អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រះរៀម​ស្តេច​ថៃ អ៊ូ​ប៊ុន​រ័តន៍ ឈរជាបេក្ខជននាយករដ្ឋមន្ត្រី​តំណាង​បក្សស្និទ្ធ​លោក ថាក់ស៊ីន
08, Feb 2019 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
​ម្ចាស់​ក្ស​ត្រិ​យ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ( Ubolratana Rajakanya) ត្រូវបាន​គណបក្ស​រក្សា​ជាតិ​ថៃ (Thai Raksa Chart) ដែលស្និទ្ធនឹងលោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ស្នើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ដើម្បី​ប្រជែង​ក្នុងការ​បោះឆ្នោត​សាកល​មកដល់​នៅ​ចុងខែ​មីនា​។ ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រតនា ត្រូវជា​ព្រះរៀម​របស់​ព្រះមហាក្សត្រ​បច្ចុប្បន្ន​។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។


ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ នៅពេល​សមាជិក​រាជ្យរ​ង្ស​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ត្រូវបាន​គណបក្សនយោបាយ​ដែល​ស្និទ្ធ​ជាមួយ​លោក ថាក់ស៊ីន បក្ស​រក្សា​ជាតិ​ថៃ ដាក់​ស្នើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តំណាប​ក្ស​ខ្លួន​។ ទ្រង់ជាបុត្រីច្បងរបស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត និងម្ចាស់ក្សត្រិយ៍ ស៊ីរីគិត (Sirikit) និងត្រូវជា​ព្រះ​រៀម​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ ​មហា វ​ជិ​រាល​ង្ក​រណ៍។
 
​ទោះជា​បែបនេះ​ក៏ដោយ គេ​មិនទាន់​ច្បាស់​ថា ម្ចាស់​ក្សត្រិយ៍​អង្គ​នេះ​ទទួលយក​ការស្នើសុំ​នេះ​ឬ​យ៉ាងណា​ឡើយ ហើយក៏មិនដឹងថា បេក្ខភាពរបស់ទ្រង់នឹងត្រូវ​គណៈកម្មការបោះឆ្នោតទទួលយកឬក៏អត់ដែរ​។  វា​ជា​លើកដំបូង​ដែល​សែស្រឡាយ​រាជ្យ​វង្ស​ស្វះ​ស្វែងរក​តំណែង​នយោបាយ​កំពូល​របស់​រដ្ឋ រាប់​ចាប់ពី​ពេលដែល​ថៃ​ជ្រើស​រើសយក​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៣២​។ 
 
​ថ្ងៃ​សុក្រ​នេះ​ដែរ ក៏ជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​បណ្តា​គណបក្ស​នយោបាយ​ទាំងអស់​ចុះឈ្មោះ​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត​សភា​ដែល​នឹងត្រូវ​ធ្វើឡើង​ក្នុង​ថ្ងៃ ២៤​ខែមីនា​ខាងមុខ ដែល​វា​ជាការ​បោះឆ្នោត​លើកដំបូង​បំផុត​ចាប់ពី​រដ្ឋប្រហារ​យោធា​កើតឡើង​ឆ្នាំ ២០១៤​។  

ចំណែក គណបក្ស​រក្សា​ជាតិ​ថៃ ដែលមានម្ចាស់ក្សត្រិយ៍ រាជកញ្ញា ជាបេក្ខជន​នាយករដ្ឋមន្ត្រីនេះ ជា​បក្ស​មួយ​ក្នុងចំណោម​បក្ស​ជាច្រើន​ផ្សេងទៀត​ដែល​រណប​បក្ស​ភឿ​ថៃ​ដែលគ្រប់គ្នាស្គាល់ថា ជាបក្ស​ឈ្នះ​រាល់​ការបោះឆ្នោត​ទាំងអស់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ​មកនេះ។ មកដល់​ឥឡូវនេះ​លោក ថាក់ស៊ីន​បន្ត​ដឹកនាំ​បក្ស​នេះ​ពី​ចម្ងាយ បន្ទាប់​ពីនិរទេសខ្លួនទៅបរទេស​​​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០០៦ ​ដែរ​។​

