អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ផ្លូវការ​! ដូណាល់ ត្រាំ នឹងជួប​ គីម ជុងអ៊ុន ជាថ្មីនៅ​វៀតណាម​
06, Feb 2019 , 10:19 am        
រូបភាព
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ប្រកាសថា ជំនួប​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​២៧ ដល់ទី​២៨ ខែកុម្ភៈ នៅ​ទឹកដី​វៀតណាម​។ មិនមានបញ្ជាក់ទេ​ថា ទីក្រុងណានឹងរៀប​ចំ​ជំនួបពិសេស​នេះ។ ជំនួប​លើក​ទី​ពីរ​នេះ នឹង​ផ្ដោតលើ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ ដែល​សព្វថ្ងៃ​កំពុង​ជាប់គាំង​។​


ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ​មិន​ទៅមុខ ដ្បិត​ភាគី​ទាំងពីរ​ប្រកាន់​ជំហរ​ខុសគ្នា​ទាំង​និយមន័យ វិធីសាស្ត្រ​រំសាយ និង​ការផ្ដល់​រង្វាន់​លើកទឹកចិត្ត​ជាដើម​។ ខណៈ​ជំនួប​លើកទីមួយ​ធ្វើ​នៅ​សិង្ហ​បុរី ជំនួប​លើក​ទី​ពីរ​នេះ​ក៏​ទៅណា​មិន​ឆ្ងាយ​ពី​សិង្ហ​បុរី​ដែរ ដោយ​លោក ត្រាំ ប្រកាសថា លោក​នឹង​ជួប​លោក គីម នៅ​វៀតណាម​។​

លោក ត្រាំ ប្រកាស​ព័ត៌មាន​នៃ​កាលបរិច្ឆេទ​ជំនួប​លើក​ទី​ពីរ​នេះ​នាឱកាស​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​នៅឯ​វិមាន​កា​ពី​តូ​ល​នៅ​យប់​ថ្ងៃទី​៥ ខែកុម្ភៈ​ ។ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​នេះ មន្ត្រីជាន់ខ្ពស់​អាមេរិក​ក៏​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង​ដើម្បី​ជជែក​គ្នា​ពី​គម្រោង​នៃ​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ​។ លោក Stephen Biegun តំណាង​ពិសេស​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង នឹង​ចាក​ចេញពី​រដ្ឋធានី​សេ​អ៊ូ​ល ជាទី​ដែល​ស្នាក់អាស្រ័យ​តាំងពី​ចុង​សប្ដាហ៍​មុន ដើម្បី​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង Kim Hyok-chol ។​

ក្រៅពី​ការពិភាក្សា​ផែនការ​លម្អិត​នៃ​ជំនួប​មេដឹកនាំ មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង ក៏​ទំនង​ជជែក​ពី​កិច្ចព្រមព្រៀង​មួយ​ជុំវិញ​ចំណាត់ការ​តប​វិញ​របស់​អាមេរិក​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​នាពេល​កន្លងមក​។ ត្រង់ចំណុច​នេះ លោក Biegun ធ្លាប់​និយាយ​រួចហើយ​ថា អាមេរិក​ត្រៀមខ្លួន​ចរចា​ជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​នឹង​នៅតែមាន​ជា​ធរមាន​បន្តទៀត​រហូត​ដល់​ការរំសាយ​នុយក្លេអ៊ែរ​ត្រូវ​បញ្ចប់​ទាំងស្រុង​។ 
 
​ជំនួប​លើក​ទី​ពីរ​នៅ​វៀតណាម តែ​មិនទាន់​ដឹង​នៅ​ទីក្រុង​ណាមួយ​នោះ ធ្វើឡើង​ក្នុង​បរិបទ​ដែល​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ធ្វើ​ឲ្យ​លោក ត្រាំ និង​ថ្នាក់ក្រោម​មានគំនិត​ផ្ទុយគ្នា​។ លោក ត្រាំ ដែល​ជួប​លោក គីម នៅ​សិង្ហ​បុរី​លើកដំបូង​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ មាន​សុទិដ្ឋិនិយម​ខ្ពស់​ក្រោយ​មេដឹកនាំ​កូរ៉េខាងជើង​សន្យា លុបបំបាត់​នុយក្លេអ៊ែរ​ទាំងស្រុង​។ ប៉ុន្តែ​មន្ត្រី​ចារកម្ម​របស់​អាមេរិក​រកឃើញថា ក្រុង​ព្យុងយ៉ាង​ដែល​ចាត់ទុក​នុយក្លេអ៊ែរ​ជា​កត្តា​ស្លាប់​រស់នៅ​របប​ដឹកនាំ​ខ្លួន នឹងមិន​បោះបង់​វា​ដោយ​ងាយ​ឡើយ​។​
 
ត្រឡប់មកវិញ ក្នុងពេលថ្លែងសុន្ទរកថាដដែលនោះ ក្រៅ​ពីប្រកាសពីកាលបរិច្ឆេទ​និងទីតាំងនៃជំនួ​ប​ជាមួយមេដឹកនាំកូរ៉េខាងជើង លោក ត្រាំ បានរំលឹកជាថ្មី​ពីគុណបំណាច់របស់លោកក្នុងការ​ស្វែងរក​សន្តិភាព និងបញ្ចៀសសង្គ្រាមជាមួយកូរ៉េខាងជើង។  

លោក ត្រាំ និយាយបែបនេះ៖ «ជាផ្នែក​មួយនៃជំហរវិធានការការទូត យើងបន្តប្រឹង​ប្រែងជំរុញឲ្យមានសន្តិភាពនៅឧបទ្វីបកូរ៉េ។ តាមយោបល់ខ្ញុំផ្ទាល់ ប្រសិនជាខ្ញុំមិនមែនជាប្រ​ធានាធិបតី​អាមេរិកទេ ពេលនេះសង្គ្រាមទ្រង់ទ្រាយធំកំពុងកើតមានជា​មួយកូរ៉េខាងជើងមិនខាន។ នៅសល់កិច្ចការច្រើនណាស់ដែលត្រូវធ្វើ ប៉ុន្តែទំនាក់​ទំនងរវាងខ្ញុំ និងលោក គីម ជុងអ៊ុនល្អណាស់»៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com