ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល​៖«​បើ​ខ្ញុំ​ជា​អ្នកនយោបាយ ខ្ញុំ​នឹង​ប្រយ័ត្នប្រយែង​ចំពោះ​វិនិយោគទុន​ចិន​»
05, Feb 2019 , 10:58 am        
រូបភាព
​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល (Jean MOREL) ដែលជា​ជន​ជាតិបារាំង និង​ទទួលបាន​សញ្ជាតិ​ខ្មែរ គឺជា​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៦​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​។ អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ ខ្វាយខ្វល់​ខ្លាំង​ចំពោះ​អនាគត​របស់​កម្ពុជា ចំពោះ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ខណៈដែល​វិ​និ​យោ​គទុន​ចិន​បាន​ចូលមក​កម្ពុជា​យ៉ាងគំហុក​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ទីប្រឹក្សា​រូបនេះ ផ្តល់យោបល់​ថា រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​វិនិយោគ​របស់​ក្រុមហ៊ុន​ផ្តល់​ប្រយោជន៍​ឲ្យ​បាន​ច្រើន​មកដល់​ពលរដ្ឋ និង​សេដ្ឋកិច្ចកម្ពុជា ពោលគឺ​មិនមែនជា​ការផ្តល់​ការងារ​ដល់​ពលរដ្ឋ​ចិន​ដែល​នាំ​ផលប្រយោជន៍​សេដ្ឋកិច្ច​ទៅ​ប្រទេស​ចិន​វិញ​នោះឡើយ​។ លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល ក៏បាន​បង្ហាញ​ក្តីបារម្ភ​ផងដែរ ខ្លាច​វត្តមាន​នៃ​វិ​និ​យោ​ទុន​ចិន បាន​ត្រឹម​ផ្តល់ឱកាស និង​ផលប្រយោជន៍​ដល់​ក្រុម​អ្នកជំនួញ​ដែលជា​គ្រួសារ​ខ្មែរ​សែស្រឡាយ​ចិន​មួយ​ក្តាប់​តូច​នៅ​កម្ពុជា​។ យ៉ាងណាក៏ដោយ លោក​ដាស់តឿន​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ស្មារតី និង​សមត្ថភាព​ប្រកួតប្រជែង​។​

 
​សូម​លោកអ្នក​អាន​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល ទីប្រឹក្សា​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​៖
 
​លោក លាង ដឺ​លុច​៖ វត្តមាន​នៃ​ជន​ជាតិចិន​នៅ​កម្ពុជា​បច្ចុប្បន្ន​គឺជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស។ រដ្ឋាភិបាល និង​អ្នកសេដ្ឋកិច្ច​មួយចំនួន​បាន​មើលឃើញ​វិ​និ​យោ​ទុន​ចិន​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​អ្នកខ្លះ​ទៀត​នៅតែ​បង្ហាញ​អារម្មណ៍​ព្រួយបារម្ភ រហូតដល់​គិតថា វា​មានការ​វិនិយោគ​មិន​ស្អាតស្អំ​ទៀតផង​។ ក្នុងនាម​ជា​អ្នកសេដ្ឋកិច្ច​មួយរូប តើ​អ្វីខ្លះ​ជាការ​យល់ឃើញ​របស់លោក​?
 
​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល​៖ ក្នុងនាម​ជា​ជនជាតិ​កម្ពុជា ខ្ញុំ​យល់បាន​ថា​វត្តមាន​ដ៏​ច្រើន​នៃ​ជនជាតិ​ចិន​នៅ​កម្ពុជា ក្នុងពេលរយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​បង្ក​ឲ្យ​មាន​ការជជែក​គ្នាច្រើន​។ វត្តមាន​នៃ​ជន​ជាតិចិន​បានធ្វើ​ឲ្យ​មានការបារម្ភ រហូតដល់​ការភ័យខ្លាច​ទៀតផង​។ ខ្ញុំ​ក៏​អ៊ីចឹង​ដែរ​។ ពេលខ្លះ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា តើ​ទិដ្ឋភាព​បែបនេះ នឹង​ទៅ​ឆ្ងាយ​ប៉ុនណាទៀត​? ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសេដ្ឋកិច្ច ខ្ញុំ​ចាត់ទុកថា ការអភិវឌ្ឍ​តាមរយៈ​ការវិនិយោគ គឺជា​រឿង​ល្អ​។ សេដ្ឋកិច្ច​មួយ​ដែល​នៅ​ស្ងៀម គឺជា​ការធ្លាក់ចុះ​។ មាន​វិធី​ច្រើន​ដើម្បី​ចាប់ផ្តើម​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​។ តែ​អ្វីដែល​សំខាន់ គឺ​ការជ្រើសរើស​យក​ផ្លូវ​មួយ និង​អនុវត្ត​វា​។​
 
​ទស្សវត្សរ៍​១៩៩០ ដល់​២០០០ គឺជា​សម័យកាល​នៃ​កំណើត​ទារក​ដ៏​ខ្លាំង (baby boom)​។ ទារក​ទាំងនោះ​បានក្លាយ​ជា​យុវជន​នៅក្នុង​ឆ្នាំ​២០១៩​។ តើ​ពួកគេ​មានការ​ងារ​ធ្វើ និង​ស្វែងរក​អនាគត​យ៉ាងដូចម្តេច បើ​រដ្ឋាភិបាល​មិនបាន​ង្កើ​ត​ការងារ​? ជំនួយ​បរទេស​កាន់តែ​ថយចុះ​។ ប្រទេស​ខ្លះ​នៅ​ស្ងាត់ស្ងៀម​។ សហភាព​អឺរ៉ុប​បញ្ចូល​លក្ខខណ្ឌ​នយោបាយ​ដើម្បី​គំរាម​កាត់បន្ថយ​ផលប្រយោជន៍​សំខាន់ៗ​ពី​កម្ពុជា​។ តើ​យើង​ត្រូវធ្វើ​ដូចម្តេច​?
 
