ជាតិ
សង្គមជាតិ
សិល្បះ
ដំណឹងសោកសៅ! ព្រឹទ្ធាចារ្យរបាំ រស់ គង់ បានទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ ព្រឹទ្ធាចារ្យវិសេសនាដការវិជ្ជា រស់ គង់ ទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ។ ប្រភពរូបថត Chhourn Outdom
× ភ្នំពេញ៖ លោកយាយ រស់ គង់ ព្រឹទ្ធាចារ្យវិសេសនាដការវិជ្ជា ដែលជាអ្នកជំនាញរបាំព្រះរាជទ្រព្យ បានទទួលមរណភាពដោយជរាពាធ កាលពីម៉ោង៦:៣០នាទីល្ងាចនេះ។ សពលោកយាយ ត្រូវបានសាច់ញាតិ តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្រុមគ្រួសាររបស់លោកយាយ នៅសង្កាត់ច្បារអំពៅ។ នេះបើតាមលោក ហង់ ភូមិរ៉ា អ្នកដឹកនាំក្រុមយុវជនល្ខោនខោលជំនាន់ថ្មី ដែលបានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យ រស់ គង់ មានកូន៩នាក់ ប៉ុន្តែបានស្លាប់ក្នុងសង្គ្រាម៤នាក់។ កូនទាំងអស់របស់ព្រឹទ្ធាចារ្យ គឺសុទ្ធតែជាសិល្បករ។
មរតកមនុស្សរស់អ្នកស្រី រស់ គង់ ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង។ ព្រឹទ្ធាចារ្យជាគ្រូរបាំនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ តាំងពីទសវត្សរ៍ទី៨០ ដោយបង្ហាត់ពីថ្នាក់ថ្នាលដល់ថ្នាក់បញ្ចប់មធ្យមទុតិយភូមិ។ អ្នកស្រីបានហាត់រៀនរបាំ និងសម្ដែងរបាំតាំងពីសម័យសង្គមរាស្ត្រនិយម។
ក្រៅពីឯកទេសរបាំព្រះរាជទ្រព្យ អ្នកស្រី រស់ គង់ ក៏មានជំនាញរបាំប្រពៃណីផងដែរ។ អ្នកស្រីបានទៅសម្ដែងរបាំនៅក្រៅប្រទេសជាច្រើនប្រទេស។ មរតកមនុស្សរស់អ្នកស្រី រស់ គង់ ទទួលបានគោរមងារថ្នាក់ជាតិពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រឹទ្ធាចារ្យវិសេសនាដកាវិជ្ជា នៅក្នុងឆ្នាំ២០១៣៕
Tag:
របាំព្រះរាជទ្រព្យ
រស់ គង់
មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com