ជាតិ
សង្គមជាតិ
HRW ថា អ្នករង​គ្រោះ​ដោយ​អាស៊ីដ​មិន​ងាយ​បាន​យុត្តិធម៌ អ្នកនាំពាក្យ ថា ជា​របាយការណ៍​បន្តុះបង្អាប់​
06, Feb 2019 , 3:55 pm        
រូបភាព
ស្ត្រីខ្មែរម្នាក់​ដែល​រងគ្រោះ​ដោយសារទឹកអាស៊ីដ។ រូបថត AFP
ស្ត្រីខ្មែរម្នាក់​ដែល​រងគ្រោះ​ដោយសារទឹកអាស៊ីដ។ រូបថត AFP
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​រិះគន់​តុលាការ​និង​រដ្ឋាភិបាល​កម្ពុជា​ថា នៅតែ​មិនអាច​ស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ​ដោយ​ទឹក​អាស៊ីដ ហើយ​ការផ្តល់សេវា​ព្យាបាល សម្រាប់​ពួកគេ ក៏​នៅតែ​យ៉ាប់យ៉ឺន​។ មន្ត្រីជាន់ខ្ពស់ មិនអាច​ទទួលយកបាន​នោះទេ ហើយ​តប​ទៅវិញ​ថា អង្គការ​នេះ ពុំបាន​សិក្សា​ឲ្យ​ស៊ីជម្រៅ​ពី​បញ្ហា​នេះឡើយ ដោយ​គ្រាន់តែ​ចង់​បន្តុះបង្អាប់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ប៉ុណ្ណោះ​។​

 

 
​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (HRW) បាន​បញ្ចេញ​របាយការណ៍​មួយ ស្តីពី​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីដ​នៅ​កម្ពុជា​។ «​អ្នក​រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីដ មាន​អារម្មណ៍​ថា ដូចជា​រស់នៅ​ក្នុងឋាន​នរក​» គឺជា​ចំណងជើង​នៃ​របាយការណ៍​នេះ ដែលមាន​កម្រាស់​រហូត​ដល់​ទៅ​៤២​ទំព័រ និង​ត្រូវបាន​ចងក្រង​ឡើង​តាំងពី​ឆ្នាំ​២០១៣​មក​។ 
 
​មាន​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ត្រូវ​បង្ហាញ​ក្នុង​របាយការណ៍​នេះ ដូចជា ជនរងគ្រោះ​ដែល​ភាគច្រើន​ជា​ស្ត្រី នៅតែ​លំបាក​ក្នុងការ​ទទួលបាន​សេវា​ព្យាបាល​, មិន​ងាយ​នឹង​ទទួលបាន​យុត្តិធម៌​, ខូច​រូប​សម្ផស្ស​និង​អវយវៈ មាន ភ្នែក ច្រមុះ មាត់ ចង្កា​, និង​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រហូត​ប៉ង​ធ្វើអត្តឃាត ជាដើម​។ ចំណុច​សំខាន់​មួយទៀត​នៃ​របាយការណ៍ គឺ​បង្ហាញថា អ្នកប្រព្រឹត្ត​បទល្មើស​ដោយ​ការយក​ទឹក​អាស៊ីដ​ទៅ​ជះ​លើ​ជនរងគ្រោះ មិនសូវ​ជា​ត្រូវបាន​ចាប់ខ្លួន​យកទៅ​កាត់ទោស​ឡើយ​។ 
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ សរសេរ​ក្នុង​របាយការណ៍​ថា​៖«​ស្លាកស្នាម​ដ៏​ធ្ងន់ធ្ងរ ដែល​បណ្ដាលមកពី​អំពើ​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ ប្រែ​កា្ល​យ​ជា​តឹកតាង​តំណាង​ឲ្យ​បាបកម្ម របស់​ពួកគេ​ជា​រៀងរហូត ដែល​មិនអាច​លុបលាង​ជ្រះ ដោយ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ជាច្រើន​មាន​អារម្មណ៍​កាន់តែ​ឃ្លាត​ឆ្លា​យ​ពី​សង្គម​»​។​
 