​បញ្ហា​ដ៏​យ៉ាប់យ៉ឺន​បំផុត​នៅក្នុង​ការសិក្សា​គោលនយោបាយ​សេដ្ឋកិច្ច គឺ​មិនមែន​ជាការ​ត្រូវ​សម្រេចចិត្ត​បែបណា​នោះទេ​។ តែ​ត្រូវធ្វើ​សកម្មភាព​ភ្លាមៗ​។ ការធានា​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច គឺ​ការស្វែងរក​វិនិយោគិន ដែល​អាចឆ្លើយតប​តម្រូវ​ការ​របស់​ពលរដ្ឋ​ខ្មែរ​។ រដ្ឋាភិបាល​កម្ពុជា​បានជ្រើសរើស​យក​ការអភិវឌ្ឍ​បន្ទាន់ ដោយ​ទទួលយក​ជំនួយ​ពី​ប្រទេស​ចិន​អនុវត្ត​គម្រោង​អភិវឌ្ឍ​ទីក្រុង និង​គម្រោង​នៃ​ការតភ្ជាប់​រវាង​ទីក្រុង​។​
 
​ជាការ​ពិត គេ​អាច​ជ្រើស​រើសយក​ការអនុវត្ត​ការអភិវឌ្ឍ​តាមរយៈ​វិស័យសេដ្ឋកិច្ច​ផ្សេងទៀត ដូចជា​កសិកម្ម ការចិញ្ចឹម​សត្វ រ៉ែ ធនធាន​ប្រេង​ជាដើម​។ ប៉ុន្តែ​ការអភិវឌ្ឍ​ជាមួយ​វិស័យ​ទាំងនេះ ត្រូវការ​ពេលវេលា​យូរ​។ មិនមែន​ថា​រដ្ឋាភិបាល​មិនបាន​គិតគូរ​អ្វី​នោះឡើយ​។ រដ្ឋាភិបាល​ត្រូវ​ប្រញាប់ប្រញាល់​ធ្វើ​សកម្មភាព ឧទាហរណ៍​ដូចជា​ក្នុង​វិស័យ​ទេសចរណ៍​។ វា​ក៏​ជាការ​ត្រឹមត្រូវ​ដែរ ដែល​ត្រូវ​អភិវឌ្ឍន៍​ប្រទេស​តាមរយៈ​ការវិនិយោគ​លើ​វិស័យ​អប់រំ និង​សុខាភិបាល​។ ពលរដ្ឋ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល អាចបង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួនឯងបាន​យ៉ាង​លឿន និង​បង្កើត​ការងារ​បាន​ទៀតផង​។​
 
​ត្រឡប់មក​និយាយ​ពី​វិនិយោគិន​ចិន​វិញ​។ យ៉ាងណាក៏ដោយ វត្តមាន​របស់​ពួកគេ​ក៏​ជាការ​បង្កើត​ឱកាស​ដែរ​។ តាមរយៈ​វត្តមាន​ពួកគេ យើង​អាចបង្កើត​ឲ្យ​ឃើញ​ភាពមានបាន និង​ការអភិវឌ្ឍ​។ វា​មិនអាក្រក់​ទេ វៀរលែងតែ​យើង​អនុញ្ញាត​ឲ្យ​ក្រុម​«​បងធំ​» អ្នក​ធ្លាប់​ជាប់ទោស និង​«​លុយខ្មៅ​» ចូលមក​កម្ពុជា​។ យើង​ត្រូវ​ប្រយ័ត្នប្រយែង​ជានិច្ច​។​
 
​លោក លាង ដឺ​លុច​៖ បញ្ហា​នៅត្រង់ថា វា​មិនមែនជា​សំណុំរឿង​សេដ្ឋកិច្ច​ដាច់ដោយឡែក​នោះទេ​។ អ្នក​ដែល​មិន​សប្បាយ​ចិត្តនឹង​វិនិយោគទុន​ចិន ច្រើនតែ​ភ្ជាប់​ជាមួយ​មូលហេតុ​នយោបាយ​។ ពួកគេ​ភ័យខ្លាច​កម្ពុជា​រស់នៅ​ក្រោម​សម្ពាធ​របស់​ចិន​។ តើ​លោក​យល់ឃើញ​បែបណា​វិញ​?
 