យ៉ាងណាក៏ដោយ​អ្នកតាមដាន​នយោបាយ​ថៃ​បានបង្ហាញ​ចម្ងល់ ការចូល​ប្រឡូក​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ស​មា​ជិ​ក​ក្រុមគ្រួសារ​រាជរ​ង្ស​ថៃ​អង្គ​នេះ  ដ្បិត​មហាក្សត្រ និង​ក្រុមគ្រួសារ​រាជវង្ស​គឺ​ស្ថិតក្រោម​ការពារ​ដោយ​ច្បាប់​ការពារ​ការប្រមាថ​ព្រះមហា​ក្ស​ត្ស​។ គេ​មិនទាន់​អាច​ដឹង​នៅឡើយ​ទេ​ថា ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ ត្រូវបាន​ការពារ​ដោយ​ច្បាប់​នេះ​ដូច​សមាជិក​រាជរ​ង្ស​ឯទៀត​ឬ​អត់​ឡើយ​។​
 
​បើសិនជា​ទ្រង់​ស្ថិតក្រោម​ការការពារ​ដោយ​ច្បាប់​នោះ ចម្ងល់​ធំ​មួយ​លេចឡើង​គឺ តើ​អ្នកនយោបាយ​ដទៃ​អាច​ចាត់ទុក​ទ្រង់​ជា​អ្នកនយោបាយ​សាមញ្ញ​ធម្មតា​ឬក៏​យ៉ាងណា ហើយ​វា​នឹង​អាច​ប៉ះពាល់​ដល់​ការជជែក​ដេញដោល​គ្នា និង​ការទិតៀន​គ្នា​ទៅវិញទៅមក​ក្នុង​យុទ្ធនា​ការស្វែងរក​សំឡេងឆ្នោត​បែបណា​ទៅវិញ​។ 
 
​ត្រឡប់មកវិញ ម្ចាស់​ក្សត្រិយ៍ រាជកញ្ញា​​ បានប្រសូត្រនៅក្នុងឆ្នាំ ១៩៥១ នៅទីក្រុង Laussane ប្រទេសស្វ៊ីស។ ទ្រង់បានបញ្ចប់​ការសិក្សាផ្នែក​គីមីជីវៈនៅវិទ្យាស្ថាន​បច្ចេកវិទ្យា ម៉ាសាឈូសេត សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ១៩៧៣។ ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័ត្ន​ន៍​មានឈ្មោះ​បោះ​សំឡេង​ដោយសារ​សកម្មភាព​សាធារណៈ​របស់​ទ្រង់ រួមជាមួយ​សំដែង ការ​ច្រៀង និង​ការតុបតែង​ខ្លួន​បែប​ទំនើបនិយម​ផងដែរ​ ហើយម្យ៉ាង ទ្រង់ក៏​ធ្លាប់​ប្រឆាំងតតាំងនឹង​ទំនៀមទម្លាប់​ប្រពៃណី​របស់​រាជរ​ង្ស​ក្នុងសង្គមថៃដែរ​។

​ក្នុង​ឆ្នាំ ១៩៧២ ទ្រង់​បានសម្រេច​ព្រះ​ទ័យ​បោះបង់ចោល​ឋានៈដើម្បី​រៀបការ​ជាមួយ​​ជនជាតិ​អាមេរិក​ម្នាក់។ ប៉ុន្តែ​ក្រោយមក​ទ្រង់​បាន​លែងលះគ្នា ដោយមានបុត្របីនាក់ មុន​ត្រឡប់មក​ថៃ​វិញ​ដើម្បី​រស់នៅក្នុង​ជីវ​ភាពជាសែស្រឡាយរាជវង្សា​នុ​វង្ស​មកដល់​សព្វ​ថ្ងៃ​។  

​ដោយឡែក ម្ចាស់ក្សត្រីយ៍អង្គនេះ​ក៏មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ ស៊ីណា​វ៉ា​ត់ ដែរ​។ តាម​បណ្តាញ​សង្គម ទ្រង់​ប្រើប្រាស់​សញ្ញា​មួយចំនួន​ដែលមាន​និន្នាការ​ទៅ​គ្រួសារ​ស៊ីណា​វ៉ា​ត់ ទោះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​របប​សឹក​ក៏ដោយ​។ តាម​ទីភ្នាក់ងារ AFP គេ​ធ្លាប់​ឃើញ ម្ចាស់​ក្សត្រិយ៍​អង្គ​នេះ​អង្គុយ​សើច​ជាមួយ​លោក ថាក់ស៊ីន និង​លោកស្រី យី​ង​ឡាក់ នៅ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​ឆ្នាំ ២០១៨​ ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com