«​ឥឡូវ ខ្ញុំ​ស្គាល់​ហើយ​រសជាតិ​រស់នៅ​ក្នុង​ឋាននរក​»​។ នេះ​គឺជា​សម្តី​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ស្រីមុំ ដែល​រងគ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីដ ហើយ​ជា​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ​ផ្សេងទៀត ដែល​ត្រូវបាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ជួប​សម្ភាស​ផ្ទាល់​។ អ្នកស្រី បាន​រៀបរាប់ថា មិន​ត្រឹមតែ​រង​ការឈឺចាប់​ផ្លូវកាយ​ប៉ុណ្ណោះ​ទេ តែ​អ្នកស្រី ថែមទាំង​ឈឺចាប់​ផ្លូវចិត្ត​ថែមទៀត ដោយ​ត្រូវ​រស់ក្នុង​ការបាក់​ទឹកចិត្ត ភាពភ័យខ្លាច និង​ភាព​អស់សង្ឃឹម​ក្នុងការ​ប្រឈមមុខ​នឹង​ប្រព័ន្ធ​ច្បាប់​ពុករលួយ និង ពោរពេញ​ដោយ​បញ្ហា ដែល​មិនអាច​ស្វែង​រកមុខ​ជនល្មើស​យកទៅ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​បាន​។ 
 
​បើ​គេ​បាន​អាន​របាយការណ៍​នេះ គេ​នឹង​ដឹងថា ខ្លឹមសារ​ភាគច្រើន គឺជា​ការរិះគន់​និង​ជាការ​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​កម្ពុ​ជា ចំពោះ​ដំណោះស្រាយ​សម្រាប់​ជនរងគ្រោះ ដោយ​អាស៊ីដ​។ ចំណុច​រិះគន់​ខ្លាំងជាងគេ​របស់​អង្គការ​នេះ គឺ​ជនរងគ្រោះ កម្រ​នឹង​ទទួលបាន​យុត្តិធម៌ ហើយ​ថែមទាំង​ត្រូវ​បង់ថ្លៃ​សម្រាប់​ការព្យាបាល ទោះជា​ច្បាប់​ចែងថា មិន​បង់ថ្លៃ​ក៏ដោយ​។​
 
​ផ្ទុយ​ពី​របាយការណ៍​នេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ក្នុងការ​តែង​ច្បាប់ ការអនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​ច្បាប់ និង​វិធានការ​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​និង​ប្រឆាំង​ទៅនឹង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីដ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ឃើញថា សកម្មភាព​នៃ​ការប្រើប្រាស់​ទឹក​អាស៊ីដ​ក្នុងការ​វាយប្រហារ​ទៅលើ​រូបវន្តបុគ្គល ត្រូវបាន​កាត់បន្ថយ ស្ទើរតែ​អត់​មាន​ទេ​ក្នុងឆ្នាំនេះ​»​។ 
 
​ចំណែក ករណី​ជះ​ទឹក​អាស៊ីដ​នាពេល​កន្លងមក លោក ផៃ ស៊ី​ផាន បកស្រាយ​ថា អាស្រ័យ​លើ តុលាការ និង​សាមីខ្លួន ដែល​ត្រូវ​សហការ​ជាមួយ​តុលាការ ក្នុងការ​ស្វែងរក​យុត្តិធម៌ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ឡើយ​។ លោក បាន​ដក​ទំនួល​ខុសត្រូវ​នេះ​ចេញពី​រដ្ឋាភិបាល ហើយ​រុញ​ទៅ​ឲ្យ​តុលាការ​វិញ ដោយ​លោក ពន្យល់ថា រដ្ឋាភិបាល​និង​តុលាការ មានអំណាច​ដាច់ដោយឡែក​ពីគ្នា ហើយ​ការស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ គឺជា​ដែន​សមត្ថកិច្ច​និង​ជា​អំណាច​របស់​តុលាការ​។ 
 
