ជាតិ
សង្គមជាតិ
ចំប៉ី​ខ្មៅ ព័ត៌មាន​ក្តៅ​នៅ​ខ្មែរ​?
07, Feb 2019 , 4:34 pm        
រូបភាព
ដោយ: ថ្មីៗ
​សំណុំរឿង EBA? យុទ្ធសាស្ត្រ​ពង្រឹង​ការនាំចេញ​អង្ករ​របស់​រដ្ឋាភិបាល​? លោក សម រង្ស៊ី ចូល​ស្រុក​? ចូលឆ្នាំ​ចិន​? គឺ​មិនមែន​ទេ​!  ព័ត៌មាន​ដែល​សុះសាយ និង​មានការ​និយាយ​តៗ​គ្នាច្រើន​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​ករណី «​ចំប៉ី​ខ្មៅ​» ឈ្មោះ​ដើម យិន ហេង​។​

 
​យិន ហេង ជា​និស្សិត​ផ្នែក​នីតិសាស្ត្រ​ឆ្នាំ​ទី​បី និង​ជាតា​រា​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​ប្រើ​រហស្សនាម​ថា «​ចំប៉ី​ខ្មៅ​»​។ កាលពី​យប់​ថ្ងៃទី​៤ ខែកុម្ភៈ វីដេអូ​ដែល​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​យុវជន​រូបនេះ បាន​បង្ករ​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ពី​មហាជន​។​
 
​ក្នុង​វីដេអូ​ដែល​ថត​នៅមុខ​ព្រះបរមរាជវាំង ចំប៉ី​ខ្មៅ បាន​ជេរ​បរិហា​យុវជន​មិន​ស្គាល់មុខ​បីនាក់ ដោយបាន​អះអាងថា វាយ​ក្បាល​ខ្លួន ខណៈពេល​កំពុង​ជិះ​ម៉ូតូ​។ យុវជន​វ័យ​២២​ឆ្នាំ​រូបនេះ និយាយ​ទាំង​ខឹង ហើយ​ជ្រុលជ្រួស​ប្រមាថ​មាក់ងាយ​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល រហូតដល់​ប្រើពាក្យ​ថា ជា​ពូជសាសន៍​តិ​រិ​ច្ឆា​ន ដែល​ធ្វើ​ឲ្យ​បាត់​ទឹកដី​ជាដើម​។​
 
​រលក​ប្រតិកម្ម​បានកើត​ឡើង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ម្ចាស់​គណនី​ខ្លះ​បានសរសេរថា «​អ្នក​ដែល​មិន​ឈឺចាប់​នឹង​សម្តីរបស់​ចំប៉ី​ខ្មៅ មិនមែនជា​ខ្មែរ​នោះឡើយ​»​។ ជាមួយនឹង​ការ​ទាម ទារ​ឲ្យ​ចាប់​ចំប៉ី​យកទៅដាក់​ពន្ធនាគារ អ្នកខ្លះ​ហ៊ាន​សរសេរ​រហូតដល់​ទៅ​វាយ​សម្លាប់​យុវជន​រូបនេះ ថែម​ទៀតផង​។​
 
​មួយថ្ងៃ​ក្រោយមក ចំប៉ី​ខ្មៅ ដែល​បាន​អះអាង​ប្រាប់ថា ខ្លួន​ជា​ភេទ​ទី​បី​ផង​ដែរនោះ បាន​ថត​វីដេអូ​មួយទៀត​ដើម្បី​សុំទោស​ចំពោះ​សម្តីជ្រុលជ្រួស​របស់ខ្លួន ដោយ​អះអាងថា មកពី​កំហឹង ទើប​មិនបាន​គិតដល់​សម្តីរបស់ខ្លួន ប៉ះពាល់​ដល់​កិត្តិយស​ប្រទេសជាតិ​។​
 
​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ដដែល​ចំប៉ី​ខ្មៅ ត្រូវបាន​ចាប់ខ្លួន ដោយមាន​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​។ ការចាប់ខ្លួន មានការ​ផ្សាយ​ផ្ទាល់​ជាច្រើន​តាម​បណ្តាញ​សង្គម ជាពិសេស​បណ្តា​សារព័ត៌​មាន​តាម​ហ្វេ​ស​ប៊ុ​ក និង​មានការ​តាមដាន​យ៉ាង​ផុសផុល​ផងដែរ​។ ក្នុងនោះ មិនមែន​ត្រឹមតែ​ពលរដ្ឋ​សាមញ្ញ​នោះឡើយ អ្នកវិភាគ និង​អ្នកនយោបាយ​មួយចំនួន ក៏បាន​តាមដាន​ផងដែរ​។​
 
​ឈានដល់​ល្ងាច​ថ្ងៃទី​៦ ខែកុម្ភៈ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ ចំប៉ី​ខ្មៅ តាម​មាត្រា​៤៩៤ និង​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ធ្វើ​ឲ្យ​យុវជន​រូបនេះ ប្រ​ឈាម​ជាប់ពន្ធនាគារ​ពី ១ (​មួយ​) ឆ្នាំ ទៅ ៣ (​បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ០០០ ០០០ (​ពីរលាន​) រៀល​ទៅ ៦ ០០០ ០០០ (​ប្រាំមួយ​លាន​) រៀល​។​
 
​ក្រៅពី​កំហឹង​តាមបែប​ជាតិនិយម ករណី​ចំប៉ី​ខ្មៅ ក៏បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​លេងសើច​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ អ្នកខ្លះ ដែល​ភាគច្រើន​ប្រើប្រាស់​គណនី​ក្លែងក្លាយ [​ជានា​រី​រូប​ស្អាត​] បាន​សន្យា​ប្រគល់​ប្រាណ​បុរស​ដែល​បាន​វាយ​ក្បាល​របស់​ចំប៉ី​ខ្មៅ​។ ក្រៅពីនេះ ការ​មានការ​សន្យា​ផ្តល់​លុយកាក់​មួយចំនួន​ផងដែរ សម្រាប់​អ្នក​ដែល​ហ៊ាន​ប្រកាសថា ខ្លួន​ជា​អ្នក​ដែល​បាន​វាយ​ចំប៉ី​ខ្មៅ ។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ យុវជន​ម្នាក់ បាន​ទៅ​សារភាព​ប្រាប់​ទូរទស្សន៍​ហ្វេ​ស​ប៊ុ​ក TVFB ដោយ​អះអាងថា ខ្លួន​ជា​អ្នក​ខោក ចំប៉ី​ខ្មៅ រហូតដល់​ទៅ​៦​លើក មិនមែន​មួយ​លើក​ឡើយ​។ ប៉ុន្តែ​ក្រោយ​ការសាកសួរ ប៉ូលិស​រកឃើញថា យុវជន​រូបនោះ មិនមែនជា​អ្នកប្រព្រឹត្ត​នោះឡើយ​៕
 

Tag:
 ចំប៉ី​ខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com