ជាតិ
សង្គមជាតិ
មេប៉េអឹម ចេញ​បញ្ជា​ថ្មី ដើម្បី​បង្ក្រាប​ការបំផ្លាញ​ធនធានធម្មជាតិ​
07, Feb 2019 , 1:00 pm        
រូបភាព
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយក៏មានឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែរនោះ បានចេញ​ផែនការ​ថ្មី​មួយ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ស្តីពី​ការទប់ស្កាត់​និង​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៅ​ទូទាំងប្រទេស​កម្ពុជា​។

 
​លោក សៅ សុខា បញ្ជាក់​ក្នុង​ផែនការ​ថា គោលបំណង​នៃ​ការដាក់ចេញ​នូវ​ផែនការ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​បទល្មើស​ធនធានធម្មជាតិ ដូចជា ការកាប់បំផ្លាញ ការដឹកជញ្ជូន និង​ការនាំចេញ​ព្រៃឈើ​, ​ការបាញ់ និង​ការនាំចេញ​សត្វព្រៃ​, ការ​រុក​ទន្ទ្រាន និង​ការកាន់កាប់​ដី​រដ្ឋ​, និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។
  
​ផែនការ​នេះ ក៏បាន​កំណត់​ផងដែរ ពី​វិធានការ​ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​ធនធានធម្មជាតិ​។ មេបញ្ជាការ​កង​រាជ​អាវុធហត្ថលើផ្ទៃប្រទេស ប្រាប់​ទៅ​មន្ត្រីក្រោមឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​អង្គភាព ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​កម្លាំង មធ្យោបាយ គ្រឿង​បំពាក់ និង​ចាត់​គ្រប់​វិធានការ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ឲ្យ​សម្រេចបាន​ជោគជ័យ​»​។​
 
​សមាសភាព​ដឹកនាំ​បញ្ជា ដែល​កំណត់​ក្នុង​ផែនការ​នេះ មាន​៣​ទិស គឺ​ទិស​ទី​១ មាន​ត្បូងឃ្មុំ ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និង រតនគិរី ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ន សាម៉ុន មេ​បញ្ជា​ការរង​នៃ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, ទិស​ទី​២ មាន កំពង់ធំ ព្រះវិហារ សៀមរាប និង ឧ​ត្ត​រ​មានជ័យ ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក អន សាខុន  មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, និង​ទិស​ទី​៣ មាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង កោះកុង ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេ​បញ្ជា​ការរង​នៃ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​។
​កម្លាំង​សរុប​ក្នុង​ទិស​ទាំង​៣ មាន​៦៩០​នាក់ ដែល​ត្រូវបាន​បង្កើតឡើង​តាម​ផែនការ​នេះ ដើម្បី​ត្រៀម​ចេញ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ធនធានធម្មជាតិ​។ 
 
​សូមបញ្ជាក់ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​ក្រុម​ការ​ងារ​មួយ ហៅថា «​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​» ដោយ​តែងតាំង​លោក សៅ សុខា ជា​ប្រធាន​៕ 

Tag:
 ​ធនធានធម្មជាតិ​
  ព្រៃឈើ​
  សៅ សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com