ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ឈឺចាប់​រឿង​ល្ពៅ​ខ្មែរ​គ្មាន​ទីផ្សារ យុវជន គិ​ម វ៉ាង ច្នៃ​មី​ពី​«​ផ្លែ​ល្ពៅ​»
05, Feb 2019 , 4:57 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ ផលិតផល​«​មី​ល្ពៅ​» ដែល​កំពុង​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​នេះ គឺជា​ស្នាដៃ​ផលិត​របស់​យុវជន គិ​ម វ៉ាង ដែល​បញ្ចប់​ការសិក្សា​ជំនាញ​វិទ្យា​សាស្ដ្រ​ចំណីអាហារពីសាកលវិទ្យាល័យបាត់ដំបង​។ ការកែច្នៃ​មី​ពី​រសជាតិ​ផ្លែ​ល្ពៅ​នេះ កើតចេញពី​អារម្មណ៍​ឈឺចាប់​របស់ គិ​ម វ៉ាង ដែល​ឃើញ​កសិផល​ផ្លែ​ល្ពៅ​ខ្មែរ មានតម្លៃ​ទាប និង​គ្មាន​ទីផ្សារ​។​

 
«​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ខិតខំ​ធ្វើ​មី​ល្ពៅ​ខ្មែរ ព្រោះ​កាល​នៅ​ឆ្នាំ​២០១៥ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ល្ពៅ​ជាង​១​តោន ដែល​អ្នក​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យកទៅលក់​នៅ​ព្រំដែន​អូ​ស្មាច់ ទៅ​លក់​ឲ្យ​ថៃ ប៉ុន្តែ​ប្រទេស​ថៃ ឃើញ​ល្ពៅ​ខ្មែរ​ច្រើន ក៏​អត់​ចង់​ទិញ ដោយសារ​គេ​ដូចជា​ចង់​ធ្វើបាប​ខ្មែរ​។ ដូច្នេះ​ខ្ញុំ​ក៏មាន​អារម្មណ៍​ឈឺចាប់​ចាប់ពី​នោះមក ហើយ​ខ្ញុំ​ក៏​ព្យាយាម​រក​វិធីសាស្ត្រ​យ៉ាងណា​យក​ល្ពៅ​ខ្មែរ​ទៅ​កែច្នៃ​ធ្វើ​អ្វីមួយ​»​។ នេះ​ជាការ​រំឭក​របស់​យុវជន គិ​ម វ៉ាង ដែល​ទទួលបាន​ការលើក​ទឹកចិត្ត និង​យោបល់​ពី​លោក​សាស្ត្រាចារ្យ​ខ្លួន​បន្ថែមទៀត ដើម្បី​សម្រេច​ផលិត​មី​ល្ពៅ​នេះ​។​


 
​យុវជន​ដែលមាន​ដើមកំណើត​នៅ​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​បាន​បន្ត​ការសិក្សា​នៅ​ខេត្តបាត់ដំបង ដោយ​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ជំនាញ វិឡា​សាស្ដ្រ​ចំណីអាហារ​នៅ​ឆ្នាំ​២០១៧​រូបនេះ បាន​ចំណាយពេល​ស្រាវជ្រាវ​លើ​រូបមន្ត​ច្នៃ​មី​ពី​ផ្លែ​ល្ពៅ​នេះ អស់​រយៈពេល​ពីរ​ឆ្នាំ មុននឹង​ទទួលបាន​ជោគជ័យ​កាលពីពេល​ថ្មី​ៗនេះ ។ តាមរយៈ​ការស្រាវជ្រាវ​នេះ យុវជន គិ​ម វ៉ាង ពុំមាន​ឧប​ករ​ណ៍​ទំនើប​ប្រើប្រាស់​នោះទេ ប៉ុន្តែ គិ​ម វ៉ាង ព្យាយាម​យកចិត្តទុកដាក់ និង​ប្រយ័ត្ន​ខ្ពស់បំផុត​ទាក់ទង​នឹង​អនាម័យ​។ ដ្បិត​គ្មាន​ឧបករណ៍​ទំនើប​ក្តី ​យុវជន​រូបនេះ ហ៊ាន​អះអាងថា មី​ល្ពៅ​ខ្លួន​នេះ មាន​គុណភាព​ខ្ពស់ ដែល​អាច​ធានា​សុវត្ថិភាព​ពី ៨០​ភាគរយ​ទៅ​ ៩០​ភាគរយ ដោយ គិ​ម វ៉ាង បាន​ប្រើ​វិធីសាស្ត្រ​ដូចជា ពាក់មួក​ការពារ​សក់​, សម្លៀកបំពាក់​ជិត​, ស្បែកជើង​,​ស្រោមដៃ ទីកន្លែង​មាន​អនាម័យ​ល្អ និង​ទីកន្លែង​នៅ​ជាយក្រុង ដើម្បី​ការពារ​ដីធ្លី​,​ផ្សែង​ឡាន និង​ម៉ូតូ ។​


