ប្រមាណជា ២ ភាគ៣ នៃចំនួនមនុស្សពេញវ័យទាំងអស់លើពិភពលោក មានផ្ទុកវីវុសដែលបង្កអាការពងបែកនៅលើមាត់ ឬជុំវិញមាត់។ ពេលដែលវីរុសនេះ ចូលទៅក្នុងរាងកាយហើយនោះ វានឹងមិនទៅណាឡើយ គឺរស់នៅក្នុងកោសិកាសរសៃប្រសាទរបស់អ្នក។ ទោះជាយ៉ាងណា មនុស្សមួយចំនួននឹងមិនជួបប្រទះនូវរោគសញ្ញាណាមួយឡើយ ខណៈដែលអ្នកខ្លះទៀតឧស្សាហ៍ជួបប្រទះអាការពងបែកមាត់ជាញឹកញាប់ ហើយវាក៏បង្កការឈឺចាប់ និងការរំខានមិនតិចដែរ។
កុំបារម្ភ! ខាងក្រោមនេះ យើងនឹងបង្ហាញឱ្យដឹង ពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដោះស្រាយបញ្ហាពងបែកមាត់បានឆាប់រហ័ស ៖
១. ខ្ទឹមស
ខ្ទឹមស ជាប្រភពនៃសារធាតុប្រយុទ្ធប្រឆាំង នឹងពពួកវីរុសមេរោគដ៏មានឥទ្ធិពល ហើយអាចជួយបំបាត់អាការហើម និងពន្លឿនរយៈពេលនៃការជាសះស្បើយផងដែរ។ អ្នកអាចប្រើប្រាស់ខ្ទឹមស លាបដោយផ្ទាល់លើពងបែកតែម្ដង។
២. ប្រេងជីអង្កាម និងប្រេងដើមតែ
ប្រេងជីអង្កាម ក៏ដូចជាប្រេងដើមតែ មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងវីរុស, បាក់តេរី និងមេរោគយ៉ាងប្រសើរ។ ប្រេងទាំងនេះអាចបញ្ឈប់ពងបែក ឬដំបៅមាត់ មិនឱ្យរីករាលដាលប្រសិនបើអ្នកប្រើប្រាស់វា ក្នុងកំឡុងពេលដំណាក់កាលដំបូង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយប្រេងជីអង្កាម ឬប្រេងដើមតែចំនួន ១ ទៅ ២ ដំណក់ក្នុងប្រេងដូង ឬប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមប្រើប្រាស់សំឡីជ្រលក់ចូលល្បាយនេះ ហើយលាបផ្ដិតថ្នមៗលើពងបែក។ ប្រើប្រាស់រូបមន្តនេះ កំឡុងពេលទើបនឹងឈឺឆៀបៗ ដើម្បីជៀសវាងការក្រហាយ។
៣. វីតាមីន
ឆាប់ជាសះស្បើយ និងជៀសផុតពីបញ្ហាពងបែកមាត់ តាមរយៈការពង្រឹងប្រព័ន្ធភាពស៊ាំ ឱ្យកាន់តែប្រសើរឡើង។ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយជំរុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានអាហារ ដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C។
៤. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជួយបំបាត់ការឈឺចាប់ និងពន្លឿនរយៈពេលនៃការជាសះស្បើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺយកជែល ឬសាច់ប្រទាលកន្ទុយក្រពើ មកដាក់លើពងបែក ដែលមាននៅលើបបូរមាត់ ឬជុំវិញមាត់ ហើយទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី។ អនុវត្តសារឡើងវិញ ឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៥. វីតាមីន E
វីតាមីន E ជួយជួសជុលកោសិកាស្បែកដែលខូចខាត បណ្ដាលមកពីអាការពងបែក និងបង្កើតនូវកោសិកាស្បែកថ្មី។ មានវិធីពីរយ៉ាងក្នុងការទទួលវា អ្នកអាចលាបប្រេងវីតាមីន E ដោយផ្ទាល់នៅលើស្បែកដែលទទួលរងការបំផ្លាញ ឬទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E៕
ត្រួតពិនិត្យដោយ www.health.com.kh