បង្កើត​ចំណងទាក់ទង​ការទូត​ជាមួយ​ចិនប្រជាមានិត​ក្នុង​គោលដៅ​ទប់ទល់​សហភាពសូវៀត​។ 
 
​ឆ្លើយតប​នឹង​បំណង​នេះ ចិនដីគោក​ដែល​ដឹកនាំ​ដោយ ម៉ៅ សេទុង បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​ស្គាល់ «​គោលការណ៍​ចិន​តែមួយ​» ដែល​ក្នុងន័យនេះ ចិន​កុម្មុយនីស្ត​តែមួយ​ប៉ុណ្ណោះ​តំណាង​ឲ្យ​ចិន ហើយ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ដែល​ដឹកនាំ​របស់​ប៉េកាំង​។ ចុងក្រោយ ក្នុង​ឆ្នាំ ១៩៧៩ ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើត​ចំណង​ការទូត​ជា​ផ្លូវការ​ជាមួយ​ក្រុង​ប៉េកាំង ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី​អាមេរិក ជី​មី កា​ទ័​រ (Jimmy Carter) ។ ជា​លទ្ធផល សហរដ្ឋអាមេរិក​បាន​សម្រេច​បិទ​ស្ថានទូត​ប្រចាំ​ក្រុង​តៃប៉ិ​។​
 
​ដោយ​ពុំ​ចង់​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​តៃវ៉ាន់ សភា​អាមេរិក​ក៏បាន​អនុម័ត​ច្បាប់​ស្តីពី​ទំនាក់ទំនង​តៃវ៉ាន់ ដែល​ធានា​ឲ្យ​បាន​នូវ​ការគាំទ្រ​សម្រាប់​កោះ​តៃវ៉ាន់ ជាពិសេស​ផ្នែក​សន្តិសុខ​។ តួយ៉ាង ក្រុង​វ៉ាស៊ីនតោន​នៅតែ​អាច​បន្ត​លក់​អាវុធ​ទៅកាន់​តៃវ៉ាន់​ដដែល​។ ទន្ទឹមនឹង​គ្នា​នេះ សហរដ្ឋអាមេរិក​ក៏បាន​រក្សា​ទំនាក់ទំនង​ក្រៅផ្លូវការ​មួយ​នៅក្នុង​ទីក្រុង​តៃប៉ិ ដោយ​ប្រើប្រាស់​វិទ្យាស្ថាន​អាមេរិក​ក្នុងប្រទេស​តៃវ៉ាន់ ។ វិទ្យាស្ថាន​នេះ​គឺ​ស្ថាប័នឯកជន​មួយ​ដែល​ភាគច្រើន​ធ្វើ​សកម្មភាព​ផ្នែក​ការទូត​៕
 

Tag:
 ចិន​
  គោលនយោបាយ​ចិន​តែមួយ​
© រក្សាសិទ្ធិដោយ thmeythmey.com