អន្តរជាតិ
សរសេរខុស ឬផ្ញើច្រឡំ អ្នកប្រើហ្វេសប៊ុក អាចដកសារខ្លួនចេញពី Messenger បានហើយ!
× ក្រុមហ៊ុនហ្វេសប៊ុកកាលពីថ្ងៃអង្គារ ទី៥ ខែកុម្ភៈ បានចេញគោលការណ៍ថ្មី ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចដកសាររបស់ខ្លួនចេញពីប្រអប់ Messenger។ កន្លងមក លក្ខខណ្ឌបែបនេះ មានតែសម្រាប់គណនីរបស់អគ្គនាយកហ្វេសប៊ុក លោក Mark Zuckerberg តែប៉ុណ្ណោះ។
ក្នុងរង្វង់រយៈពេល១០នាទី ក្រោយការបង្ហោះសារ ឬរូបភាព នៅក្នុងប្រអប់ Messenger អ្នកប្រើប្រាស់អាចដកចេញវិញ ប្រសិនបើខ្លួនយល់ថា មិនត្រឹមត្រូវ ឬផ្ញើច្រឡំ។ ក្រោយចុចពាក្យ Delete ហ្វេសប៊ុកតម្រូវឲ្យជ្រើសរើសរវាងប៊ូតង់ដកចេញសម្រាប់តែភាគីទាំងអស់ (Remove for everyone) ឬសម្រាប់តែខ្លួនឯង (Remove of you)។
ជាទូទៅ អ្នកប្រើប្រាស់ហ្វេសប៊ុក មានក្រុមពិភាក្សា (Group Messenger) ជាច្រើន ហើយអ្នកខ្លះផ្ញើច្រឡំក្រុម។ ពេលផ្ញើច្រឡំ អ្នកប្រើប្រាស់មានបំណងលុបចេញវិញភ្លាមៗ ប៉ុន្តែមិនអាចទៅរួចឡើយ ដោយសារតែហ្វេសប៊ុកកំណត់ប៊ូតុងឲ្យលុបចេញសម្រាប់តែភាគីដែលបង្ហោះប៉ុណ្ណោះ ខណៈសមាជិកផ្សេងទៀតនៅក្នុងក្រុមនៅតែអាចមើលបានដដែល។
ក្រោយការដកចេញ ហ្វេសប៊ុកក៏បានបញ្ជូនសារទៅភាគីម្ខាងទៀត ឬសមាជិកដទៃនៅក្នុងក្រុម ដើម្បីបញ្ជាក់ពីការលុបចេញសារផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការអនុញ្ញាតនេះ គឺស្ថិតក្នុងរង្វង់១០នាទីប៉ុណ្ណោះ ប្រសិនហួសពេលកំណត់នេះ សារត្រូវរក្សានៅដដែល៕
Tag:
ហ្វេសប៊ុក
Messenger
© រក្សាសិទ្ធិដោយ thmeythmey.com