ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បែងចែក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្តមណ្ឌលគិរី ជា​៤​តំបន់
05, Feb 2019 , 9:43 am        
រូបភាព
​ភ្នំពេញ​៖ ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែលមាន​ទំហំ​ផ្ទៃដី​សរុប ៣៧២,៩៧១​ហិច​តា ក្នុង​ខេត្តមណ្ឌលគិរី   ត្រូវបាន​រដ្ឋាភិបាល បែង​ចែកជា​៤​តំបន់ ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ប្រកបដោយ​និរន្តរភាព​។ តំបន់​ទាំង​បួន​មាន តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍​។ នេះ​បើតាម​អនុក្រឹត្យ​រដ្ឋាភិបាល ចុះ​កាលពី​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០១៩​។​

 
​រដ្ឋាភិបាល បានបញ្ជាក់​នៅក្នុង​លិខិត​ថា តំបន់​ស្នូល មាន​ផ្ទៃដី​ជាង ១៨,៧​ម៉ឺន​ហិកតា ដែល​ត្រូវបាន​ចែកជា​ពីរ គឺ​ស្នូល​ទី​១​នៅ​ឃុំ​អរ​បួន​លើ ឃុំ​ណង​ឃី​ឡឹ​ក ឃុំ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​សង្គម នៃ​ស្រុក​កោះ​ញែក និង​ឃុំក្រង់​តេ ឃុំ​ពូ​ជ្រៃ ក្នុងស្រុក​ពេ​ជ្រា​ដា​។ តំបន់​ស្នូល​ទី​២ ស្ថិតនៅ​ឃុំ​សុខសាន្ត និង​ឃុំ​ពូ​ជ្រៃ និង​គ្របដណ្តប់​ដោយ​ព្រៃស្រោង ព្រៃ​ពាក់ កណ្តាល​ស្រោង ព្រៃ​ល្បះ​ដែលមាន​និយាម​កា​ក្នុង​ឧបសម្ព័ន្ធ​២​។​
 
​តំបន់​អភិរក្ស មាន​ផ្ទៃដី​សរុប​ជាង​៧,៥​ម៉ឺន​ហិកតា ត្រូវបាន​បែងចែក​ជា​៤​ទីតាំង ដែលមាន តំបន់​អភិរក្ស​ទី​១ ស្ថិតនៅ​ឃុំ​ណង​ឃី​ឡឹ​ក និង​ឃុំ​ស្រែ​ហ៊ុយ​។ តំបន់​អភិរក្ស​ទី​២ ស្ថិតនៅ​ឃុំ​ស្រែ​សង្គម ឃុំ​អរ​បួន​លើ និង​ឃុំ​សុខសាន្ត​។  តំបន់​អភិរក្ស​ទី​៣ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ និង​តំបន់​អភិរក្ស​ទី​៤​ស្ថិតនៅ​ឃុំក្រង់​តេ​។ តំបន់​អភិរក្ស​ភាគច្រើន ស្ថិតនៅ​ជុំវិញ​តំបន់​ស្នូល និង​មួយផ្នែក​ស្ថិត​នៅជាប់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ នេះ​បើតាម​អនុក្រឹត្យ​ដដែល​។ 
 
​ដោយឡែក​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព មាន​ផ្ទៃដី​ជិត​៦,៦​ម៉ឺន​ហិកតា ដែល​ត្រូវបាន​បែក​ចែកជា​៨​ទីតាំង រួមមាន​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ទី​១ និង​ទី​២ ស្ថិតនៅ​ឃុំ​អរ​បួន​លើ និង​ឃុំ​ណង​ឃី​ឡឹ​ក​។ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ទី​៣​នៅ​ឃុំ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​សង្គម និង​ឃុំ​សុខសាន្ត​, តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ទី​៤ ទី​៥ និង​ទី​៦ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ និង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ទី​៧-​ទី​៨ ស្ថិតនៅ​ឃុំក្រង់​តិះ​។  
 
​ចំណែក​តំបន់​សហគមន៍ មាន​ផ្ទៃដី​ជិត​៤,៤​ម៉ឺន​ហិកតា ត្រូវបាន​រដ្ឋ​បែ​ចែកជា​៧​ទីតាំង គឺ តំបន់​សហគម​ន៍ទី​១ ស្ថិតនៅ​ឃុំ​អរ​បួន​លើ និង​ឃុំ​ណង​ឃី​ឡឹ​ក​, តំបន់​សហគម​ន៍ទី​២ ស្ថិតនៅ​ឃុំ​ណង​ឃី​ឡឹ​ក​, តំបន់​សហគម​ន៍ទី​៣ នៅ​ឃុំ​ណង​ឃី​ឡឹ​ក ឃុំ​រយ៍ ឃុំ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​សង្គម និង​ឃុំ​សុខសាន្ត​, តំបន់​សហគម​ន៍ទី​៤​ស្ថិតនៅ​ឃុំ​ស្រែ​សង្គម តំបន់​សហគម​ន៍ទី​៥ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ​, តំបន់​សហគម​ន៍ទី​៦ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ និង​ឃុំក្រង់​តេ និង​តំបន់​សហគម​ន៍ទី​៧ ស្ថិតនៅ​ឃុំក្រង់​តេ​។ នេះ​បើ​អនុក្រឹត្យ​ដដែល​ខាងលើ​៕
 

Tag:
 ជាតិ​
  ជម្រក​សត្វព្រៃ​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com