ជាតិ
សង្គមជាតិ
ចំប៉ីខ្មៅ ប្រឈមជាប់ពន្ធនាគារពី១ទៅ៣ឆ្នាំពីបទញុះញង់ឲ្យមានការរើសអើង
× យុវជន យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានចោទពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ តាមក្រមព្រហ្មទណ្ឌ។ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទចំប៉ីខ្មៅ នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈនេះ ក្រោយសាកសួររូបគេរួចមក។
សមត្ថកិច្ចខណ្ឌដូនពេញ បានចាប់ចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ដោយសារតែប្រើពាក្យសម្តីជ្រុលជ្រួស ដែលស្តាប់ទៅមានលក្ខណៈប្រមាថជាតិសាសសន៍ខ្មែរ។ ដំបូងឡើយ ចំប៉ីខ្មៅ មានបំណងជេរប្រទេចលើជនមិនស្គាល់អត្តសញ្ញាណបីនាក់ ដែលជិះម៉ូតូទៅខោកក្បាលខ្លួន នៅម្តុំព្រះបរមរាជវាំង កាលពីយប់ថ្ងៃទី៤ ខែកុម្ភះ ប៉ុន្តែដោយខឹងខ្លាំងពេក ចំប៉ីខ្មៅ ក៏ជ្រុលមាត់មាក់ងាយជាតិសាសន៍ខ្មែរតែម្តង។
ចំប៉ីខ្មៅ បកស្រាយថា កំហុសរបស់ខ្លួន គឺកើតឡើងដោយចេតនា និងសូមការអភ័យទោសនិងការអធ្យាស្រ័យពីមហាជន រួមទាំងសមត្ថកិច្ចផងដែរ។
ស្វែងយល់មាត្រា ៤៩៤ និងមាត្រា៤៩៦៖
មាត្រា ៤៩៤. លក្ខខណ្ឌអត្ថិភាពនៃការញុះញង់
- ដើម្បីអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោសកាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
១. ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។
២. ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬតាំងឲ្យសាធារណជនមើល។
៣. ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។
មាត្រា ៤៩៦. បទញុះញង់ឲ្យមានការរើសអើង
- អំពើញុះញង់ដោយផ្ទាល់តាមបធ្យោបាយណាមួយ ដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ឲ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហឹង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនេះជាសមាជិក ឬមិនមែនជាសមាជិកនៃជាតិពិន្ទុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀលទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ៕
Tag:
ចំប៉ីខ្មៅ
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com