​លោក ហ្ស​ង់ ម៉ូ​រែ​ល​៖ ខ្ញុំ​ក៏​គិតដល់​សេដ្ឋកិច្ច​បែប​នយោបាយ ពីព្រោះ​ការជ្រើសរើស​ជម្រើស​ណាមួយ​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច​នោះ គឺជា​ការធ្វើ​នយោបាយ​ដើម្បី​ប្រយោជន៍​សង្គម​ទាំងមូល​។​
 
​ប្រសិនបើ​ខ្ញុំ​ជា​អ្នកនយោបាយ ខ្ញុំ​នឹង​ប្រយ័ត្នប្រយែង​រឹតត្បិត ដោយ​មិន​បើកចំហ​ទាំងស្រុង​សម្រាប់​ប្រទេសជិតខាង​ដូចជា​ប្រទេស​ចិន​នោះឡើយ​។ ធម្មតា អ្នក​ឲ្យ​លុយ គឺ​តែងតែមាន​ឥទ្ធិពល​លើ​អ្នក​ដែល​ទទួល​លុយ​ហើយ​។ ការទទួល​ជំនួយ​ច្រើនដង​ពេក ក៏​នឹងធ្វើ​ឲ្យ​យើង​ក្លាយជា​អ្នក​ពឹង​អាស្រ័យ​គេ​។ នៅពេល​បាន​ជំនួយ​មក ពលរដ្ឋ​កម្ពុជា​មិនដែល​ដឹងថា​តើ​មួយណា​ជា​ជំនួយ​? មួយណា​ជា​វិនិយោគទុន​? និង​មួយណា​ជាការ​ខ្ចី​នោះទេ​? តាមពិត គឺមាន​ទាំងបី​។​
 
​ជាការ​ពិត កាលណា​វា​ជា «​ជំនួយ​» គឺ​រដ្ឋាភិបាល​ចិន​ជា​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត​។ ក្នុងករណីនេះ បើទោះជា​យើង​ប្រយ័ត្ន ឬ​មិន​ប្រយ័ត្ន​ក៏ដោយ គឺ​វា​នឹងមាន​សំណង​ផ្នែក​នយោបាយ ឬ​ភូមិសាស្ត្រ​នយោបាយ​។ ជនជាតិ​ចិន​ដែលជា​មនុស្ស​ល្អិតល្អន់ មិន​ងាយ​ថា​មិន​ខ្វល់​ចំពោះ​ជំនួយ​ដែល​គេ​បានផ្តល់​នោះឡើយ​។​
 
​ប្រសិនបើ​វា​ជា «​ការខ្ចី​» យើង​ត្រូវ​យល់ដឹង​អំពី​លក្ខខណ្ឌ និង​រយៈ​ពេលដែល​ត្រូវ​សង​។ ធម្មតា​វា​មាន​រយៈពេល​៣០​ឆ្នាំ​។ ត្រូវ​គិតគូរ​អំពី​បំណុល​របស់​ប្រទេស​។ ក្នុង​រយៈពេល​៣០​ឆ្នាំ​ទៀត តើ​អ្នកណា​ជា​អ្នក​សង​? គឺ​ពលរដ្ឋ​កម្ពុជា​។​
​និយាយ​អំពី​ឥទ្ធិពល​នយោបាយ​របស់​ចិន គឹ​វា​ច្បាស់​ហើយ​។​
 
​តាំងពី​៧០០​ឆ្នាំ​មកហើយ ប្រទេស​កម្ពុជា​ដែល​ពេលខ្លះ​ធ្លាក់ចុះ​អន់ថយ ឬ​ត្រូវ​ហែកហួរ​គ្នា​នោះ ត្រូវបាន​បំពាន​ដោយ​ប្រទេស​ថៃ និង​វៀតណាម​។ វា​បានផ្តល់​បច្ច័យ​អាក្រក់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​។ បន្ទាប់មកទៀត មានបារាំង អាមេរិក វៀតណាម (១៩៧៩-១៩៨៩) ហើយ​ថៃ​ម្តងទៀត (​ប្រាសាទព្រះវិហារ ២០០៨)​។ បើ​មាន​អ្នកការពារ​ដ៏​ខ្លាំងក្លា​មួយ ដូច​ប្រទេស​ចិន ដែល​ព្រះ​បរម​រតន​កោដ្ឋ​ស្រឡាញ់​នោះ គ្មាន​អ្នកណា​ហ៊ាន​បំពាន​កម្ពុជា​នោះទេ​។ វា​នៅសល់តែ​ការឈ្លានពាន​ក្នុង​វិស័យសេដ្ឋកិច្ច​ពី​សំណាក់​ជនជាតិ​ចិន ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​ព្យាយាម​ប្រកួតប្រជែង​។ ពលរដ្ឋ​កម្ពុជា​ត្រូវ​ចេញមុខ​ប្រកួតប្រជែង​។ ហេតុអ្វី​បានជា​ក្រុមហ៊ុន​ចិន​ច្រើនតែ​សហការ​ជាមួយ​ជនជាតិ​ចិន​គ្នាឯង​? នោះ​គឺ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​មិនទាន់​សមត្ថភាព​គ្រប់គ្រាន់​។ ដូច្នេះ​ប្រជាជន​ខ្មែរ​ត្រូវ​ប្រឹងប្រែង​។​
 
​លោក លាង ដឺ​លុច​៖ ទោះយ៉ាងណា​ក៏ដោយ លោក​ស្គាល់​ពិភពលោក​ក្នុង​វិស័យសេដ្ឋកិច្ច​ច្រើន តើ​កម្ពុជា​អាច​រៀនសូត្រ​ពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​អ្វីខ្លះ​ពី​វិនិយោគិន​ចិន​?
 
លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល​៖ នៅ​ប្រទេស​បារាំង វិនិយោគិន​ចិន​បាន​មាន​វត្ត​មាននៅ​ទីនោះ ជាង​២០​ឆ្នាំ​ហើយ​។ អ្នកមាន​ទ្រព្យសម្បត្តិ​ហូរហៀ បាន​ទិញ​អចលនទ្រព្យ​ថ្លៃ​កប់​ពពក​នៅតាម​មហាវិថី​ហ្ស​ង់​អេ​លី​ហ្សេ និង​កន្លែង​ផលិត​ស្រាក្រហម​ថ្លៃៗ​មួយចំនួនទៀត​។ ការណ៍​នេះ​ពិតជា​បានធ្វើ​ឲ្យ​ពលរដ្ឋ​បារាំង​បារម្ភ​មែន​។ វិនិយោគិន​ចិន​អាច​នាំយក​ស្រា​បារាំង​ទាំងនោះ​ទៅ​លក់​នៅ​ប្រទេស​ចិន​ទាំងអស់ ឬក៏​អាច​ឈប់​ផលិត​ស្រា​បារាំង តែ​ពួកគេ​ផលិត​ស្រា​ចិន​វិញ​។ ពួកគេ​មិន​គិត​អ្វី​ក្រៅតែពី​ការធ្វើ​ជំនួញ​នោះឡើយ​។ បន្ទាប់មក គឺ​ពួកគេ​បំប៉ោង​តម្លៃ​អចលនទ្រព្យ ដោយ​ការទិញ​ហើយ​លក់​ថ្លៃ​។ ៤​ឆ្នាំមុន ក្រុមហ៊ុន​ចិន​បាន​ទិញ​ហ៊ុន​ព្រលានយន្តហោះ​ខេត្ត​ទូ​លូ (Toulouse) ចំនួន​៥០​ភាគរយ ហើយ​បាន​ជួសជុល​ព្រលានយន្តហោះ​ឡើងវិញ​។ ឥឡូវនេះ ពួកគេ​កំពុង​ចង់​លក់​ហ៊ុន​របស់​ពួកគេ​វិញ​ឲ្យ​បាន​ថ្លៃ​ជាង​កាលពី​ពួកគេ​ទិញ​។ នេះ​គឺជា​គំនិត​របស់​ក្រុម​មូលធននិយម​របស់​ជ​ន​ជាតិចិន​។​
 
​នៅ​ប្រទេស​អាហ្វ្រិក វិនិយោគិន​ចិន​មាន​វត្តមាន​ស្ទើរ​គ្រប់​ទីកន្លែង​។ ពួកគេ​បើក​អាជីវកម្ម​តូចៗ​ លក់ផលិតផល​ដែលមាន​ឈ្មួញ​ចិន​គ្នាឯង​នាំចេញ​នាំចូល​ផលិតផល​ទាំងនោះ​។ ខ្លះទៀត​បើក​ជា​ក្រុមហ៊ុន​ដេញថ្លៃ​យក​គម្រោង​នានា​ដោយមាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​របស់​ពួកគេ​។ ពួកគេ​ព្យាយាម​មាន​វត្ត​មាននៅ​គ្រប់កន្លែង​។ នេះ​គឺជា​ទម្រង់​សេដ្ឋកិច្ច​បែប​ចក្រពត្តិនិយម​។  ពួកគេ​មាន​ចំនួន​ច្រើន ហើយ​ផ្លាស់​ទី​ទៅមក​គ្រប់កន្លែង​។ ពួកគេ​ចង់​ពង្រីក​ដែន​ឥទ្ធិពល​របស់​ពួកគេ​។ នេះ​គឺជា​សេដ្ឋកិច្ច​បែប​នយោបាយ​។​
 
​នៅ​ប្រទេស​ឥណ្ឌា នៅ​ម៉ាឡេស៊ី រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​មិន​ទុកចិត្ត​លើ​បំណង​របស់​ចិន​ដែលទាក់ទង​នឹង​ការបង្កើត​គំនិត​ផ្តួចផ្តើម​វិថី​សូត្រ​នោះឡើយ​។ រដ្ឋាភិបាល​ទាំងពីរ​នេះ​មាន​អារម្មណ៍​ថា វា​ជា​ផ្លូវ ដែល​សម្រួល​ដល់​ការឈ្លានពាន​។ គឺ​ការឈ្លានពាន​ផ្នែក​ពាណិជ្ជកម្ម​។ កាលណា​មាន​ផ្លូវ គឺ​វា​នឹង​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​នៃ​ជន​ជាតិចិន​។ ជាងនេះទៅទៀត ជនជាតិ​ចិន ចូលចិត្ត​បង្កើត​និគមជន​ជាតិចិន​នៅ​បរទេស ពិសេស​នៅ​តំបន់​អាស៊ី​។ ជន​ជាតិចិន​ចូលចិត្ត​ធ្វើ​ការងារ​ជាមួយ​ជនជាតិ​ចិន​គ្នាឯង​។ វិនិយោគិន​ចិន​ដែល​ចូល​មកដល់​ក្នុង​ប្រទេសមួយ ពួកគេ​នឹង​ទៅរក​និគមជន​ជាតិចិន​គ្នា​គេ​ឲ្យ​ធ្វើការ​។ ករណីនេះ​បានកើត​ឡើង​រួចហើយ​នៅក្នុង​ប្រទេស​ថៃ​។ គ្រាន់តែ​ថា នៅពេល​មាន​និគមជន​ចិន​ធំ​ដូច្នេះ ប្រទេស​ថៃ​ក៏​ទាក់ទាញ​ទេសចរ​ចិន​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយឆ្នាំ​ដែរ​។ វា​ជា​ចំណូល​បន្ថែម​លើសពី​សកម្មភាព​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​។​
​ខ្ញុំ​ចង់​និយាយថា វា​មាន​ទិដ្ឋភាព​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​។​
 