​បន្ទាប់មក លោក ក៏​ថ្លែង​ការពារ​ប្រព័ន្ធ​សុខាភិបាល​វិញ​ម្តង​។ លោក អធិប្បាយ​ថា ទិសដៅ​និង​លទ្ធភាព​របស់​រដ្ឋាភិបាល គឺ​បានត្រឹមតែ​ជួយសង្គ្រោះ​បន្ទាន់​ប៉ុណ្ណោះ បន្ទាប់ពី​ជនរងគ្រោះ រង​ការ​ជះ​ទឹក​អាស៊ីដ​ភ្លាមៗ​។ លោក បន្ថែមថា កម្ពុជា ពុំមាន​ច្បាប់​ឬ​ផែនការ​ណាមួយ ដែល​បង្គាប់​និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល ត្រូវ​សង្គ្រោះ​ជន​ជ​រងគ្រោះ​ទាំងស្រុង​ឬមួយ​ជីវិត​នោះទេ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖«​របួស ដែល​កើតចេញពី​ទឹក​អាស៊ីដ​ហ្នឹង ត្រូវ​ថែរក្សា​ច្រើន ពាក់ព័ន្ធ​នឹង​ការកសាង​និង​ការកែ​សម្ផស្ស​ឡើងវិញ យើង​ត្រូវការ​លុយ​ច្រើនណាស់​។
ដូច្នេះ​យើង អត់​ទាន់​មានច្បាប់​ណា សម្រាប់​ជួយ​អ៊ីចឹង​ទេ ក្រៅតែពី​ការជួយ​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ​»​។​
 
​សារ​ចុងក្រោយ​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល គឺជា​ការរិះគន់​ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​វិញ​។ លោក បាន​វាយបក​ថា អង្គការ​នេះ ពុំបាន​បញ្ជាក់​ឲ្យ​ស៊ីជម្រៅ​ឡើយ ហើយ​របាយការណ៍ ក៏​មិន​ឆ្លើយតប​នឹង​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៃ​ការប្រើប្រាស់​ទឹក​អាស៊ីដ​ដែរ​។ លោក បន្តថា របាយការណ៍​នេះ គ្រាន់តែ​ជាការ​បង្ហាញ​ពី​និន្នាការ​នយោបាយ ក្នុងការ​ប​ន្ទុះ​បង្អាប់​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​។ លោក សង្កត់ធ្ងន់​បែបនេះ​ថា​៖«​យើង​មិនអាច​ទទួលយក​បានទេ ចំពោះ​របាយការណ៍​ហ្នឹង​។ វា អត់​មានអី​ជួ​យមក​កម្ពុជា​ទេ​»​។​
 
​សារព័ត៌មាន​ថ្មីៗ ពុំបាន​សុំ​ការបំភ្លឺ​ពី​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានទេ ជុំវិញ​ការរិះគន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដោយសារតែ​លោក មិន​លើក​ទូរ​សព្ទ​។​

យ៉ាងណាក៏ដោយ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អះអាងថា ក្រុមការងារ​ខ្លួន បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៣ ដល់ ខែឧសភា​ឆ្នាំ​២០១៧ បូករួម​ទាំង​កិច្ច​សម្ភាស​តាម​ទូរ​សព្ទ និង​ការស្រាវជ្រាវ​តាមរយៈ​ឯកសារ​ផ្សេងៗ នៅ​ខែមិថុនា ឆ្នាំ​២០១៨  ដោយ​រកឃើញថា រយៈពេល​៦​ឆ្នាំ​មកនេះ មាន​អំពើ​វាយប្រហារ​ដោយ​អាស៊ីដ​១៧​ករណី ហើយ​ភាគច្រើន​ជា​ប្រភេទ​អា​ស៊ីដនី​ទ្រិ​ក ឬ​ស៊ុ​ល​ហ្វួ​រិ​ក​។  
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ សង្កេតឃើញថា ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា បានអនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាស៊ីដខ្លាំង ដើម្បី​ទប់ស្កាត់​ការប្រើ​អាស៊ីដ​ក្នុង​អំពើ​វាយប្រហារ​ប្រភេទ​នេះ និង​ដើម្បី​ផ្ដល់​សេវា​ថែទាំ​សុខភាព ព្រមទាំង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ​រួចហើយ​ក៏ដោយ ក៏​ជនល្មើស កម្រ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគា​រណាស់​។ រីឯ​ជនរងគ្រោះ​ទៀតសោត ក៏​កម្រ​ទទួលបាន​ការព្យាបាល និង​ថែទាំ​សុខភាព​ឲ្យ​បាន​គ្រប់គ្រាន់ ឬក៏​ទទួលបាន​សំណង​សមរម្យ​ណាស់​។ 
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ វាយតម្លៃថា ភាពបរាជ័យ​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​អនុវត្ត​ច្បាប់ ឬ​ផ្ដល់​ដំណោះស្រាយ​ដល់​ជនរងគ្រោះ ធ្វើ​ឲ្យ​ស្ថានភាព​របស់​ពួកគេ កាន់តែ​អាក្រក់ ដោយ​ត្រូវ​ទ្រាំ​រស់នៅក្នុង​សភាព​បែបនេះ​អស់​មួយជីវិត​។​
 
