សម្រាប់កត្តាដែលធ្វើឱ្យក្រុមហ៊ុនជោគជ័យវិញ គេមិនអាចរកឃើញជាកត្តា ឬចំនុចរួមបានទេ ជោគជ័យរបស់ក្រុមហ៊ុននីមួយៗ អាចមិនដូចគ្នា ឬវាប្លែកៗពីគ្នា។ ក៏ប៉ុន្តែសម្រាប់កត្តារួមមួយដែលធ្វើឱ្យក្រុមហ៊ុន ឬអាជីវកម្ម បរាជ័យ ដួលរលំ ឬរលាយវិញ លោក Richard W. Buchanan និយាយថា “បុគ្គលិក គឺជាមូលហេតុតែមួយគត់ជាសកលដែលធ្វើឱ្យអាជីវកម្មបរាជ័យ” ។
គ្មានក្រុមហ៊ុនណាកើតឡើង និងដំណើរការបានដោយគ្មានបុគ្គលិកនោះទេ។ មិនមែនក្រុមហ៊ុនទេ គឺបុគ្គលិកដែលជាអ្នកផលិត និងផ្តល់សេវាកម្មជូនអតិថិជន។ ដូច្នេះ បើក្រុមហ៊ុន បរាជ័យ ឬរលាយបាត់ មិនត្រូវបន្ទោសក្រុមហ៊ុនទេ គឺបុគ្គលិក ជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។
លោក Richard បញ្ជាក់បន្ថែមថា ក្រុមហ៊ុន មិនមែនបរាជ័យដោយសារស្នាដៃ “អ្នកក្រៅ” នោះទេ មិនមែនគូប្រកួតគេវៃយើងឱ្យដេកនោះទេ។ ក្រុមហ៊ុនដួលរលំ ឬរលាយដោយសារតែស្នាដៃ ”អ្នកខាងក្នុង គឺបុគ្គលិក” របស់ក្រុមហ៊ុនខ្លួនឯងដែលបង្កើតជាបញ្ហាដល់អតិថិជនឱ្យដើរចេញទៅរកក្រុមហ៊ុន ឬ អ្នកផ្គត់ផ្គង់ផលិតផល ឬសេវាកម្មផ្សេងទៀត។
និយាយឱ្យស្រួលស្តាប់ ប្រសិនបើមានអាជីវកម្មចំនួន ១០ បើកថ្មី ហើយ ១០ ឆ្នាំក្រោយមក នៅសល់អាជីវកម្មតែ ១ ឬ ២ ឬ ៣ យ៉ាងច្រើនបំផុតប៉ុណ្ណោះ ហើយអាជីវកម្ម ៧, ៨ ឬ ៩ ទៀតដេក ឬបិទអស់ដោយសារហេតុផលដូចគ្នា ឬផ្សេងៗគ្នា។ ជាពិសេសទៅទៀតនោះ កុំថាឡើយនៅស្រុកខ្មែរយើង សូម្បីតែនៅលើពិភពលោកនេះ ក៏មិនមានក្រុមហ៊ុនច្រើនដែលអាចរស់ ឬឆ្លងផុតអាយុជាងមួយ សតវត្ស ឬជាង ១០០ ឆ្នាំណាស់។ ដូច្នេះហើយបានជាលោក Carl Sagan និយាយថា “ការស្លាប់ផុតពូជ គឺជាច្បាប់ ហើយការរស់រានមានជីវិតតទៅទៀត គឺជាករណីពិសេស Extinction is the rule. Survival is the exception”។ លោក Charles Darwin ក៏និយាយដែរថា “វាមិនមែនអំបូរដែលខ្លាំងជាងគេបំផុត ហើយក៏មិនមែនអំបូរដែលឆ្លាតជាងគេបំផុតទេដែលអាចរស់នៅមិនផុតពូជបាននោះ ប៉ុន្តែវាជាអំបូរដែលអាចឆ្លើយតបចំពោះការផ្លាស់ប្តូរ It is not the strongest of species that survive, not the most intelligent, but the one most responsive to change.”
