រថយន្ត
អន្តរជាតិ
ការលក់​រថយន្ត​នៅ​ចិន​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​
04, Feb 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ការលក់​រថយន្ត​នៅក្នុង​ប្រទេស​ចិន ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់ South China Morning Post ដោយ​ភ្ជាប់​មូលហេតុ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ចិន និង​អាមេរិក​។​



​ការលក់​ចេញ​នូវ​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ នៅក្នុង​ប្រទេស​ចិន បាន​ធ្លាក់​៥,៨​ភាគរយ កាលពី​ឆ្នាំមុន​។ សមាគម China Passenger Car Association បាន​គូសបញ្ជាក់ថា នេះ​ជាការ​ដាំ​ក្បាល​ចុះ​ដ៏​ធំ​បំផុត​ក្នុង​ទីផ្សារ​រថយន្ត​នៅ​ចិន បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩២ មក​។​
 
​ក្រុមហ៊ុន​យានយន្ត Great Wall Motor និង Geely Autombile Holding បាន​បង្កើន​កិច្ចពិភាក្សា​កំណត់​គោលនយោបាយ​ទីផ្សារ ក្រោយ​ឃើញ​តួលេខ​ធ្លាក់ចុះ​នៃ​ការលក់​រថយន្ត​ក្នុងប្រទេស​ចិន​កាលពី​ខែធ្នូ​កន្លងមក​។​
 
​លោក Ning Jizhe អនុប្រធាន​គណៈកម្មាធិកា​រ​កែទម្រង់ និង​អភិវឌ្ឍន៍​ជាតិចិន បាន​អះអាង​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា ការប្រឹងប្រែង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងស្រុក គឺជា​រឿង​ចាំបាច់​បំផុត​ក្នុង​ឧស្សាហកម្ម​យានយន្ត ប៉ុន្តែ​លោក​មិន​លើកឡើង​ពី​គោលការណ៍​លំអិត​នោះឡើយ​។​
 
​តួលេខ​លក់​ចេញ​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ខែធ្នូ ជាពិសេស​នៅ​តំបន់​ចិនដីគោក​។ Geely ដែលជា​ក្រុមហ៊ុន​ដ៏​ជោគជ័យ​បំផុត​នៅ​ចិន តាមរយៈ​ការលក់​ចេញ​កើន​៨,៤​ភាគរយ នៅ​ទឹកដី​ហុងកុង បន្ទាប់ពី​កំណើន​ដ៏​យឺត​នៅ​ទឹកដី​ចិនដីគោក​។ ក្រុម​ដែល​គ្រប់គ្រង​លើ​ផលិតផល Volvo និង​មាន​ភាគហ៊ុន​ក្នុង Daimler ផងដែរ​នោះ មានការ​លក់​ចេញ​ធ្លាក់ចុះ​ដល់​ទៅ​៤៤​ភាគរយ កាលពី​ខែធ្នូ​។​
 
​សង្គ្រាម​ពាណិជ្ជកម្ម ចិន​-​អាមេរិក បាន​គឺជា​មូលហេតុ​ចម្បង​នៃ​ការធ្លាក់ចុះ​នេះ ជាពិសេស​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ដែល​ថយចុះ ៥,៨​ភាគរយ ពោលគឺ​ត្រឹមតែ​២២,៣៥​លាន​គ្រឿង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៨​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោក Zhou Ling អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​ស្ថាប័ន​វិនិយោគ Shanghai Shiva បាន​លើកឡើងថា ក្រុមហ៊ុន​យានយន្ត​ចិន ត្រូវការ​ការគាំទ្រ​ជា​ចាំបាច់​ពី​សំណាក់​រដ្ឋាភិបាល ប៉ុន្តែ​ស្ថានភាព​បែបនេះ វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com