​នៅ​កម្ពុជា​វិញ វា​ហាក់ដូច​មាន​ទិដ្ឋភាព​អវិជ្ជមាន​ខ្លាំង​សម្រាប់អ្វីដែល​កើត​មាននៅ​ខេត្ត​ព្រះសីហនុ​។ អ្វី​ដែលជា​បញ្ហា​ធំជាងគេ​សម្រាប់​ខ្ញុំ​គឺ កាស៊ីណូ ដោយសារតែ​វា​មិន​ត្រឹមតែ​ជា​បញ្ហា​សីលធម៌​ដែល​មិនអាច​ទទួលយកបាន​នោះទេ ប៉ុន្តែ​ថែមទាំង​អាចជា​កន្លែង​ដែល​ស្រូបយក​«​លុយខ្មៅ​»​ទៀតផង​។​
 
​បន្ទាប់មកទៀត គឺ​បញ្ហា​ការងារ​។ យើង​មិនត្រូវ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា រើស​បុគ្គលិក​ជនជាតិ​ចិន​គ្នាឯង​នោះទេ​។ ពួកគេ​ត្រូវ​រើស​បុគ្គលិក​ជនជាតិខ្មែ​រ​។ ត្រូវ​យល់ថា ប្រសិនបើ​វិនិយោគទុន​ចិន​មិនបាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នោះទេ នោះ​គឺជា​វិនិយោគទុន​ដែល​មិនសូវ​ផ្តល់​ផលចំណេញ​ឡើយ​។ នេះ​មិនទាន់​និយាយ​ដល់​ស្លាក​យីហោ ឬ​ប៉ាណូ​របស់​ពួកគេ​ដែល​សុទ្ធតែជា​អក្សរ​ចិន​ដែល​ធ្វើ​ខ្ញុំ​ស្រឡាំងកាំង​មែនទែន​។​
 
​ទាក់ទង​នឹង​វិស័យ​ការងារ​ដដែល អ្នកសេដ្ឋកិច្ច​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា អ្នកជំនាញ​នានា​ផ្សេងទៀត សុទ្ធតែ​ដឹងថា កម្មករ​ខ្មែរ​មិនមាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​គ្រប់​វិស័យ គ្រប់​មុខរបរ និង​នៅ​គ្រប់​កម្រិត​។ វា​គួរ​ឲ្យ​បារម្ភ​ណាស់​សម្រាប់​អនាគត​។ នៅ​កម្ពុជា​យើង​នេះ យើង​ខ្វះ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​មិន​បង់ថ្លៃ​។ ពលរដ្ឋ​កម្ពុជា និង​រដ្ឋាភិបាល​ត្រូវ​គិតពី​បញ្ហា​នេះ​។​
 
​លោក លាង ដឺ​លុច​៖ លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល មុននេះ​បន្តិច លោក​និយាយ​ដល់ កាស៊ីណូ និង​លុយខ្មៅ​។ តើ​លោក​អាច​បញ្ជាក់បន្ថែម​បានទេ​?
 
​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល​៖ លុយខ្មៅ គឺ​លុយ​ដែល​បានមកពី​អំពើ​មិន​ស្មោះត្រង់ ដូចជា​លុយ​ដែល​បានមកពី​ការ ជួញដូរ​គ្រឿងញៀន ជួញដូរ​ឈើ​ប្រណីត ការជួញដូរ​អាវុធ ជួញដូរ​ផ្លូវភេទ និង​អំពើពុករលួយ​។ តើ​គេ​ត្រូវ​អ្វី​ជាមួយ​លុយខ្មៅ ដើម្បី​ឲ្យ​លុយ​ទាំងនេះ​ក្លាយជា​លុយ​ស្របច្បាប់​? គឺ​ត្រូវ​ចាយ​វា​នៅកាស៊ី​ណូ​។ លេង​រហូតដល់​តែ​ឈ្នះ​។ ដូច្នេះ​យើង​នឹង​ទទួលបាន​មូល​ប្ប​ទា​នប​ត្រ​មួយ​ដែល​យើង​អាច​នាំ​យកលុយ​ស្អាតស្អំ​ទាំងនោះ​ទៅ​ដាក់​នៅ​ធនាគារ​ជា​ផ្លូវការ​បាន​។ កាស៊ីណូ​ត្រូវបាន​ហាមឃាត់​នៅ​ស្ទើរ​ពេញ​ពិភពលោក លើកលែងតែ​នៅ​ទីក្រុង​មួយចំនួន​ដែល​គេ​អាច​គ្រប់គ្រង​បាន​ប៉ុណ្ណោះ​។ ដោយសារ​ប្រទេស​ចិន​ហាមឃាត់​មិន​ឲ្យ​មាន​កាស៊ីណូ ទើប​ពលរដ្ឋ​ចិន​មកលេង​កាស៊ីណូ​នៅ​ម៉ា​កាវ​។ ចុះបើ​នៅ​ក្រុងព្រះសីហនុ ក្លាយជា​ម៉ា​កាវ​ថ្មី តើ​វា​នឹង​បង្កើន​ជីវភាព​ដល់​ពលរដ្ឋ​ខ្មែរ​ឬទេ​? ហើយ​ថា​តើ​យើង​គ្រប់គ្រង​កាស៊ីណូ​ទាំងនោះ​យ៉ាងដូចម្តេច​? 
 