​អង្គការ​អន្តរជាតិ ដែល​មិនសូវ​សរសើរ​រដ្ឋាភិបាល​កម្ពុ​ជាមួយនេះ បាន​សរសេរ​ក្នុង​របាយការណ៍​ថា កាលពី​ឆ្នាំ​២០១២ កម្ពុជា​បានអនុម័ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាស៊ីដខ្លាំង ដែល​តម្រូវ​ឲ្យ​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​ផ្ដល់​ការសង្គ្រោះ និង​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ដល់​អ្នក​រស់រានមានជីវិត​ពី​ការវាយប្រហារ​ដោយ​អាស៊ីដ ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្ដែង ច្បាប់​នេះ ហាក់បីដូចជា​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ឡើយ​។ 
 
​អង្គការ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ដដែល លើកឡើងថា មន្ត្រី​របស់ខ្លួន បាន​សម្ភាស​ផ្ទាល់​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យ  ហើយ​បុគ្គលិក​មន្ទីរពេទ្យ បានផ្តល់​ចម្លើយ​ថា ជនរងគ្រោះ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីដ នៅតែ​ត្រូវ​បង់ថ្លៃ​ព្យាបាល​។ អង្គការ​នេះ បន្តថា  ក្នុងចំណោម​បុគ្គលិក​មន្ទីរពេទ្យ​ទាំងនោះ គ្មាន​នរណាម្នាក់​បង្ហាញ​ថា ខ្លួន​បានដឹង​ពីបទ​ប្បញ្ញត្តិ​ក្នុង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាស៊ីដខ្លាំង​ឡើយ​។ 
 
​អង្គការ​ខាងលើ បាន​លើកឡើងថា មន្ត្រី​របស់ខ្លួន ក៏បាន​សម្ភាស​ជនរងគ្រោះ​ផងដែរ​។ ជា​លទ្ធផល ក្នុងចំណោម​ជនរងគ្រោះ គ្មាន​នរណាម្នាក់ ទទួលបាន​ការព្យាបាល​ដោយ​មិន​គិតថ្លៃ​ពី​មន្ទីរពេទ្យ​រដ្ឋ​ឡើយ​។ ផ្ទុយទៅវិញ ជន​រស់រានមានជីវិត​ពី​ការ​ជះ​ទឹក​អាស៊ីដ បែរជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​គ្រប់ជំពូក​ដូច​ពលរដ្ឋ​ទូទៅ​ដទៃទៀត​នៅ​កម្ពុជា ដូចជា​ការបដិសេធ​មិន​ផ្ដល់​ការព្យាបាល​ឲ្យ ដោយសារ​គ្មាន​អ្នករ៉ាប់រង​បង់ថ្លៃ​ព្យាបាល​ឲ្យ ឬក៏​គ្មាន​លទ្ធភាព​ទូទាត់​ថ្លៃ​ព្យាបាល​ដោយ​ខ្លួនឯងបាន ជាដើម​។​
 