 
«​ចំពោះ​សុវត្ថិភាព​ចំណីអាហារ មី​ដែល​ខ្ញុំ​ផលិត​ចេញមក (​ពិសោធន៍​)​តាមរយៈ​កន្លែងធ្វើការ​របស់ខ្ញុំ វា​មាន​ស្ដង់ដារ ទោះបីជា​មិនបាន​១០០​ភាគរយ ប៉ុន្តែ​វា​អាច​បាន​៨០ ទៅ​៩០​ភាគរយ ។ ហើយ​ស្តង់ដារ​ដែល​ខ្ញុំ​លើកឡើង​មិនមែន​សំដៅលើ​តែ​ទាល់​មាន​ម៉ាស៊ីន​ចាប់​កំទេច​លោហៈ​នៅក្នុង​ផលិត​អ្វី​ទេ ប៉ុន្តែ​ស្ដង់ដារ​ខ្ញុំ​សំដៅលើ​ប្រព័ន្ធ​អនាម័យ ដែល​ត្រូវ​ឲ្យ​ទៅជា​ខ្សែសង្វាក់​ផលិតកម្ម​មួយ​ឲ្យ​បានល្អ​សិន​។ នៅពេល​យើង​រៀបចំ​បាន​ត្រឹមត្រូវ​ហើយ យើង​ត្រូវ​មើល​លើ​ការផលិត​របស់​យើង​»​។ នេះ​ជាការ​បកស្រាយ​របស់​យុវជន គិ​ម វ៉ាង ។​
 
​ក្រោយ​ជោគជ័យ​ក្នុង​ផលិត​មី​ល្ពៅ​នេះ យុវជន​បញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​ចំណីអាហារ​រូបនេះ ក៏​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផលិត​មី​បាន​ច្រើន​នោះដែរ ពោលគឺ គិ​ម វ៉ាង អាច​ផលិត​មី​ល្ពៅ​បានតែពី ១៥ ​ទៅ​២០​ថង់​ប៉ុណ្ណោះ ដោយ​ក្នុង​១​ថង់​មានតម្លៃ​៤៥០០​រៀល ហើយ​មាន​១០​ដុំ​ក្នុង​ថង់​។ មី​ល្ពៅ​របស់ គិ​ម វ៉ាង អាច​ទុក​បាន​រយៈពេល​ពីរ​សប្ដាហ៍។ ដូច្នេះ គិ​ម វ៉ាង ត្រូវ​លក់​ចេញ​ឲ្យ​អស់ពី​ស្តុក​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ ព្រោះ​ការ​វេច​ខ្ចប់​មិនទាន់​បានល្អ​គ្រប់គ្រាន់​នៅឡើយ​។ ប៉ុន្តែ​មី​ល្ពៅ​របស់ គិ​ម វ៉ាង មិនទាន់​ចុះ​កម្មសិទ្ធិបញ្ញា​នៅឡើយ​ទេ ដោយសារ​ផលិត​ផលនេះ ស្ថិតនៅក្នុង​អាជីវកម្ម​បែប​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។​


 
​ក្តី​ស្រមៃ​របស់ គិ​ម វ៉ាង ដែល​ចង់​ជួយ​យក​ផ្លែ​ល្ពៅ​របស់​កសិករ​ខ្មែរ​មក​ផលិត​ជា​ទំនិញ​អ្វីមួយ​នេះ គឺ​បានសម្រេច​ហើយ ប៉ុន្តែ​វា​មិនទាន់​ផ្ដល់​ក្តី​ស្ងប់ចិត្ត​ដល់​យុវជន​ស្គម​ស្ដើង រាង​ខ្ពស់​រូបនេះ​ឡើយ។ គិ​ម វ៉ាង ចង់​សិក្សា​ស្រាវជ្រាវ​ពី​ការផលិត​មី​ល្ពៅ​នេះ ឲ្យ​កាន់​តែមាន​ស្ដង់ដារ​ខ្ពស់​ថែម​មួយកម្រិត​ទៀត​។ ចំណែកអ្វី​ដែលជា​ក្តី​ស្រមៃ​ដ៏​ធំមួយ​ទៀត​នោះ គឺ​យុវជន​កូន​អ្នក​ខេត្តបន្ទាយមានជ័យ​រូប ចង់​បង្កើត​រោងចក្រ​មួយ​នៅ​ខេត្តបាត់ដំបង ទីកន្លែង​ដែល​ខ្លួន​ជោគជ័យ​ក្នុងការ​កែច្នៃ​មី​ចេញពី​ផ្លែ​ល្ពៅ​តែម្ដង​។​
 
«​អ្វីដែល​ខ្ញុំ​ស្រមៃ​ធំ​បំផុត គឺ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ និង​បរទេស​ដែល​រស់​កំពុង​រស់នៅ​ស្រុក​ខ្មែរ គាំទ្រ​ផ​លិ​ផត​ផល​ដែល​គ្មាន​សារធាតុ​គីមី ដែល​ផលិត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​»​។ នេះ​ជា​ក្តី​រំពឹង​របស់​យុវជន គិ​ម វ៉ាង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com