​លោក លាង ដឺ​លុច​៖ ប្រមុខ​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន ធ្លាប់មាន​ប្រសាសន៍ថា រដ្ឋាភិបាល​ត្រូវ​ធានា​រក្សា​កំណើនសេដ្ឋកិច្ច ដើម្បី​កម្ពុជា​អាច​ឯករាជ្យ និង​មាន​អធិបតេយ្យ​រឹងមាំ​។ តើ​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល យល់​យ៉ាងណាដែរ​?
 
​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល​៖ ខ្ញុំ​យល់ថា សំណួរ​នេះ​មាន​ទំនោរ​ទៅរក​នយោបាយ​ជាជាង​សេដ្ឋកិច្ច​។ ប៉ុន្តែ​ខ្ញុំ​នឹង​ឆ្លើយ​បែប​សេដ្ឋកិច្ច​វិញ​។ កាលពី​ច្រើន​ឆ្នាំ​កន្លងទៅ ខ្ញុំ​ធ្លាប់​មានឱកាស​ផ្តល់​គំនិត​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា សេដ្ឋកិច្ច​ទីផ្សារ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា បើទោះបីជា​រដ្ឋ​អាច​បាត់បង់​តួនាទី​សំខាន់​ខ្លះ​ក៏ដោយ​។ ជាការ​ពិត ពាណិជ្ជកម្ម​សេរី​ក៏​បង្កើត​ឲ្យ​មាន​ភាពមិន​ឯករាជ្យ​ផងដែរ​តាមរយៈ​ការនាំ​ចូល​។ បានន័យថា សម្រាប់​ទំនិញ​ខ្លះ តម្លៃ​របស់​វា​ប្រែប្រួល​ទៅតាម​ទីផ្សារ​អន្តរជាតិ ដោយ​យើង​មិនអាច​សម្រេចបាន​ដោយ​ខ្លួនឯង​។ ខ្ញុំ​ក៏​ដឹង​ដែរ ក្នុងករណី​បែបនេះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​យល់ច្បាស់ ហើយក៏​ប្រុងប្រយ័ត្ន​ផងដែរ ដោយ​ណែនាំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា​ដូចជា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ពិនិត្យ​និង​គ្រប់គ្រង​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំចូល​ឲ្យ​មាន​តុល្យភាព​។​
 
​ទាក់ទង​នឹង​ការវិនិយោគ​ពី​សំណាក់​ជនជាតិ​ចិន យើង​ត្រូវតែ​ច្បាស់លាស់​ថា ការអភិវឌ្ឍ​ទាំងនោះ​នឹងត្រូវ​ផ្តល់​ប្រយោជន៍​មកដល់​សេដ្ឋកិច្ចកម្ពុជា គឺ​មិនមែន​សេដ្ឋកិច្ច​ចិន​ឡើយ​។ យើង​ត្រូវ​ច្បាស់លាស់​ថា មហា​យក្ស​ចិន​នឹងមិន​មក​ស៊ី​ប្រទេស​កម្ពុជា​ទេ តែ​ត្រូវ​មកជួយ​បណ្តុះបណ្តាល និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​។ ម្យ៉ាងវិញទៀត អ្វីដែល​គួរ​ឲ្យ​គិតគូរ​ខ្លាំង​បំផុត​នោះ គឺ​មិនត្រូវ​ឲ្យ​ផលចំណេញ ត្រូវ​ធ្លាក់​តែ​ទៅលើ​គ្រួសារ​អ្នកមានៗ​ដដែល​នោះឡើយ​។ សូម​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន​ចំពោះ​ការ​ផ្តល់ឱកាស​ឲ្យ​អ្នកមាន​ទ្រព្យ​មួយចំនួន កាន់តែ​មានទ្រព្យ​ច្រើនឡើងៗ​នោះ​។​
 
