ជាតិ
២៥ខេត្ត/រាជធានី
ភ្នំពេញ​-​ប៉ារីស​បង្ហាញ​ពី​គំរូ​នៃ​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ក្រុង​នា​វេទិកា​នៅ​បែលហ្ស៊ិក​
05, Feb 2019 , 11:46 am        
រូបភាព
លោក នួន ផារ័ត្ន អភិបាល​រងរាជធានីភ្នំពេញ នា​វេទិកា Cities & Regions For Development Cooperation
លោក នួន ផារ័ត្ន អភិបាល​រងរាជធានីភ្នំពេញ នា​វេទិកា Cities & Regions For Development Cooperation
ដោយ: រួបរួម
ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុងប៉ារីស ប្រទេស​បារាំង បង្ហាញ​រួមគ្នា​ពី​ដំណើរ​នៃ​ភាពជា​ដៃគូ​រវាង​ក្រុង​ទាំងពីរ នា​វេទិកា​មួយ​ដែល​សហការ​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អភិវឌ្ឍន៍ (DEVCO)  និង​គណៈកម្មការ​អឺរ៉ុប​សម្រាប់​តំបន់ (CoR) នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​



​វេទិកា «​ទីក្រុង និង​តំបន់​សម្រាប់​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​» (Cities & Regions For Development Cooperation)  នេះ ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​បន្ថែម​នូវ​កិច្ចសន្ទនា ផ្លាស់ប្តូរ​យោបល់​រវាង​ថ្នាក់ដឹកនាំ​តំបន់​អឺរ៉ុប និង​បណ្តា​ប្រទេស​ជា​ដៃគូ ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ទីក្រុង និង​តំបន់​ប្រកបដោយ​ចីរភាព​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងចំណោម​អ្នកចូលរួម​ប្រមាណ​៦០០​នាក់ ដោយ​លោក​មាន​បទ​បង្ហាញ​រួមជាមួយ​លោកស្រី Elodie Cuenca អ្នកទទួលខុសត្រូវ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាលា​ក្រុងប៉ារីស ប្រទេស​បារាំង ទាក់ទង​នឹង​ភាពជា​ដៃគូ​រវាង​ក្រុង​ទាំងពីរ​។​



កាលពី​ឆ្នាំ​២០១៦ ប៉ារីស និង​ភ្នំពេញ បាន​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​ភាពជា​ដៃគូ​រវាង​ក្រុង​ទាំងពីរ​។ បន្ទាប់មក ក្រោម​ការគាំទ្រ​របស់​ក្រសួង​ទទួលបន្ទុក​អឺរ៉ុប និង​កិច្ចការបរទេស​បារាំង រាជធានី​ភ្នំពេញ ទទួលបាន​នូវ​គម្រោង​អភិវឌ្ឍន៍​ថ្មី​បន្ថែមទៀត​។​

​ក្រោម​គម្រោង Coopérations asiatiques Phnom Penh-Paris ពី​ខែធ្នូ ឆ្នាំ​២០១៦ ដល់​ខែធ្នូ ឆ្នាំ​២០១៩ សាលា​រាជធានី​ភ្នំពេញ ទទួលបាន​ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល​នានា​ពី​សំណាក់​ភាគី​ក្រុងប៉ារីស​។​



គម្រោង​ទាំងនោះ​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន សេវាកម្ម​សាធារណៈ​នៅ​តំបន់​ខាងត្បូង (Plan de development du Sud) ការរៀបចំ​ប្រព័ន្ធ​ទឹក​នៅ​បឹង​ជើងឯក​ដើម្បី​កាត់បន្ថយ​គ្រោះមហន្តរាយធម្មជាតិ និង​បរិ​ដ្ឋា​ន រួមទាំង​ការរៀបចំ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ជាដើម​។​



ក្រៅពី​តំណាង​ដៃគូ​កម្ពុជា​-​បារាំង ក៏មាន​តំណាង​ក្រុង និង​តំបន់​ផ្សេងៗ បង្ហាញ​ពី​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​ផងដែរ ក្នុងនោះ​មាន គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​បណ្តា​ក្រុង​នៅ​លី​ប៊ី នៅ​អ៊ុយ​ក្រែ​ន ភាព​ដៃគូ​រវាង​ក្រុង​នៅ​អា​ហ្ស​ង់​ទីន​-​អេ​ស្ប៉ា​ញ បេ​ណាំ​ង​-​បែលហ្ស៊ិក ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com