ជាតិ
២៥ខេត្ត/រាជធានី
គ្រាន់តែចិញ្ចឹមមាន់យកពងអ្នកស្រី ទួត ផល្លាយ រកចំណូលបានជាង១ពាន់ដុល្លារក្នុង១ខែ!
07, Feb 2019 , 9:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ របរចិញ្ចឹមមាន់យកសាច់ និងយកពង ពេញនិយមសម្រាប់កសិករ នៅតាមបណ្ដាខេត្តនានា។ ការចិញ្ចឹមមាន់យកសាច់ មានទីផ្សារល្អ ជាពិសេសថ្ងៃបុណ្យទានធំៗ ចំណែកការចិញ្ចឹមមាន់យកពងវិញ ក៏កាកកបដូចចិញ្ចឹមយកសាច់ផងដែរ។  អ្នកស្រី ទួត ផល្លាយ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ អាចរកចំណូលបានជាង ១ពាន់ដុល្លារក្នុង១ខែ ពីរបរចិញ្ចចឹមមាន់យកពងនេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម។

 
កាលពីថ្ងៃទី ២ កុម្ភៈកន្លងទៅ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចុះពិនិត្យការបង្កបង្កើនផលរបស់កសិករនាខេត្តតាកែវ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក វេង សាខុន ក៏បានទៅពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់យកពងរបស់អ្នកស្រី ទួត ផល្លាយ ដែលស្ថិតនៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។
 
កសិដ្ឋានចិញ្ចឹមមាន់យកពងរបស់អ្នកស្រី ផល្លាយ បានចិញ្ចឹមមាន់ប្រមាណ ១.៥ម៉ឹនក្បាល ដែលក្នុង១ថ្ងៃ អាចប្រមូលពងមាន់បានប្រមាណ ៩ពាន់ពង។ បើតាមអ្នកស្រី ផល្លាយ ពងមាន់លេខ១ អាចលក់បាន ៤រយរៀល ហើយក្នុង១ខែ អាចរកប្រាក់ចំណូលបានជាង ១ពាន់ដុល្លារ។ ចំណូលពីការចិញ្ចឹមមាន់យកពងនេះ បានជួយលើកស្ទួយជីវភាពគ្រួសាររបស់អ្នកស្រីបានយ៉ាងល្អប្រសើរជាងមុនផងដែរ។
 
ក្នុងដំណើរទស្សនកិច្ចនេះ លោក វេង សាខុន ក៏បានណែនាំដល់ការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វឱ្យជួយផ្តល់បច្ចេកទេសថ្មីៗជូនអ្នកស្រី ទួត ផល្លាយ បន្ថែមទៀត ដើម្បីលើកកម្ពស់ផលិតភាព គុណភាព អនាម័យ និងបរិស្ថាន ក្នុងការធានាបាននូវសុខភាពអ្នកបរិភោគ និងអ្នករស់នៅជិតខាង។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងកសិកម្មដដែល៕
 

Tag:
 កសិកម្ម
  ចិញ្ចឹមមាន់
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com