អន្តរជាតិ
សុន្ទរកថា​របស់លោក Trump គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​របស់​ស​ម្ព័​ន្ធ​មិត្ត​ចំពោះ​ការដក​កងទ័ព​អាមេរិក​
07, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​ជា​សម្ព័ន្ធមិត្ត​នានា​របស់​អាមេរិក​បាន​ស្វាគមន៍​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រកាស​អំពី​ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong-un​ដែល​នឹង​រៀបចំ​ធ្វើឡើង​នៅក្នុង​ខែ​នេះ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម​។​

 
​គម្រោង​ជំនួប​កំពូល​នេះ​គឺជា​ការប្រកាស​អំពី​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅ​អំឡុងពេល​ថ្លែង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​របស់លោក Trump​។ លោក Trump បាន​ថ្លែងថា ការចាប់ផ្តើម​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​ផ្តើមចេញពី​ជំនួប​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន គឺជា​ជោគជ័យ​មួយ​ដ៏​សំខាន់​នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក​។​
 
​លោក Trump បាន​ថ្លែង​នៅ​ចំពោះមុខ​សមាជិកសភា និង​ភ្ញៀវកិត្តិយស​ដែល​បាន​ជួបជុំគ្នា​នៅ​រដ្ឋសភាជាតិ Capitol Hill ថា «​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ត្រូវបាន​បញ្ចប់ ហើយ​ការបាញ់​សាកល្បង​កាំ​ជ្រួញ​ម៉ី​ស៊ី​ល​ក៏ត្រូវ​បាន​បញ្ឈប់​ជាង​១៥​ខែ​មកហើយ​។​
 
​លោក Trump បាន​ថ្លែង​បន្តទៀតថា អាមេរិក​ប្រហែលជា​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង ប្រសិនបើ​លោកស្រី Hillary Clinton​ឈ្នះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។​
 
​លោកស្រី Leslie Vinjamuri ប្រធាន​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ Chatham House បាន​ថ្លែងថា​មិនមាន​ការវិវត្ត​នៅក្នុង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ដូច​ការអះអាង​របស់​លោក​ប្រធានាធិបតី​ទេ​។ មាន​ភស្តុតាង​បង្ហាញថា កូរ៉េខាងជើង​នៅតែ​តាំងចិត្ត​ផលិត​នុយក្លេអ៊ែរ​»​។ អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងជើង​បាន​ថ្លែងថា​«​យើង​សង្ឃឹមថា​មេដឹកនាំ​ទាំងពីរ​នឹង​ចាត់វិធានការ​ជាក់លាក់​និង​សកម្មភាព​ជាក់ស្តែង​នៅក្នុង​ជំនួប​កំពូល​នៅ​វៀតណាម​»​។ លោក​ប្រធានាធិបតី​បាន​សន្យា​ដក​កងទ័ព​អាមេរិកាំង​ចេញពី​សមរភូមិ​នានា​នៅក្រៅ​ប្រទេស​។​
 
​លោក Trump បាន​និយាយថា អាមេរិក​បាន​ចំណាយ​ប្រា​ក់ជាង​៧​លាន​លាន​ដុល្លារ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ លោក​បាន​បន្ថែមថា កិច្ចចរចា​សន្តិ​ភាពជា​មួយក្រុម​តា​លី​បាន​នៅ​អា​ហ្វ​ហ្គា​នី​សា្ថ​ន​ត្រូវតែ​ផ្តល់ឱកាស​ដល់​យើង ហើយ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ត្រូវបាន​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​រួចហើយ​។ ប៉ុន្តែ​លោកស្រី Leslie Vinjamuri ថា​ការបារម្ភ​នានា​កំពុងតែ​កើនឡើង​ក្នុងចំណោម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ពាក់ព័ន្ធ​នឹង​ការដក​កងទ័ព​ចេញពី​តំបន់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com