​ជនរងគ្រោះ ត្រូវការ​ការវះកាត់​ជាច្រើន​ដង ក្នុងពេល​ជាច្រើន​ឆ្នាំ ក្រោយ​រង​ការវាយប្រហារ​ដោយ​អាស៊ីដ​។ របួស​ពី​ការ​រលាក​អាស៊ីដ អាច​ត្រូវការ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​ជាសះស្បើយ ហើយ​ប្រសិនបើ​មិន​ទទួលបាន​ការថែទាំ​តាមបែប​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់​ទេ នោះ​ជនរងគ្រោះ នឹងមាន​ស្លាកស្នាម​យ៉ាង​ក្រាស់ ដែល​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​លើ​រាងកាយ​របស់​ពួកគេ​អស់​មួយជីវិត ដោយ​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ការធ្វើ​ចលនា​ប្រចាំថ្ងៃ​។ ទាំងនេះ គឺជា​ការពន្យល់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​។​
 
​តាមរយៈ​របាយការណ៍​ជា​ភាសា​អង់គ្លេស និង​ត្រូវបាន​បកប្រែ​មកជា​ភាសា​ខ្មែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​រស់រានមានជីវិត​ពី​ការវាយប្រហារ​ដោយ​អាស៊ីដ​មួយចំនួន ដែល​យើង​បាន​ជួប​សម្ភាស​នៅ​កម្ពុជា បាន​និយាយថា ផលប៉ះពាល់​លើផ្លូវ​ចិត្ត​របស់​ពួកគេ ជា​ផលប៉ះពាល់​ខ្លាំងជាងគេ​។ ជនរងគ្រោះ​ជាច្រើន​នាក់​ធ្លាប់មាន​គំនិត​ចង់​ធ្វើអត្តឃាត ទោះបី​ការវាយប្រហារ​មកលើ​ពួកគេ​បាន​កន្លងផុតទៅ​អស់​ជាច្រើន​ឆ្នាំ​ហើយក៏​ដោយ​។ អ្នកខ្លះ​បាន​ឲ្យ​ដឹងថា ពួកគេ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​កាន់តែ​ចុះខ្សោយ​ទៅៗ​»​។ 
 
