អន្តរជាតិ
សរសេរ​ខុស ឬ​ផ្ញើ​ច្រឡំ អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក អាច​ដក​សារ​ខ្លួន​ចេញពី Messenger បាន​ហើយ​!
06, Feb 2019 , 9:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែកុម្ភៈ បានចេញ​គោលការណ៍​ថ្មី ដោយ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ដក​សារ​របស់ខ្លួន​ចេញពី​ប្រអប់ Messenger​។ កន្លងមក លក្ខខណ្ឌ​បែបនេះ មានតែ​សម្រាប់​គណនី​របស់​អគ្គ​នាយក​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg តែប៉ុណ្ណោះ​។​

 
​ក្នុង​រង្វង់​រយៈពេល​១០​នាទី ក្រោយ​ការ​បង្ហោះ​សារ ឬ​រូបភាព នៅក្នុង​ប្រអប់ Messenger អ្នកប្រើប្រាស់​អាច​ដកចេញ​វិញ ប្រសិនបើ​ខ្លួន​យល់ថា មិន​ត្រឹមត្រូវ ឬ​ផ្ញើ​ច្រឡំ​។ ក្រោយ​ចុច​ពាក្យ Delete ហ្វេ​ស​ប៊ុ​ក​តម្រូវ​ឲ្យ​ជ្រើសរើស​រវាង​ប៊ូ​តង់​ដកចេញ​សម្រាប់តែ​ភាគី​ទាំងអស់ (Remove for everyone) ឬ​សម្រាប់តែ​ខ្លួនឯង (Remove of you)​។​
 
​ជាទូទៅ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក មាន​ក្រុម​ពិភាក្សា (Group Messenger) ជាច្រើន ហើយ​អ្នកខ្លះ​ផ្ញើ​ច្រឡំ​ក្រុម​។ ពេល​ផ្ញើ​ច្រឡំ អ្នកប្រើប្រាស់​មានបំណង​លុបចេញ​វិញ​ភ្លាមៗ ប៉ុន្តែ​មិនអាច​ទៅរួច​ឡើយ ដោយសារតែ​ហ្វេ​ស​ប៊ុ​ក​កំណត់​ប៊ូ​តុង​ឲ្យ​លុបចេញ​សម្រាប់តែ​ភាគី​ដែល​បង្ហោះ​ប៉ុណ្ណោះ ខណៈ​សមាជិក​ផ្សេងទៀត​នៅក្នុង​ក្រុម​នៅតែ​អាច​មើល​បាន​ដដែល​។​
 
​ក្រោយ​ការដកចេញ ហ្វេ​ស​ប៊ុ​ក​ក៏បាន​បញ្ជូន​សារ​ទៅ​ភាគី​ម្ខាង​ទៀត ឬ​សមាជិក​ដទៃ​នៅក្នុង​ក្រុម ដើម្បី​បញ្ជាក់​ពី​ការ​លុបចេញ​សារ​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការអនុញ្ញាត​នេះ គឺ​ស្ថិតក្នុង​រង្វង់​១០​នាទី​ប៉ុណ្ណោះ ប្រសិន​ហួសពេល​កំណត់​នេះ សារ​ត្រូវ​រក្សា​នៅ​ដដែល​៕
 

Tag:
 ហ្វេ​ស​ប៊ុ​ក​
  Messenger
© រក្សាសិទ្ធិដោយ thmeythmey.com