កីឡាអន្តរជាតិ
អន្តរជាតិ
Nala សុនខរបស់កីឡាករ Sala ទន្ទឹងរង់ចាំម្ចាស់ត្រឡប់ទៅវិញ
× ប្អូនស្រីរបស់កីឡាករអាហ្សង់ទីន Emiliano Sala បានបង្ហោះរូបថតដ៏រំជួលចិត្តមួយនៅលើបណ្តាញសង្គម។ នោះជារូបសុនខជាទីស្រឡាញ់របស់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ ដែលហាក់ទន្ទឹងរង់ចាំម្ចាស់វាវិលត្រឡប់វិញ។
«Nala ក៏កំពុងរង់ចាំបងប្រុសត្រឡប់មកវិញផងដែរ...»។ នេះជាការសរសេររបស់នាង Romina Sala ប្អូនស្រីបង្កើតរបស់កីឡាករ Sala ដែលបានបាត់ខ្លួនក្នុងដំណើរជាមួយយន្តហោះពីក្រុង Nantes ប្រទេសបារាំង ទៅក្រុង Cardiff ប្រទេសវេលស៍ កាលពីថ្ងៃទី២១ ខែមករា។
បើតាមការផ្សាយរបស់ Daily Mirror, Nala ក៏ជាហេតុផលមួយផងដែរ ដែលកីឡាករតម្លៃខ្ពស់បំផុតរបស់ Cardiff វិលទៅកាន់ប្រទេសបារាំង ក្រោយការផ្ទេរចេញពី Nantes។ កាសែតបានអះអាងថា ក្រៅពីរៀបចំរបស់របរផ្សេងៗ Sala ក៏រៀបចំនាំ Nala ទៅរស់នៅវេលស៍ ជាមួយខ្លួនផងដែរ។
បើទោះបីជាសុនខមិនចេះនិយាយ ប៉ុន្តែកាយវិការរបស់វា បង្ហាញឲ្យឃើញថា Nala ពិតជានឹកម្ចាស់វាខ្លាំងណាស់។ វាជាសត្វដែល Emiliano Sala តែងតែថតបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួន។
ក្រុមអ្នកស្រាវជ្រាវអង់គ្លេស នាថ្ងៃចន្ទ បានអះអាងពីការរកឃើញសាកសពមួយនៅក្រោមបាតសមុទ្រ ក្នុងបំណែកយន្តហោះ ដែលបានផ្ទុកកីឡាករបាល់ទាត់អាហ្សង់ទីន Emiliano Sala និងពីឡុតឈ្មោះ David Ibbotson។
វីដេអូពីប្រព័ន្ធ ROV (Remotely Operated Vehicle) បានបង្ហាញឲ្យឃើញបំណែកយន្តហោះនៅបាតសមុទ្របរិវេណកោះ Channel ហើយនៅក្នុងនោះ មានសាកសពមួយ។ នេះបើតាមការអះអាងរបស់ភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស (AAIB) របស់អង់គ្លេសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមិនទាន់ប្រកាសពីភិនភាគសាកសពនៅក្នុងបំណែកយន្តហោះនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com