ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពីនេះ ពីនោះ
តើ​គេ​ប្រើពាក្យ​ចិន «​កុង​, ម៉ា​, ប៉ា​,​ម៉ាក់​, ប៉ិ​, អ៊ឹម​,​ចឹក​,​សឹម​,​គូ​,​គឹម​,​អា​ធី​,​អា​មួយ​,​សោ​…» មានន័យ​ដូចម្ដេច​?
25, Jan 2020 , 7:39 am        
រូបភាព
រូបពី​លោក លឹម កញ្ជរ៉ុង គ្រូបង្រៀ​ន​ភាសា​ចិន នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន
រូបពី​លោក លឹម កញ្ជរ៉ុង គ្រូបង្រៀ​ន​ភាសា​ចិន នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន
ដោយ: ថ្មីៗ
​កូន​ខ្មែរ​ដែល​កាត់​សែស្រឡាយ​ចិន គឺ​ប្រាកដជា​ដឹង​ពី​របៀប​ហៅ​ក្រុមគ្រួសារ​របស់ខ្លួន ផ្ទុយទៅវិញ​សម្រាប់​អ្នក​ដែល​មិន​កាត់​សែស្រឡាយ​ចិន គឺ​ប្រាកដ​មានការ​ងឿងឆ្ងល់ ប៉ុន្តែ​ពួកគេ​ក៏មាន​របៀប​ហៅ​ញាតិសន្តាន​របស់គេ​ខុសពី​របៀប​ហៅ​តាម​ភាសា​ចិន​ផងដែរ​។ តើ​របៀប​ហៅ​គ្រួសារ​ខាង​ខ្មែរ​កាត់​ចិន និង​គ្រួសារ​ខ្មែរ ខុសគ្នា​ដូចម្តេច​?


 
​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់  សូម​ស្តាប់​កិច្ច​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​ជាតិ កម្ពុជា​-​អាស៊ាន ដូចតទៅ​៖
 


 
​លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យា​សា្ថ​ន​ជាតិ កម្ពុជា​-​អាស៊ាន បាន​និយាយថា របៀប​ហៅ​សាច់ញាតិ​តាម​ភាសា​ចិន គឺ​បែង​ចែង​ជា​ពីរ​គ្រួសារ មួយ​សំដៅលើ​គ្រួសារ​ខាង​ស្រី និង​គ្រួសារ​ខាង​ប្រុស ឬ​ម្យ៉ាង​ទៀតថា គ្រួសារ​ខាង​ប្រពន្ធ និង​គ្រួសារ​ខាង​ប្តី​។ តាម​ភាសា​ចិន តា​ជៀវ  ពាក្យ​ដែល​ទាក់ទង​នឹង​សាច់ញាតិ​នេះ គឺ​ប្រើ​ទៅតាម​មែកធាង​ខុសៗ​គ្នា​។  
 
​ខ្មែរ​កាត់​ចិន​ប្រើពាក្យ​ចិន​ថា «​កុង​» និង​«​ម៉ា​» សំដៅលើ​ឱ​ពុក និង​ម្តាយ របស់​ឱ​ពុក​ម្តាយ​របស់់​យើង​។ ពាក្យ «​កុង​» និង​«​ម៉ា​» គឺ​មិនមាន​ការ​បែង​ចែង​គ្រួសារ​ម្ខាង​ណា​ឡើយ គ្រួសារ​ខាង​ណា​ក៏​អាច​ហៅ​បាន​ដូចគ្នា​។ ដោយឡែក​ខ្មែរ​ទៅវិញ​ទេ ដែល​ហៅ «​កុង​» និង​«​ម៉ា​» ថា «​តា និង​យាយ​»​។ 
 
​បន្ទាប់ពី «​កុង និង​ម៉ា​» គឺ​ឱ​ពុក​ម្តាយ​របស់​យើង ដែល​ខ្មែរ​កាត់​ចិន ហៅថា «​ម៉ាក់ ឬ ម៉ា​» ក៏បាន ចំណែក «​ប៉ា ឬ ទា​» ក៏បាន​។ សម្រាប់​ពាក្យ​ខ្មែរ អាច​ហៅ «​ម៉ាក់​» ថា​ជា «​ម្តាយ ឬ​ម៉ែ​» ក៏បាន ហើយ «​ប៉ា​» អាច​ហៅថា «​ឱ​ពុក ឬ​ពុក​» ក៏បាន​។ 
 
​ទាក់ទង​នឹង​សាច់​ញា​ត្តិ​ខាង​ប៉ា កូនៗ​ត្រូវ​ហៅ​អុំ​ប្រុស​របស់​ប៉ា​ថា ជា «​ប៉ិ​» រីឯ​ប្រពន្ធ​របស់​«​ប៉ិ​»  ហៅថា «​អ៊ឹម​»​។ ប្អូនប្រុស​បង្កើត​ខាង​ឱ​ពុក​យើង ដែល​ខ្មែរ​ហៅថា «​ពូ​» នោះ គេ​ហៅថា «​ចឹក​» ចំណែក​ប្រពន្ធ​របស់​ចឹក គឺ​ហៅថា «​សឹម​»​។ បន្ទាប់មក បងស្រី ឬ​ប្អូនស្រី​របស់​ឱ​ពុក ដែល​ខ្មែរ​យើង​ហៅថា អ៊ុំ​ស្រី និង​មីង នោះ គេ​ហៅថា «​កូវ​» ចំណែក​ប្តី​របស់​«​កូវ​» ហៅថា «​ទ្រា​»​។ 
 
​សម្រាប់​សាច់ញាតិ​ខាង​ម៉ាក់ កូនៗ​ត្រូវ​ហៅ បងប្រុស ឬ​ប្អូនប្រុស​របស់​ម៉ាក់ ដែល​យើង​ចំណាំ​ហៅថា អ៊ុំ​ប្រុស ក៏បាន​ពូ​នោះ កូនកាត់​ចិន​ហៅថា «​គូ​»​។ ចំពោះ​ប្រពន្ធ​របស់​គូ គេ​ហៅថា «​គីម​»​។ សម្រាប់​បងស្រី​របស់​ម៉ាក់​យើង គេ​ហៅថា «​ទាល់​អ៊ី​»  ចំណែក​ប្អូនស្រី​ពៅ​របស់​ម៉ាក់ យើង​ត្រូវ​ហៅថា «​អ៊ី​» ឬ​«​សយ​អ៊ី​» ក៏បាន​។  
 
​សម្រាប់​បងប្អូន​បង្កើត​របស់​យើង​វិញ គេ​ហៅ​បងប្រុស​បង្កើត​របស់​យើង​ថា «​ហ៊ា ឬ​អា​ហ៊ា​» ចំណែក​ប្រពន្ធ​របស់​អា​ហ៊ា គឺ​ហៅថា «​សោ​»​។ បងស្រី​បង្កើត គឺ​គេ​ហៅថា «​ចេ ឬ​អា​ចេ​» ហើយ​ប្តី​របស់​អា​ចេ គឺ​គេ​ហៅថា «​នឹង​»​។ ប្អូនប្រុស​ពៅ​របស់​យើង ហៅថា «​អា​ធី​» ចំណែក​ប្រពន្ធ​របស់​អា​ធី យើង​ហៅថា «​សោ​»  ហើយ​ប្អូនស្រី​ពៅ​របស់​យើង  ត្រូវ​ហៅថា «​អា​មួយ​» ហើយ​ប្តី​របស់​អា​មួយ យើង​ហៅថា «​នឹង​»​ដូចគ្នា​។ នេះ​បើតាម​ការបកស្រាយ​ដោយ​លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែល​បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com