​ខ្ញុំ​លឺថា មានគ្រួសារ​ខ្មែរ​កាត់​សែស្រឡាយ​ចិន​ប្រមាណ​ពី​៥០​ទៅ​៥០០​គ្រួសារ​កំពុង​ធ្វើ​ជំនួញ​ក្នុង​វិស័យ​សំណង់ និង​អគារ​។ គ្រោះថ្នាក់​គឺ​នៅត្រង់​គ្រួសារ​ទាំងនោះ​នឹង​ក្តោប​ក្តាប់ និង​គ្រប់គ្រង​ផលប្រយោជន៍​ទាំងអស់​។ កុំភ្លេចថា ជនជាតិ​ចិន​ស្វែងរក​សហការ​ជាមួយ​ជនជាតិ​ចិន​។ ដូច្នេះ​ជនជាតិ​ចិន​កាត់​ខ្មែរ​នឹង​ទទួលបាន​ប្រយោជន៍ និង​កាន់តែ​មានទ្រព្យ​ច្រើនឡើង​។ រដ្ឋាភិបាល​ត្រូវ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ផលប្រយោជន៍​ទាំងនោះ​ធ្លាក់​តែ​ទៅលើ​ក្រុមគ្រួសារ​អ្នកមាន​ដដែលៗ ពោលគឺ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ផលប្រយោជន៍​ទាំងអស់​បែងចែក​ទៅដល់​សង្គម​ទាំងមូល​។ លុយ​ដែល​ធ្លាក់​ទៅដល់​ដៃ​ពលរដ្ឋ​ខ្មែរ វា​គឺជា​ផលប្រយោជន៍​ដែល​ពួកគេ​រង់ចាំ​ពី​គម្រោង​វិនិយោគ​របស់​ចិន​។​
 
​លោក លាង ដឺ​លុច​៖ ជា​សំណួរ​ចុងក្រោយ​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល​! ក្នុង​បរិបទ​សេដ្ឋកិច្ច តើ​លោក​មើលឃើញ​យ៉ាងណាខ្លះ​អំពី​កម្ពុជា​បច្ចុប្បន្ន និង​កម្ពុជា​ក្នុងពេល​អនាគត​?
 
​លោក ហ្ស​ង់ ម៉ូ​រ៉ែ​ល​៖ ជា​ម៉ាក្រូសេដ្ឋកិច្ច គេ​ត្រូវ​មើល​កម្ពុជា​ក្នុង​ក្របខណ្ឌ​រយៈពេល​ខ្លី​ផង រយៈពេល​មធ្យម​ផង និង​រយៈពេល​វែង​ផង​។ បើ​មើល​ស្ថានភាព​បច្ចុប្បន្ននេះ យើង​ត្រូវតែ​ពេញចិត្ត និង​ពេញចិត្ត​ខ្លាំង​ទៀតផង ដែលមាន​វិនិយោគទុន​ចិន​ចូលមក និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​នៅតែ​ខ្ពស់​។​
 
​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំនេះ​អាច​នឹង​ខ្ពស់​ជាងគេ​ទៀតផង​នៅក្នុង​តំបន់​អាស៊ាន ហើយ​អាច​ខ្ពស់ជាង​ប្រទេស​ចិន​ដែរ​។ គ្មានអ្វី​ត្រូវ​បារម្ភ​ទេ​។ ប៉ុន្តែ វា​គ្រាន់តែ​ជា​ស្ថានភាព​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​
 
​សម្រាប់​ស្ថានភាព​រយៈពេល​វែង រឿង​វិជ្ជមាន មាន​តិចជាង​នេះ​។ ទីមួយ គឺ​ដោយសារតែ​វិស័យ​សំណង់​ដែល​កំពុង​ស្រូបយក​វិនិយោគទុន​ដ៏​ធំ​នោះ មាន​ព្រំដែន​របស់​វា​។ បន្ទាប់មក កំណើនសេដ្ឋកិច្ច​របស់​ចិន​អាច​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ខាងមុខ​។​
 
​បើ​យើង​មើល​ក្នុងន័យ​វិជ្ជមាន យើង​ឃើញថា​ដំណាំ​កសិកម្ម​ជាច្រើន​ត្រូវបាន​វិនិយោគ​ដោយ​ជនបរទេស​។ វិស័យ​ជលផល ស្ថិតក្នុង​ដៃ​ជនជាតិ​វៀតណាម និង​វិស័យ​ចិញ្ចឹមសត្វ គឺ​ស្ថិតក្នុង​ដៃ​ខ្មែរ​អ៊ីស្លាម​។ រីឯ​ក្រុម​ខ្មែរ​សែស្រឡាយ​ចិន កាន់កាប់​វិស័យ​ជំនួញ​។ វិស័យ​សណ្ឋាគារ​កាន់កា​ប់​ដោយ​ជនជាតិ​ថៃ និង​សិង្ហ​បុរី​។ ម្ចាស់​ធនាគារ​ធំៗ គឺ​មិនមែនជា​របស់​ខ្មែរ​ទេ​។ រោងចក្រ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ជា​របស់​ជនជាតិ​ចិន​។ វិស័យ​ទេសចរណ៍​សឹងតែ​ត្រូវបាន​ទូទាត់​រួចហើយ​នៅក្រៅ​ប្រទេស​។ ទេសចរ​ជនជាតិ ហាក់​មិនបាន​ចាយវាយ​អ្វី​នៅ​កម្ពុជា​ឡើយ ពីព្រោះ​ពួកគេ​បាន​បង់ថ្លៃ​នានា​ជា​លុយ​យ័ន​រួច​អស់ហើយ មុន​ពួកគេ​ចេញដំណើរ​។​
 