​អង្គការ​នេះ សរសេរ​ក្នុង​របាយការណ៍​ទៀតថា​៖«​ក្រុម​ស្ថាប័ន​ដែល​ធ្លាប់បាន​ធ្វើការ​យ៉ាង​ជិត​សិ្ន​ទ្ធ​ជាមួយនឹង​ជន​រស់រានមានជីវិត​ពី​ការវាយប្រហារ​ដោយ​អាស៊ីដ​បាន​លើកឡើងថា ការធ្វើអត្តឃាត ការប៉ុនប៉ង​ធ្វើអត្តឃាត និង​ការធ្លាក់​ទឹកចិត្ត​រ៉ាំរ៉ៃ គឺជា​បញ្ហា​ដែល​គេ​សង្កេតឃើញ​ជាទូទៅ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​។ រដ្ឋាភិបាល​មិន​ធ្លាប់​ផ្ដល់​សេវា​សុខភាព​ផ្លូវចិត្ត​ដល់​អ្នក​រស់រានមានជីវិត​ពី​ការវាយប្រហារ​ដោយ​អាស៊ីដ​ទាំង​នោះទេ​»​។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បន្តថា ក្ដីសង្ឃឹម​របស់​ជនរ​ង​គ្រោះ ក្នុងការ​ទទួលបាន​យុត្តិធម៌​ពី​តុលាការ​មាន​តិចតួច​ណាស់​។ អង្គការ​នេះ រៀបរាប់​បែបនេះ​ថា​៖«​នៅ​កម្ពុជា ជនរងគ្រោះ​ក្នុង​បទល្មើស​ទាំងឡាយ ជាធម្មតា មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់​ឲ្យ​បាន​គ្រប់គ្រាន់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រះរាជអាជ្ញា ឬ ចៅក្រម​នោះទេ ប្រសិនបើ​ពួកគេ​មិនមាន​ប្រាក់កាស​សូកប៉ាន់ ឬ មិនមាន​ឥទ្ធិពល​គ្របដណ្ដប់​លើ​មន្ត្រី​ទាំងនោះ​។ បើ​ជនល្មើស​ក្នុង​អំពើ​វាយប្រហារ​ដោយ​អាស៊ីដ​ជា​បុគ្គល​មាន​តំណែង​ខ្ពង់ខ្ពស់ ឱកាស​សម្រាប់​ជនរងគ្រោះ​ក្នុងការ​ទទួលបាន​យុត្តិធម៌​ក៏​កាន់តែ​តិចតួច​ទៅទៀត ហើយ​ការដាក់​ពាក្យបណ្ដឹង​អាច​នឹង​កាន់តែ​បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ​ថែមទៀត​»​។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់ទុក​ការ​ជះ​អាស៊ីដ​លើ​អ្នកស្រី តាត ម៉ា​រី​ណា ក្នុង​ឆ្នាំ​១៩៩៩ ដែល​កាលណោះ​អ្នកស្រី ទើបតែ​មាន​វ័យ​១៦​ឆ្នាំ ថា​ប្រហែលជា​ករណី​ល្បី​ខ្ទរខ្ទារ​បំផុត​នៅ​កម្ពុជា​។  អង្គការ​នេះ រម្លឹកថា រហូតមកដល់​ពេលនេះ គ្មាន​បុគ្គល​ណា​ម្នាក់ ត្រូវបាន​តុលាការ​យកទៅ​កាត់ទោស​ឡើយ ហើយ​អ្នកស្រី តាត ម៉ា​រី​ណា ក៏​មិន​ទទួលបាន​សំណង​ជំងឺ​ចិត្ត​ដែរ​។ 
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ មើលឃើញថា និ​ទណ្ឌ​ភាព​នេះ មិនមែន​កើតឡើង​តែ​ក្នុងករណី​របស់​អ្នកស្រី តាត ម៉ា​រី​ណា​ទេ ពោលគឺ វា​បាន​គ្របដណ្ដប់​លើ​ករណី​ជាច្រើន​ទៀត​របស់​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​មួយចំនួន បានលើកឡើង​ពី​ការ​ទទួលរង​សម្ពាធ​ពី​មន្ត្រី​រដ្ឋាភិបាល ក្នុងការ​ទទួលយក​សំណង​មិន​សមរម្យ​ក្រៅ​ប្រព័ន្ធតុលាការ ហើយ​ក្នុងចំណោម​ករណី​មួយចំនួន​តូច ដែល​បាន​ប្ដឹងទៅ​តុលាការ មាន​ករណី​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ឈានដល់​ដំណាក់កាល​តុលាការ​ផ្ដន្ទាទោស​ជនល្មើស ហើយ​កាន់តែ​តិចតួច​ទៅទៀត ដែល​បាន​ឈានដល់​ដំណាក់កាល​ជនល្មើស​អនុវត្ត​ទោស​។  
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បញ្ជាក់​បែបនេះ​ថា​៖«​គិត​ត្រឹម​ពេល​ចងក្រង​របាយការណ៍​នេះ គ្មាន​ជនរងគ្រោះ​ណា​ម្នាក់ ដែល​យើង​បាន​សម្ភាស ទទួលបាន​សំណង​ណាមួយ​តាមរយៈ​ប្រព័ន្ធតុលាការ​ឡើយ ទោះបីជា​ច្បាប់រដ្ឋប្បវេណី និង​ក្រមព្រហ្មទណ្ឌ​នៅ​កម្ពុជា​បាន​ធានា​នូវ​សិទ្ធិ​របស់​ជនរងគ្រោះ ក្នុងការ​ទទួលបាន​ដំណោះស្រាយ រួមទាំង​សំណង​ជំងឺ​ចិត្ត​ក៏ដោយ​»៕
 

Tag:
 ករណី​ជះ​ទឹក​អាស៊ីដ​
  កម្ពុជា​
  HRW
  ផៃ ស៊ី​ផាន​
  តុលាការ​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com