ជាតិ
សង្គមជាតិ
ក្រសួង​ធនធានទឹក ហាម​កសិករ​ធ្វើស្រែ​ប្រាំង​លើក​ទី​២ ព្រោះ​អាច​ខ្វះ​ទឹក​ដោយសារ​បាតុភូត​អែល​នី​ណូ​
07, Feb 2019 , 8:59 am        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម ហាម​ប្រជាកសិករ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២ ខណៈ​កម្ពុជា​នឹង​ជួប​ឥទ្ធិពល​បាតុភូត អែល​នី​ណូ ដែល​បង្ក​ឲ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង ក្នុង​ចន្លោះ ៤០ ឬ ៤២ អង្សា នៅពេល​ខាងមុខ​។

 
​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយថា កម្ពុជា​នឹង​គ្មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ដោយសារ​បាតុភូត អែល​នី​ណូ នោះទេ ព្រោះ​កម្ពុ​ជាមាន​ប្រភពទឹក​ច្រើន​។ ប៉ុន្តែ​ប្រជាកសិករ​ក៏​គួរតែ​ចៀសវាង​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២​ដែរ ព្រោះ​អាច​ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយសារ​ការ​ស្តុក​ទឹក​ទុក​មិន​គ្រប់គ្រាន់​សម្រាប់​ពួកគេ​។ 
 
​ត្រង់ចំណុច​នេះ​លោក យុ​ត្ថា ស្នើ​ឲ្យ​អាជ្ញាធរ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ទឹក​សម្រាប់ធ្វើ​ស្រែប្រាំង​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​សន្សំសំចៃ​ទឹក សម្រាប់​ប្រើប្រាស់​នៅពេល​ឥទ្ធិពល​បាតុភូត អែល​នី​ណូ ចូលមក​ដល់​នាពេលខាងមុខ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​រូបនេះ បាន​និយាយថា​៖« បើ​ពលរដ្ឋ​នៅ​ធ្វើ​ស្រូវប្រាំង ក្នុង​រដូវប្រាំង​នេះ​(​ប្រើប្រាស់​ទឹក​) មិន​ក្រោម ១,៣ ម៉ឺន​ម៉ែត្រគុប​ក្នុង​មួយ​ហិកតា​ទេ ដូច្នេះ​ប្រើប្រាស់​ទឹក​ច្រើនណាស់ ១,៣ ម៉ឺន​ម៉ែត្រគុប​តិច​ណាស់ ទម្រាំ​បាន​ស្រូវប្រាំង​មួយ​ហិកតា​។ បើ​ចូលរួម​រក្សាបាន នោះ​បញ្ហា​ខ្វះ​ទឹក​ប៉ះពាល់​តិចតួច​បំផុត​។ បើ​បំផ្លាញ​ប្រភពទឹក​ដែលមាន​ស្រាប់​នេះ យើង​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​»​។ 
 
​បើតាម​លោក ចាន់ យុ​ត្ថា បច្ចុប្បន្ននេះ មានស្រុក​ពីរ​នៅ​ខេត្តបាត់ដំបង គឺ​ស្រុក​មោង​ឬ​ស្សី និង​ស្រុក​គាស់ក្រឡ ដែលមាន​ប្រជាពលរដ្ឋ​ជាង ២, ៨ ម៉ឺន​គ្រួសារ កំពុងតែ​ប្រឈម​ការខ្វះខាត​ទឹក​ប្រើប្រាស់ ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​កំពុងតែ​ចាត់វិធានការ​ស្តារ​ប្រឡាយ​បង្ហូរទឹក​ពី​ស្រុក​រតនៈមណ្ឌល ទៅ​ស្រុក​មោង​ឬ​ស្សី ដែលមាន​ចម្ងាយ​ផ្លូវ​ជិត​១០០​គីឡូម៉ែត្រ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានទឹក​ប្រើប្រាស់​ឡើងវិញ​ហើយ​។​
 
« ប្រភពទឹក​របស់​យើង​នៅសល់​ប្រមាណ ១០០​លាន​ម៉ែត្រគុប សម្រាប់​អន្តរាគមន៍​ក្នុង​ខេត្តបាត់ដំបង​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យុ​ត្ថា ដែល​បាន​បន្ថែមថា តំបន់​ដែល​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់​ខ្លាំងជាងគេ គឺ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​។​
 
​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នោះ ក្រសួង​ធនធានទឹក បាន​ត្រៀម​ម៉ាស៊ីនបូមទឹក ២០០​គ្រឿង​, រថយន្ត​ដឹង​ទឹក​ជាង ១០០ គ្រឿង រួមទាំង​ប្រេងសាំង ១,៥ លាន​លីត្រ​ផង​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com