​បើ​យើង​បន្ត​មើល​ស្ថានភាព​កម្ពុជា​ក្នុងន័យ​វិជ្ជមាន​ទៀត កម្ពុ​ជាមាន​កម្លាំង​យុវជន​ច្រើនណាស់​ពេលនេះ​។ ប៉ុន្តែ​តើ​ពួកគេ​ធ្វើ​អ្វី​? ប្រទេស​កម្ពុជា​មានសម្បត្តិ មានឱកាស​ច្រើនណាស់ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា ហាក់​ស្ពឹក​ស្រពន់ ក្នុង​ការងារ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​។​
 
​បើ​យើង​មើល​កម្ពុជា​ក្នុងន័យ​អវិជ្ជមាន​វិញ យើង​អាច​និយាយថា កម្ពុជា​ពុំមាន​អគ្គិសនី​គ្រប់គ្រាន់ ហើយមានតម្លៃ​ថ្លៃ​ទៀត​។ អង្ករ​យើងដាំបាយ​ឆ្ងាញ់ ប៉ុន្តែ​វា​ថ្លៃ​ជា​អង្ករ​របស់​ប្រទេសជិតខាង​។ ជាងនេះទៅទៀត​ផ្ទៃដី​ដាំស្រូវ​កំពុងតែ​ថយចុះ​ទៀត​។ កម្ពុ​ជាមាន​ត្រី ប៉ុន្តែ​ត្រី​ទាំងនោះ​កាន់តែ​តូច​ទៅ​តូច​ទៅ​។ មានការ​ងារ តូចតាច​សម្រាប់​ពលរ​ដ្ឋ​ដែរ ប៉ុន្តែ​ការងារ​ទាំងនោះ​មាន​ប្រាក់​ឈ្នួល​ទាប​ខ្លាំង​។ 
 
​ដូច្នេះ ខ្ញុំ​ព្រួយបារម្ភ​ខ្លាំងណាស់​។ ខ្ញុំ​គិតថា យើង​ត្រូវតែ​រៀបចំ​ការវិនិយោគ​ក្នុង​វិស័យ​អប់រំ​ឲ្យ​បាន​ឆាប់ ដោយមាន​គោលនយោបាយ និង​ថវិកា​ច្បាស់លាស់​។ យើង​ត្រូវ​បន្ថយ​ថវិកា​នៅក្នុង​វិស័យ​ការពារជាតិ ព្រោះ យើង​មាន​អ្នកការពារ​យើង​ហើយ ហើយ​យក​ថវិកា​នោះ​ទៅ​បង្កើត​សាលា​បណ្តុះបណ្តាល វិជ្ជាជីវៈ​ជំនាញ​។ យើង​ត្រូវ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ចិន​ឲ្យ​ជួយ​បង្កើត​សាលា​វិជ្ជាជីវៈ​ដែល​ឥត​បង់ថ្លៃ​។ យើង​ត្រូវ​ផ្លាស់ប្តូរ​ការអប់រំ និង​ផ្នត់គំនិត​។ ពលរដ្ឋ​កម្ពុជា​ឥឡូវ លែង​ស្គាល់​អំពើពុករលួយ​ហើយ​។ ពួកគេ​ចំណាយលុយ​លើ​សេវាសាធារណៈ ដែល​តាម​ធម្មតា ពួកគេ​មិនត្រូវ​បង់​អ្វី​ទាំងអស់​។ មន្ត្រីរាជការ​ក៏​លែង​ដឹងថា ពួកគេ​បាន​ប្រព្រឹត្តិ​អំពើពុករលួយ​ដែរ​។​
 
​ពលរដ្ឋ​ខ្មែរ​ត្រូវ​រួមគ្នា​គិតគូរ​ឡើងវិញ​។ ខ្ញុំ​បាន​រង់ចាំ​ការផ្លាស់ប្តូរ​របស់​ពល​រដ្ឋ​កម្ពុជា​២០​ឆ្នាំ​ហើយ​។ ពលរដ្ឋ​ខ្មែរ​មិនត្រូវ​គិតតែ​ពី​រិះគន់​ជនជាតិ​ចិន​នោះឡើយ​។ ហេតុអ្វី​ពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ចិន​? ហេតុអ្វី​ពលរដ្ឋ​កម្ពុជា​ចូលចិត្ត​ចូលរួម​ប្រារព្ធ​ពិធី​គ្រប់បែបយ៉ាង​? បើ​យើង​ចាប់ផ្តើម​ពិចារណា​ឡើងវិញ នោះ​ហើយ​ជាការ​ផ្តើម​នៃ​អនាគត​យើង​។ បើ​មិន​អ៊ីចឹង​ទេ គឺ​ពុំមាន​អនាគត​ឡើយ​៕

Tag:
 ​កម្ពុជា​ចិន​
  វិនិយោគ​
  ហ្ស​ង់ ម៉ូ​រ៉ែ​ល​
  Jean Morel
  Sihanoukville
© រក្សាសិទ្ធិដោយ thmeythmey.com