ក្នុងការគ្រប់គ្រង ដឹកនាំ រៀបចំ និងចាត់ចែងអាជីវកម្មក្រុមហ៊ុន និងធ្វើការងារ ប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម និងបុគ្គលិកមានកំហុស ឬចំនុចអវិជ្ជមានមួយចំនួនដែលធ្វើឱ្យបរិយាកាសនៅកន្លែងធ្វើការអាប់អួរ ហើយអាចនាំដល់បរាជ័យ ឬការដួលរលំរបស់ក្រុមហ៊ុន ឬអាជីវកម្មទាំងស្រុងតែម្តង ៖
- ចំណុចអវិជ្ជមានរបស់មេដឹកនាំ ឬថៅកែ
១- ការដឹកនាំដោយគ្មានគោលការណ៍ត្រឹមត្រូវ ដឹកនាំច្រើនប្រើអារម្មណ៍ផ្ទាល់ខ្លួន ច្រើនប្រើអំណាច (អញ) ជាមេ
២- ស្រឡាញ់ ឬឱ្យតម្លៃបុគ្គលិកមិនស្មើគ្នា (ចំពោះបុគ្គលិកល្អក្នុងការងារដូចគ្នា)លម្អៀងផ្នែកអារម្មណ៍ចំពោះបុគ្គលិក
៣- បង្កើតភាពអយុត្តិធម៌ក្នុងការដំឡើងតំណែងចំពោះបុគ្គលិក គ្មានគោលការណ៍ និងលក្ខខណ្ឌពិតប្រាកដ
៤- ប្រើប្រាស់ពាក្យអសុរោះចំពោះបុគ្គលិក
៥- ស្តីបន្ទោសបុគ្គលិករហូត តែមិនដែលបង្រៀន ឬណែនាំខ្លួនឯងឡើយ
៦- ប្រើគំនិតចាត់ទុកបុគ្គលិកជាអ្នកស៊ីឈ្នួល មិនចាត់ទុកជាចលកររបស់ក្រុមហ៊ុន
៧- ឆេវឆាវ ឆាប់ខឹង មិនដឹងក្បាលកន្ទុយ ដែលពាក្យខ្មែរសាមញ្ញច្រើនគេនិយាយថា «ត្រចៀកស» មានន័យថា ឆាប់ជឿការញុះញង់របស់អ្នកដទៃ
៨- ជឿដោយគ្មានការពិចារណា និងដោយគ្មានហេតុផល
៩- មិនឱ្យតម្លៃបុគ្គលិកធ្វើការជាមួយទេ តែច្រើនលើកសរសើរបុគ្គលិកនៅក្រុមហ៊ុនដទៃ
១០- បង្កើតគំនិតបៀតបៀនកេរ្តិ៍ខ្មាស
១១- មិនតែងតាំងបុគ្គលិកខាងក្នុងទេ តែច្រើនផ្តល់តំណែងខ្ពស់ឱ្យមនុស្សមកពីខាងក្រៅដែលអាចបង្កើតជាទំនាស់ផ្ទៃក្នុងក្រុមហ៊ុន
- កំហុសឆ្គងរបស់បុគ្គលិក
១- ខ្ជិលធ្វើការ តែចង់បានប្រាក់ខែច្រើន
២- មិនចង់ទទួលខុសត្រូវ តែចង់ឡើងតំណែង
៣- មិនស្មោះត្រង់នឹងក្រុមហ៊ុន (កេងលុយក្រុមហ៊ុន កេងម៉ោងធ្វើការ បំផ្លាញផលប្រយោជន៍ក្រុមហ៊ុន។ល។)
៤- ពូកែចាក់ចូចឱ្យក្រុមការងារបែកបាក់ រារាំងមិនឱ្យក្រុមហ៊ុនរីកចម្រើន បុគ្គលិកបែបនេះ គេច្រើនហៅថា បុគ្គលិក «ដង្កូវ» គិតតែពីការច្រណែនបុគ្គលិកគ្នាឯង
៥- និយាយដើមក្រុមហ៊ុនខ្លួនឯងប្រាប់ក្រុមហ៊ុនដទៃ
៦- មិនអភិវឌ្ឍបន្តចំណេះដឹងជំនាញរបស់ខ្លួន
៧- ខ្វះជំនាញទន់ (ខ្វះសីលធម៌ គុណធម៌ និងសច្ចធម៌)
៨- គ្មានគំនិតបង្កើតថ្មី
៩- ធ្វើការលំៗ អបៗតែគេ ខ្វះឆន្ទៈ ខ្វះការតាំងចិត្ត ខ្វះភាពហ្មត់ចត់ និងខ្វះការតស៊ូ
១០- ធ្វើការដោយគ្មានក្តីស្រឡាញ់ការងារ
(ប្រសិនបើលោកអ្នកមានបំណងចង់ជាវសៀវភៅនេះ សូមអញ្ជើញទាក់ទងអ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧។)