អន្តរជាតិ
នយោបាយអន្តរជាតិ
វិបត្តិវ៉េណេស៊ុយអេឡា៖ ប្រធានាធិបតីបណ្តោះអាសន្ន ក្វៃដូ ទទួលបានការគាំទ្រពីអន្តរជាតិកាន់ច្រើន មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ (រូបភាព AFP)
× ប្រធានសភាវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីបណ្តោះអាសន្ននោះ បានទទួលការគាំទ្រកាន់តែច្រើនពីប្រទេសធំៗនៅតំបន់អឺរ៉ុប។ ងាកទៅលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ វិញ កំពុងតែរងសម្ពាធកាន់តែខ្លាំងពីបរទេសដូចគ្នា ពិសេសអាមេរិកដែលដឹកនាំយុទ្ធនាការការទូតដើម្បីទម្លាក់លោកចេញពីតំណែង។ លោក ម៉ាឌុយរ៉ូ ដែលមានរុស្ស៊ី និងចិននៅពីក្រោយនោះ បានព្រមានអាមេរិកដែលចង់ប្រើយោធាដោះស្រាយបញ្ហា។
លោក ហ័ន ក្វៃដូ បានប្រកាសតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នកាលពីថ្ងៃទី២៣ ខែមករា ដោយចោទលោក នីកូឡាស់ ម៉ាឌុយរ៉ូ ថា ជាអ្នកដណ្ដើមអំណាច និងជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតដែលអន្តរជាតិមិនទទួលស្គាល់។ ភ្លាមៗក្រោយប្រកាសនេះ អាមេរិក កាណាដា និងប្រទទេសតំបន់ឡាទីនជាច្រើន បានទទួលស្គាល់លោក ក្វៃដូ ជាមេដឹកនាំស្របច្បាប់តែមួយគត់របស់វ៉េណេស៊ុយអេឡា ឯលោក ម៉ាឌុយរ៉ូ ជាមេដឹកនាំខុសច្បាប់ដែលត្រូវចាកចេញពីតំណែង។
នៅថ្ងៃទី៤ ខែមករា មហាអំណាចតំបន់អឺរ៉ុបមានអង់គ្លេស បារាំង អេស្ប៉ាញ អូទ្រីស ហូឡង់ និងហ្វាំងឡង់ជាដើមបានប្រកាសទទួលស្គាល់លោក ក្វៃដូ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា។ ការប្រកាសធ្វើឡើងបន្ទាប់ពីលោក ម៉ាឌុយរ៉ូ បដិសេធរៀបចំការបោះឆ្នោតតាមការទាមទាររបស់ប្រទេសទាំងនេះដែលទុកពេលចំនួន៨ថ្ងៃរួចមក និងបន្ទាប់ពីសភាអឺរ៉ុបបោះឆ្នោតគាំទ្រមេដឹកនាំប្រឆាំងដែរនោះ។
ចំណែកលោក ម៉ាឌុយរ៉ូ វិញ ក៏មានខ្នងបង្អែករឹងមាំដដែល។ រុស្ស៊ី ចិន អ៊ីរ៉ង់ និងតួកគី ជាអ្នកគាំទ្រសំខាន់របស់ប្រធានាធិបតីរូបនេះ ខណៈក្នុងស្រុកលោកក៏មានកងទ័ព តុលាការកំពូល និងស្ថាប័នរដ្ឋក្នុងដៃផងដែរ។
ស្របពេលដែលមហាអំណាច និងប្រទេសជាច្រើនចែកគ្នាគាំទ្រភាគីម្ខាងៗនោះ គេក៏ឃើញប្រទេសមានឥទ្ធិពលខ្លះទាំងក្នុងតំបន់ និងអន្តរជាតិមិនកាន់ជើងខាងណាដែរ។ អ៊ុយរូហ្កាយ និងម៉ិកស៊ិក ដែលជាប្រទេសមានទឹកមាត់ប្រៃនៅតំបន់ មិនបានគាំទ្រលោក ក្វៃដូ ឡើយ និងស្នើឲ្យមានការចរចាដើម្បីបញ្ចប់វិបត្តិនៅវ៉េណេស៊ុយអេឡា ឯរដ្ឋអឺរ៉ុបអ៊ីតាលីវិញមិនទទួលស្គាល់លោក ម៉ាឌុយរ៉ូ តែចង់ឃើញការរៀបចំការបោះឆ្នោតម្ដងទៀតឲ្យបានឆាប់។
បែលហ្ស៊ិក និងន័រវ៉េសដែលល្បីខាងជំហរអព្យាក្រឹតនោះ ក៏មិនគាំទ្រក្រុមប្រឆាំងដែរ។ ដូចគ្នានឹងអ៊ីតាលី ប្រទេសទាំងពីរចង់ឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឡើងវិញឲ្យបានលឿន។ បន្ថែមពីលើនេះ ប្រទេសជាច្រើនទៀតសុទ្ធតែចង់ឃើញភាគីពាក់ព័ន្ធចូលតុចរចាដើម្បីស្វែងរកច្រកចេញ ជាជាងប្រកែកគ្នារកត្រូវរៀងៗខ្លួន រហូតធ្វើឲ្យជម្លោះកាន់តែស្មុគស្មាញ ខណៈអាមេរិកឯណោះក៏ព្រមានពីការប្រើកម្លាំងយោធាទៅទៀត។
ជុំវិញជម្រើសយោធានេះ លោក ម៉ាឌុយរូ បានព្រមានលោក ត្រាំ ជាមុនហើយថា បាតដៃរបស់ប្រធានាធិបតីអាមេរិកនឹងជាប់ដោយឈាមដូចសង្គ្រាមវៀតណាម បើកងទ័ពអាមេរិកធ្វើអន្តរាគមន៍ចូលវ៉េណេស៊ុយអេឡាមែននោះ។ ទោះទទួលស្គាល់ថា ការប្រយុទ្ធជាមួយអាមេរិកប្រៀបដូចជាព្រេងនិទានដេវីដ និងយក្សក្ដី ប្រធានាធិបតីវ៉េណេស៊ុយអេឡារូបនេះត្រៀមខ្លួនរួចហើយដើម្បីការពារទឹកដីរបស់ខ្លួន៕
Tag:
វ៉េណេស៊ុយអេឡា
ហ័ន ក្វៃដូ
នីកូឡាស់ ម៉ាឌុយរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com