អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការដុត​ក្រដាសសែន​, ធូប និង​ផាវ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​បង្កើន​កម្រិត​ផ្សែង​ពុល​នៅ​ថៃ​
05, Feb 2019 , 1:58 pm        
រូបភាព
រូបភាព The Nation ថៃ
រូបភាព The Nation ថៃ
ដោយ:
​ពិធី​អបអរសាទរ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​នៅក្បែរៗ​នោះ កំពុង​បង្កើន​កម្រិត​ផ្សែង​ពុល​ទៅក្នុង​ខ្យល់ ដែល​កំពុងស្ថិត​ក្នុង​ក​ម្រិ​ត​បំពុល​ខ្ពស់​ស្រាប់​ផង​នោះ​។ មូលហេតុ​នៃ​កំណើន​កម្រិត​ខ្យល់​កខ្វក់ គឺ​កើតឡើង​ដោយសារតែ​ការដុត​ធូប ,​ទាន​, ក្រដាសសែន​, និង​ផាវ​។​

 
​កាលពី​ថ្ងៃ​ចន្ទ​ទី ៤ ខែ​កម្ភៈ ខណៈ​ប្រជាជន​ថៃ​ដែល​ជាប់សែស្រឡាយ​ចិន​ban​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចិន សហការី​នៃ​កាសែត​ថៃ The  Nation បាន​ប្រើប្រាស់​ឧបករណ៍​វាស់​ស្ទង់​គុណភាព​ខ្យល់ ក្នុង​គោលបំណង​ត្រួតពិនិត្យ​ឥទ្ធិពល​នៃ​ការអបអរ​នេះ ដែល​ធ្វើឡើង​នៅក្នុង​សង្កាត់​មួយ​នៅ​កណ្តាល​ទីក្រុង​បាងកក​។ លទ្ធផល​បាន​បង្ហាញថា ផ្សែង​ដែល​ហុយ​ចេញពី​ធូប​, ផាវ និង​ក្រដាសសែន​បាន​បង្កើន​កម្រិត​ការបំពុល​ខ្យល់ ទៅកាន់​កម្រិត​គ្រោះថ្នាក់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​បរិស្ថាន​នៃ​សកល​វិទ្យាល័យ​ថៃ Silpakorn ឈ្មោះថា Somnuck Jongmeewasin បាន​គូសបញ្ជាក់ថា ការដុត​ក្រដាសសែន​បញ្ចេញ​កម្រិត​ខ្ពស់បំផុត​នៃ PM2.5 ប៉ុន្តែ​អ្វីដែល​អាក្រក់​បំផុត​នោះ​គឺ ផ្សែង​និង​ផេះ​របស់​វា​គឺមាន​ផ្ទុក​នូវ​លោហធាតុ​ពុល ដូចជា​សំណ (Pb), ម៉​ង់​ហ្គា​ណែ​ស្ស (Mn) និង​នី​តែ​ល (Ni) ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation ។​
 
​បន្ថែម​ពីនេះ លោក Somnuck និយាយថា ជាទូទៅ​ក្រដាសសែន​ដែល​គេ​តែង​យកមក​ដុត​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ត្រូវបាន​ផលិតឡើង​ដោយ ក្រដាស​ពណ៌​ដែលមាន​គុណភាព​អន់ និង​លាប​ពីលើ​ដោយ​សំណ​។ ដ្បិត​វា​ចំណាយ​អស់ប្រាក់​តិច ប៉ុន្តែ​ក្រដាស​ប្រភេទ​នេះ​អាច​បញ្ចេញ​ផ្សែង​ពុល​យ៉ាងខ្លាំង នៅពេល​គេ​យក​វា​ទៅ​ដុត​។​
 
​ផ្សែង​ពុល​ដែលមាន​ផ្ទុក​កម្រិត​ជាតិ​សំណ​ដ៏​ច្រើន​បែបនេះ គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទាំង​ទៅលើ​សុខភាព​មនុស្ស និង​បរិស្ថាន​។ ការ​ស្រូប​ការ​ខ្យល់​កខ្វក់​ប្រភេទ​នេះ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ មហារីក​សួត​, កង្វះ​គ្រាប់​ឈាមក្រហម​, ខ្សោយតម្រងនោម និង​ប៉ះពាល់​ការលូតលាស់​ខួរក្បាល​របស់​កុមារ​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក Somnuck ។​
 
​សូមបញ្ជាក់ថា គណៈកម្មាធិការ​បរិស្ថាន​ថៃ កាលពី​ថ្ងៃ​ចន្ទ​បានរៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ​ក្នុង​គោលដៅ​បង្កើត​វិធានការ​ដើម្បី​ទប់​ទល់នឹង​កម្រិត​ខ្យល់​កខ្វក់ PM2.5 ក្នុង​រយៈពេល​មធ្យម និង​វែង​។ ក្នុងចំណោម​វិធានការ​ទាំងនោះ ក៏មាន​ការសម្រេចចិត្ត​មួយ​ក្នុងការ​ដំឡើង​កម្រិត​សុវត្ថិភាព​ជាប្រចាំ​ថ្ងៃ​រប​ស់​ប្រទេស​ថៃ​ពី ៥០ ទៅ ៣៧,៥ មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប ដើម្បី​លើកកម្ពស់​ស្តង់ដារ​គុណភាព​ខ្យល់​ឲ្យ​កាន់តែ​ប្រសើរឡើង​៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ថៃ​
  ខ្យល់​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com