ជាតិ
សេដ្ឋកិច្ច
កៅស៊ូ​ធ្លាក់​ថ្លៃ​ធ្វើ​ឲ្យ​ការនាំចេញ​ឆ្នាំមុន​ច្រើន តែ​បាន​ចំណូល​តិចជាង​ឆ្នាំ​២០១៧
06, Feb 2019 , 12:20 pm        
រូបភាព
ចម្ការកៅស៊ូនៅឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រូបថត លាង ដឺលុច
ចម្ការកៅស៊ូនៅឃុំជប់ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រូបថត លាង ដឺលុច
ជ័រកៅស៊ូ​ជិត​២២​ម៉ឺនតោន ត្រូវបាន​នាំចេញ​ពី​កម្ពុជា​កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​មាន​ទំហំ​ទឹកប្រាក់​ជិត​២៦៤​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ខណៈ​កាលពី​ឆ្នាំ​២០១៧ ការនាំចេញ​មាន​ប្រមាណ​ជិត​១៨​ម៉ឺន​តោន ហើយ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ​៣០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​របាយការណ៍ បង្ហាញ​ឲ្យ​ឃើញ​តម្លៃ​ជ័រកៅស៊ូ​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​រវាង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ ឆ្នាំ​២០១៧ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម គឺ​១ ៥៨៦​ដុល្លារ​អាមេរិក​ក្នុង​១​តោន តែ​បាន​ធ្លាក់​មក​ត្រឹម​១ ២១៣​ដុល្លារ​អាមេរិក​ក្នុង​១​តោន​នៅ​ឆ្នាំ​២០១៨​វិញ​។​

​រយៈពេល​មួយឆ្នាំ​ពេញ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បានសម្រេច​ក្នុងការ​នាំចេញ​កៅស៊ូ បាន​ចំនួន ២១៧,៥០០​តោន​។ ចំនួន​នេះ គិត​ជា​ទំហំ​ទឹកប្រាក់​ប្រមាណ​២៦៣,៨​លាន​ដុ​លា្ល​រ ដោយ​តម្លៃ​កៅស៊ូ​ក្នុង​ឆ្នាំ​២០១៨ គិត​ជា​មធ្យម ១ ២១៣​ដុល្លារ ក្នុង​មួយ​តោន​។​

 កាល​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បានត្រឹមតែ​១៨,៨​ម៉ឺន​តោន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំនួន​នេះ អាច​លក់បាន​រហូតដល់​តម្លៃ​សរុប​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក ដោយ​កៅស៊ូ​ចំនួន​មួយ​តោន​ក្នុង​ឆ្នាំ​២០១៧ មានតម្លៃ​១,៥៨៦​ដុល្លារ​។​

​ក្នុងចំណោម​កៅស៊ូ​នាំចេញ​សរុប​ខាងលើ មាន ៥៥០​តោន បាន​ពី​ចម្ការកៅស៊ូ​កសិឧស្សាហកម្ម​រដ្ឋ​។ កៅស៊ូ ជាង​៤២,៣​ម៉ឺន​តោន បាន​ចម្ការកៅស៊ូ​កសិឧស្សាហកម្ម​ឯកជន​នៃ​ក្រុមហ៊ុន​ធំៗ​ចំនួន​៩​ក្នុងប្រទេស និង ជាង​១៧៤​ម៉ឺន​តោន បាន​ពី​ក្រុមហ៊ុន​វិនិយោគ​លើ​សម្បទាន​សេដ្ឋកិច្ច និង​ចម្ការកៅស៊ូ​គ្រួសារ​។

​ទីផ្សារ​នាំចេញ​កៅស៊ូ​ចម្បងៗ​របស់​កម្ពុជា​រួមមាន ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី វៀតណាម សិង្ហ​បុរី និង​ចិន​៕


© រក្សាសិទ្ធិដោយ thmeythmey.com